តើអ្វីទៅដែលធ្វើឲ្យអំពូលអ៊ុយមានប្រៀបជាងអំពូលរាងមូល ?
អំពូលអ៊ុយឬអំពូលម៉ែត្រគឺជាគំរូនៃការវិវត្តរបស់ឧបករណ៍ផ្ដល់ប្រភពពន្លឺបន្ទាប់ពីអំពូលមានរាងមូលបែបបុរាណ។ អំពូលម៉ែត្របានចូលមកកែសម្រួលលក្ខណៈរបស់អំពូលមានរាងមូលបែបបុរាណដែលខាតបង់ថាមពលអគ្គិសនីជាច្រើនបញ្ចេញទៅលើកម្ដៅជាជាងបម្លែងថាមពលអគ្គិសនីបញ្ចេញជាពន្លឺសម្រាប់ប្រើការជាប្រយោជន៍ទៅវិញ ជាលទ្ធផលធ្វើឲ្យអំពូលអ៊ុយចំណេញថវិកាច្រើនជាង។ ប្រៀបនឹងអំពូលបុរាណ អំពូលអ៊ុយមានប្រសិទ្ធភាពជាង៤ទៅ៥ដងឯណោះ។ ដូច្នេះតើក្នុងអំពូលអ៊ុយមានអ្វីខ្លះទើបអាចឲ្យវាមានប្រៀបជាងអំពូលបុរាណ ?
តាមពិតទៅអំពូលអ៊ុយមានផ្ទុកនូវសារធាតុបារត ដែលជាសារធាតុបំពុលនិងផ្ដល់គ្រោះថ្នាក់ខ្ពស់ចំពោះសុខភាពរបស់មនុស្ស។ ប៉ុន្តែ អំពូលភ្លើងរបស់អ្នកនេះមានផ្ទុកនូវសារធាតុបារតតិចតួចបំផុត តាមធម្មតាប្រមាណជា៤មិល្លីក្រាមប៉ុណ្ណោះ ប្រៀបនឹងទែរម៉ូមែត្របុរាណសម្រាប់វាស់សីតុណ្ហភាពដែលមានរហូតដល់ទៅ៥០០មិល្លីក្រាមនៃជាតិបារត។ ចំពោះផលប៉ះពាល់ បើអំពូលភ្លើងអ៊ុយរបស់អ្នកមិនមានបែកស្រាំនោះទេ វាពុំមានអ្វីគួរឲ្យព្រួយបារម្ភនោះឡើយ។ បើបារតមានជាតិពុលបែបនេះ ហេតុអ្វីក៏គេនៅតែប្រើប្រាស់វា និងមិនជំនួសធាតុគីមីអ្វីផ្សេងមកវិញ ? នៅពេលអ្នកចុចកុងតាក់ភ្លើង ចរន្តនឹងបញ្ជូនពីសៀគ្វីអគ្គិសនីចូលទៅកាន់អេឡិចត្រូតនៅចុងសងខាងក្នុងអំពូលភ្លើងរបស់អ្នក។ បារតដែលមានភាពរូបដើមរបស់វាក្នុងទម្រង់ជាអង្គធាតុរាវ នឹងបម្លែងជាឧស្ម័ននៅពេលកម្ដៅពីចរន្តអគ្គិសនីបញ្ជូនមកបានដល់កំណត់លក្ខខណ្ឌដែលវាត្រូវប្រែប្រួល។ ហេតុនេះហើយពេលអ្នកបើកកុងតាក់ដំណើរការណ៍បំភ្លឺអំពូលភ្លើងដំបូង វានឹងស៊ីភ្លើងប្រមាណជា២០០ទៅ៦០០តង់ស្យុង។ ប៉ុន្តែឧស្ម័នបារតចាំបាច់សម្រាប់ប្រើការមានបរិមាណតិចតួចប៉ុណ្ណោះ ព្រោះនៅក្នុងនោះមានប្រភេទឧស្ម័នកម្រដែលជាទូទៅគេប្រើឧស្ម័នអាកុងដើម្បីរួមបញ្ចូលគ្នាជាមួយឧស្ម័នបារត។ នៅពេលថាមពលពីចរន្តអគ្គិសនីខ្លាំងគ្រប់គ្រាន់ នោះថាមពលទាំងនេះនឹងផ្ទេរថាមពលដល់អេឡិចត្រុងរបស់ឧស្ម័នទាំងនេះដើម្បីឲ្យវាលោតឡើងទៅកាន់ស្រទាប់ដែលមានកម្រិតថាមពលខ្ពស់ជាងស្រទាប់ដើមរបស់វា។
អេឡិចត្រុងដែលទទួលបានថាមពលពីខាងក្រៅគ្រប់គ្រាន់ដើម្បីលោតឡើងទៅកាន់ស្រទាប់ដែលមានថាមពលខ្ពស់ អេឡិចត្រុងដដែលនេះនឹងធ្លាក់មកស្រទាប់ថាមពលដើមរបស់វាវិញ ព្រោះស្រទាប់ថាមពលខ្ពស់មិនមានភាពនឹងន។ នៅពេលដែលអេឡិចត្រុងធ្លាក់មកវិញ ថាមពលដែលវាទទួលបានប៉ុន្មានពីគេមកនោះថាមពលប៉ុននោះដដែលនឹងបញ្ចេញទៅវិញ ដែលថាមពលដែលអេឡិចត្រុងបញ្ចេញទៅវិញនេះឯងដែលបញ្ចេញជាពន្លឺ។ បញ្ហាស្ថិតនៅត្រង់ថាអេឡិចត្រុងរបស់ឧស្ម័នបារតរួមនឹងឧស្ម័នអាកុងនេះនៅពេលទទួលបានថាមពលពីចរន្តអគ្គិសនីហើយ ថាមពលដែលវាបញ្ចេញទៅវិញគឺជាពន្លឺកាំរស្មីស្វាយអ៊ុលត្រា ដែលពុំអាចមើលឃើញដោយភ្នែកមនុស្ស។ ហេតុនេះទើបបានជាក្នុងអំពូលម៉ែត្រនិងអំពូលអ៊ុយទាំងអស់តែងតែមានផ្ទុកនូវល្បាយហ្វូស្វ័រដែលមានទម្រង់ជាម្សៅ ពីព្រោះហ្វូស្វ័រមានលក្ខណៈពិសេសត្រង់ថាអេឡិចត្រុងរបស់ល្បាយហ្វូស្វ័រនឹងទទួលបានថាមពលពីកាំរស្មីស្វាយអ៊ុលត្រាដែលបញ្ចេញមកដោយបារត នៅពេលអេឡិចត្រុងរបស់វាធ្លាក់ទៅវិញ វានឹងបញ្ចេញថាមពលលើសទៅជាពន្លឺមើលឃើញ ដែលជាពន្លឺពណ៌សដែលអាចមើលឃើញនឹងភ្នែកមនុស្សបាននេះឯង។ ពន្លឺមើលឃើញមានថាមពលទាបជាងកាំរស្មីស្វាយអ៊ុលត្រា ដូច្នេះតើថាមពលបានបាត់បង់ទៅណាក្នុងដំណាក់កាលនេះ ? ថាមពលនេះគឺត្រូវបានបម្លែងជាកម្ដៅដែលបញ្ចេញពីអំពូលភ្លើង។ នេះគឺជាមូលហេតុសំខាន់មួយដែលអំពូលអ៊ុយនិងអំពូលម៉ែត្រមានប្រៀបជាងអំពូលរាងមូលបុរាណ ព្រោះអំពូលបុរាណបានបម្លែងថាមពលពីកាំរស្មីស្វាយអ៊ុលត្រាភាគច្រើនចោលទៅលើកម្ដៅ និងតិចតួចបានបម្លែងជាពន្លឺសម្រាប់ប្រើការមានប្រយោជន៍៕
ដោយ៖ ស្រីពៅ