តើអតីតCEOរបស់Microsoft លោក Steve Ballmer មានដំបូន្មានការងារអ្វីទុកសម្រាប់ជនជំនាន់ក្រោយ ?​



នៅ​ពេល​និយាយ​ទៅ​ដល់​ក្រុមហ៊ុន Microsoft អ្នក​ប្រាកដ​ជា​តែងតែ​នឹក​ឃើញ​ដល់​លោក ប៊ីល ហ្គេត ដែល​ជា​ស្ថាបនិក​ដែល​ពោរពេញ​ដោយ​ទេពកោសល្យ​និង​ភាព​ច្នៃប្រឌិត​មួយ​រូប​របស់ Microsoft។ ប៉ុន្តែ នៅ​ក្នុង​នោះ​ក៏​មាន​អ្នក​រួម​ចំណែក​ដ៏​មាន​ទេពកោសល្យ​ជាច្រើន​នាក់​ទៀត ដែល​ក្នុង​នោះ​គឺ​លោក Steve Ballmer ដែល​ត្រូវ​បាន​លោក ប៊ីល ហ្គេត ប្រគល់​តំណែង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​របស់ Microsoft ចាប់​ពី​ឆ្នាំ​២០០០​រហូត​ដល់​ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ផង​ដែរ។ បច្ចុប្បន្ន​នេះ​គាត់​គឺជា​ម្ចាស់​របស់​សមាគម​បាល់ទាត់​ជាតិ (NBA) និង​ថែម​ទាំង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​បុគ្គល​ទី​២១​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​ទៀត​ផង។ អ្វី​ដែល​សំខាន់​នោះ​គឺ​គាត់​ក៏​បាន​ឲ្យ​ដំបូន្មាន​ការងារ​ដ៏​មាន​តម្លៃ​សម្រាប់​ជន​ជំនាន់​ក្រោយ​គាត់​ផង​ដែរ។ នៅ​ក្នុង​បទសម្ភាសន៍​មួយ​រវាង​លោក​ជាមួយ​នឹងBusiness Insider គាត់​បាន​លើកឡើង​ពី​សន្ទនា​ដែល​កូន​ប្រុស​របស់​គាត់​ធ្លាប់​និយាយ​ទៅ​កាន់​គាត់​ដូច្នេះ​ថា៖ "ប៉ា នៅ​លើ​លោក​នេះ​មាន​មនុស្ស​២ប្រភេទ ដែល​ប្រភេទ​ទី១​គឺជា​មនុស្ស​ដែល​រស់​ដើម្បី​ធ្វើការ រីឯ​មនុស្ស​ប្រភេទ​ទី២​គឺជា​មនុស្ស​ដែល​ធ្វើការ​ដើម្បី​រស់"។ ហើយ​គាត់​ក៏​បាន​និយាយ​ថា គាត់​ឲ្យ​តម្លៃ​ទៅលើ​ប្រភេទ​ទាំង២​នេះ​ដូចគ្នា។ យ៉ាងណាមិញ​បើ​សិន​ជា​អ្នក​ព្យាយាម​រក​ការងារ​ធ្វើ នោះ​អ្នក​គួរតែ​មាន​លក្ខណៈ​ដូច​មនុស្ស​ប្រភេទ​ទី១​ហើយ ដែល​ពួកគេ​គឺ​រស់​ដើម្បី​ធ្វើការ​ជាជាង​ធ្វើការ​ដើម្បី​រស់ ដែល​អត្ថន័យ​នេះ​ចង់​បញ្ជាក់​ថា អ្នក​ត្រូវ​តែ​ស្វែងរក​ការងារ​ណា​ដែល​អ្នក​ស្រឡាញ់​ពេញចិត្ត​នឹង​ធ្វើ​វា។ លើស​ពី​នេះ​ទៅ​ទៀត គាត់​ក៏​បាន​ផ្ដោត​សំខាន់​បន្ថែម​លើស​ពី​អ្វី​ដែល​គាត់​បាន​និយាយ​មក​ពី​ខាង​ដើម​មក​ដែរ​ថា អ្នក​ត្រូវ​តែ​មាន​លក្ខណៈ​ទាំង​៣​នេះ​ផង​ដែរ បើ​សិន​ជា​អ្នក​ចង់​ជោគជ័យ​នៅ​ក្នុង​ជីវិត​ការងារ​របស់​អ្នក ដែល​ទី១​គឺជា​ការ​ខិតខំ​ប្រឹងប្រែង ទី២​គឺជា​ភាព​ឈ្លាសវៃ​របស់​អ្នក​ក្នុង​ការ​រក​ឃើញ​នូវ​គំនិត​ថ្មី​ប្លែក និង​ចំណុច​សំខាន់​ទី៣​គឺ​អ្នក​ត្រូវ​ចេះ​ស្វែងរក​សំណាង​ឲ្យ​ខ្លួនឯង​នេះ​ឯង៕ ដោយ៖​ ស្រីពៅ
X
5s