៤ ចំណុចងាយៗ អាចសន្សំប្រាក់ទិញម៉ូតូបានដោយខ្លួនឯង!
ការសន្សំប្រាក់គឺមិនងាយស្រួលទេសម្រាប់យុវជនមួយចំនួនសម័យឥឡូវ។ មានយុវជនច្រើនណាស់តែងតែសុំប្រាក់ពីឪពុកម្តាយរបស់គាត់ដើម្បីទិញរបស់អ្វីមួយ។ ប៉ុន្តែប្អូនប្រុស នូ ឆនសុខបញ្ញា មានបទពិសោធន៍ខុសពីយុវជនដទៃ គាត់អាចសន្សំប្រាក់ទិញម៉ូតូដោយខ្លួនឯង។ បញ្ញា បានឲ្យដឹងថា វាមិនមែនជារឿងងាយទេដែលសន្សំប្រាក់ដើម្បីទិញម៉ូតូមួយ គាត់ត្រូវមានគោលដៅច្បាស់លាស់ និងមានឆន្ទៈខ្ពស់ក្នុងការសន្សំ។ បញ្ញាបានចែករំលែកវិធីសាស្ត្របួនចំណុចដែល ធ្វើឲ្យគាត់សន្សំប្រាក់ទិញម៉ូតូបានជោគជ័យ៖
១. យកប្រាក់ខែទៅផ្ញើនៅម្តាយ៖ បញ្ញាបានពន្យល់ដូចនេះថា ការយកប្រាក់ទៅផ្ញើនៅម្តាយគឺសំខាន់ណាស់ប្រសិនបើយើងមានចិត្តចង់សន្សំប្រាក់។ ព្រោះប្រសិនបើប្រាក់នៅក្នុងខ្លួន យើងអាចដកចាយពេលណាក៏បាន។
២. បែងចែកចំណាយជាពីរចំណែក (ចំណាយចាំបាច់ និងចំណាយមិនចាំបាច់)៖ យើងត្រូវដឹងថា តើចំណាយមួយណាជាចំណាយចាំបាច់ និងមិនចាំបាច់។ ចំណាយចាំបាច់មានដូចជា៖ ថ្លៃញាំុ ថ្លៃធ្វើដំណើរ របស់របរប្រើប្រាស់ដែលមិនអាចខ្វះបាននៅក្នុងផ្ទះ ។ល។ ចំណាយទាំងអស់នេះគឺយើងមិនអាចកាត់បានទេ។ ចំពោះចំណាយមិនចាំបាច់មានដូចជា៖ ទិញសម្លៀកបំពាក់ និងទូរស័ព្ទថ្លៃ ញាំុអាហារនៅភោជនីយដ្ឋានថ្លៃៗ ជួបជុំមិត្តភក្តិញឹកញាប់ពិសាគ្រឿងស្រវឹង ដំណើរកម្សាន្តរៀងរាល់សប្តាហ៍។ល។
៣. ចំណាយប្រចាំខែមិនឲ្យលើសពី៤០%នៃប្រាក់ចំណូល៖ យើងមានគោលបំណងច្បាស់លាស់ហើយថា យើងចង់បានម៉ូតូថ្មីមួយក្នុងរយៈពេល២ឆ្នាំ។ ដូច្នេះយើងអាច កំណត់ខ្លួនឯងក្នុងការចំណាយប្រចាំខែ។ ចំពោះប្អូនបញ្ញាវិញ ប្អូន កំណត់ការចំណាយគឺមិនឲ្យលើកពី៦០%នៃប្រាក់ចំណូល។
៤. មើលផលអវិជ្ជមានឲ្យច្រើនជាងផលវិជ្ជមានលើរបស់ដែលយើងចង់ទិញ៖ បញ្ញាបានឲ្យដឹងថា ជាទូទៅរបស់អ្វីមួយដែលយើងចង់ទិញ វាតែងតែមានផលវិជ្ជមាន និងអវិជ្ជមាន។ ប្រសិនបើយើងចង់សន្សំប្រាក់ យើងត្រូវតែផ្តោតលើផលអវិជ្ជមាន។ ការផ្តោតតែទៅលើផលអវិជ្ជមាននេះធ្វើឲ្យយើងលែងចង់បានវា៕
ប្រភព៖ អេ អឹម ខេ