សាកលវិទ្យាល័យ Oxford ជាប់លេខ១ ខណៈ Harvard ធ្លាក់ដល់លេខ៦
នាពេលថ្មីៗនេះ ទស្សនាវដ្តី Times Higher Education (THE) បានបញ្ចេញនូវរបាយការណ៍វាយតម្លៃ ចំណាត់ថ្នាក់សាកលវិទ្យាល័យនៅលើពិភពលោក សម្រាប់ឆ្នាំ ២០១៧ និង ២០១៨។ ការធ្វើចំណាត់ថ្នាក់នេះ គឺ ផ្អែកទៅលើការបង្រៀន ការស្រាវជ្រាវ ការផ្ទេរចំណេះដឹង និង ទស្សនៈអន្តរជាតិ។
នៅក្នុងរបាយការណ៍នោះ គ្រឹះស្ថានអប់រំកម្រិតឧត្តមសិក្សាចំនួនពីររបស់សហរដ្ឋអាមេរិកដែលធ្លាប់តែឈរ នៅលេខរៀងទី១ និង ទី២ បានធ្លាក់ មកលេខរៀងទី៣ និង ទី៦ ក្នុងបញ្ជីចំណាត់ថ្នាក់សម្រាប់ឆ្នាំ២០១៨ ក្នុងនោះមានសាកលវិទ្យាល័យ Harvard (លេខ១ ក្នុងឆ្នាំ២០១៦ និង លេខ៦ ក្នុងឆ្នាំ២០១៨) និង វិទ្យាស្ថានបច្ចេកវិទ្យាកាលីហ្វញ៉ា (California Institute of Technology) (លេខ២ ក្នុងឆ្នាំ២០១៦ និង ២០១៧ និង លេខ៣ ក្នុងឆ្នាំ២០១៨)។
ផ្ទុយមកវិញ ក្នុងបញ្ជីចំណាត់ថ្នាក់នោះ សាកលវិទ្យាល័យចំនួនពីររបស់ចក្រភពអង់គ្លេសបានទទួល ចំណាត់ថ្នាក់ លេខ១ និង លេខ២ ក្នុងនោះមាន សាកលវិទ្យាល័យ Oxford ទទួលបានចំណាត់ថ្នាក់លេខ១ និង សាកលវិទ្យាល័យ Cambridge ទទួលបានចំណាត់ថ្នាក់លេខ២ នៅក្នុងលោក។
បន្ថែមលើនេះទៅទៀត របាយការណ៍នោះក៏បានបង្ហាញផងដែរនូវមូលហេតុនៃការធ្លាក់ចុះពីលេខរៀងទី១ និង ទី២ របស់គ្រឹះស្ថានអប់រំកម្រិតឧត្តមសិក្សាចំនួនពីររបស់សហរដ្ឋអាមេរិក នោះគឺដោយសារតែការធ្លាក់ចុះ នៃចំណូលពីការស្រាវជ្រាវ និងភាពមិនច្បាស់លាស់នៃមូលនិធិសម្រាប់ការស្រាវជ្រាវ។ តែទោះបីជាយ៉ាងណាក៏ ដោយ ក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំង១០របស់ពិភពលោក សាកលវិទ្យាល័យរបស់សហរដ្ឋអាមេរិក នៅតែមានចំនួនច្រើនជាងគេ គឺមានរហូតដល់ទៅ៧ គ្រឹះស្ថាន។
ជាការពិតណាស់ ក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំង១០ ក្រៅពីសាកលវិទ្យាល័យរបស់សហរដ្ឋអា មេរិក និង ចក្រភពអង់គ្លេស គឺមានសាកលវិទ្យាល័យមួយផងដែររបស់ប្រទេសស្វីសដែលមានចំណាត់ថ្នាក់លេខ ៩ ក្នុងឆ្នាំ ២០១៦ និង ២០១៧ ហើយជាប់ចំណាត់ថ្នាក់លេខ ១០ ក្នុងឆ្នាំ ២០១៨។ សាកលវិទ្យាល័យនោះមាន ឈ្មោះថា ETH Zurich – Swiss Federal Institute of Technology Zurich៕
ដោយ៖ ប៉ុម ទូច