អ្នកគួរត្រៀមយ៉ាងណាប្រសិនអ្នកចង់សិក្សានៅវិទ្យាស្ថានភាសាបរទេសយ៉ាងជោគជ័យ?
វិទ្យាស្ថានភាសាបរទេសដែលមានវ័យចំណាស់និងល្បីល្បាញមួយក្នុងទីក្រុងភ្នំពេញបានបណ្ដុះបណ្ដាលធនធានមនុស្សរាប់លាននាក់មកហើយ។ ជារៀងរាល់ឆ្នាំ សិស្សានុសិស្សជាច្រើនបានដាក់ពាក្យប្រឡងដើម្បីទទួលបានសិទ្ធក្នុងការរៀនក្នុងវិទ្យាស្ថានមួយនេះ។ ប្រសិនអ្នកមានបំណងចង់សិក្សានៅទីនេះ អ្នកគួរត្រៀមលក្ខណៈឲ្យបានរួចរាល់ដូចចំណុចខាងក្រោម៖
១) ជ្រើសរើសមុខជំនាញ៖ វិទ្យាស្ថានភាសាបរទេសផ្ដោតទៅលើភាសាបរទេសដូចជាអង់គ្លេស ចិន ជប៉ុន ថៃ បារាំងនិងសិក្សាអន្តរជាតិ។ ដូច្នេះហើយ ជាដំបូងអ្នកត្រូវធ្វើការសម្រេចចិត្តសិនតើអ្នកចង់រៀននូវជំនាញមួយណា។
២) ទិញនិងដាក់ពាក្យ៖ ក្រោយពីមានជំនាញដែលអ្នកចង់រៀនហើយ អ្នកគួរទៅសាលាដើម្បីទិញពាក្យនិងដាក់ពាក្យ។ បន្ថែមពីលើនេះ រាល់ព័ត៌មានដែលអ្នកតម្រូវឲ្យបំពេញគឺត្រូវភាពច្បាស់លាស់ព្រោះអ្នកមិនអាចកែប្រែវិញទេ។ ឧទាហរណ៍ថាអ្នកដាក់វេនរៀនពេលព្រឹក ប្រសិនអ្នកប្រឡងជាប់ អ្នកត្រូវតែរៀនវេនពេលព្រឹក។
៣) ធ្វើលំហាត់ឲ្យបានច្រើន៖ ជាធម្មតា អ្នកដែលចង់សិក្សាផ្នែកភាសាអង់គ្លេសនិងសិក្សាអន្តរជាតិទើបមានការប្រកួតប្រជែងខ្លាំង។ ដូច្នេះហើយ ប្រសិនអ្នកចង់សិក្សាភាសាអង់គ្លេស អ្នកគួរតែរៀនធ្វើលំហាត់ TOEFLឲ្យបានច្រើន ឯអ្នកចង់សិក្សាផ្នែកសិក្សាអន្តជាតិ អ្នកគួរតែពង្រឹងចំណេះដឹងទូទៅនិងស្វែងយល់ពីព្រឹត្តិការណ៍ពិភពលោក។
៤) បញ្ចេញឲ្យអស់ពីលទ្ធភាព៖ នាថ្ងៃប្រឡង ចូរអ្នកកុំបែបអារម្មណ៍ឲ្យសោះ។ ផ្ទុយទៅវិញ អ្នកគួរតែផ្ដោតអារម្មណ៍ទៅលើវិញ្ញាសាប្រឡងនិងបញ្ចេញឲ្យអស់ពីសមត្ថភាព។ ជាចុងក្រោយ Bizkhmerសូមជូនពរអ្នកទាំងអស់គ្នាសំណាងល្អនិងប្រលងជាប់៕
ដោយ៖ អុឹង មុយយូ