ហេតុ​​អ្វី​បាន​កូរ៉េខាងជើង​ក្លាយ​ជា​ប្រទេស​​ឯកោ​ក្នុង​លោក?​



ប្រទេស​ដែល​មាន​ប្រជាជន​ប្រមាណ​ ២៤​លាន​នាក់​នេះ​ មិន​មែន​​ឯកោ​បន្ទាប់​ពី​បញ្ចប់​សង្គ្រាម​​ស៊ីវិល​នោះ​ទេ​ តាម​ពិត​ទៅ​​នៅ​មាន​មូលហេតុ​ជា​ច្រើន​ទៀត​ដែល​​ធ្វើ​ឱ្យ​កូរ៉េខាងជើង​មិន​សូវ​មាន​មិត្ត​នៅ​លើ​ឆាក​អន្តរជាតិ​ច្រើន​បែប​នេះ។ ​ខាង​ក្រោម​នេះ​ជា​ហេតុផល៖ ១) ​​កូរ៉េ​ជា​ប្រទេស​ឯកោ​​និយមតាំង​ពី​​សតវត្សរ៍​ទី​១៤​ម្ល៉េះ​ ​​កូរ៉េ​​មាន​ប្រវត្តិ​​​ផ្ដាច់​ខ្លួន​មិន​រាប់​រក​គេ​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ​ ​ពោល​គឺ​មុន​មាន​សង្គ្រាម​នៅ​ឧបទ្វីប​នេះ​ទៅ​ទៀត។ ​រាជវង្ស​ជូសុង​ ​ដែល​គ្រប់គ្រង​កូរ៉េ​តាំង​ពី​សតវត្សរ៍​ទី​១៤​ ដល់​ទី​ ២០​ ​​មិន​​រាប់​អាន​ប្រទេស​​ជិត​ខាង​នោះ​ទេ​ ពោល​គឺ​ដាក់​ប្រទេស​ឱ្យ​​នៅ​ឯកោ​​ពី​ពិភពលោក​ ​ក្នុង​ហេតុផល​ដើម្បី​ការពារ​ការ​ឈ្លានពាន​របស់​សត្រូវ​ផង​ និង​​ជឿ​ទៅ​លើ​ភាព​ខ្លាំង​​នៃ​វប្បធម៌​ខុងជឿ​ផង។ ​ការ​ធ្វើ​ដំណើរ​របស់​ជន​បរទេស​ទៅ​កាន់​កូរ៉េ​ត្រូវ​បាន​ហាម​​ឃាត់​ ​ក្នុង​នោះ​​រួម​បញ្ជូន​ទាំង​ប្រទេស​ជិត​ខាង​មាន​ចិន​ និង​ជប៉ុន​ផង។ ២) ​​គេ​ធ្វើ​ឱ្យ​កូរ៉េ​មាន​សង្គ្រាម​​យូរ​អង្វែង ​​បន្ទាប់​ពី​កូរ៉េ​បាន​​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​​បរទេស​នៅ​សតវត្សរ៍​ទី​២០​ ​សង្គ្រាម​​បាន​​ជំរុញ​ឱ្យ​​ខាង​ជើង​​ផ្ដាច់​ខ្លួន​ចេញ។ ជប៉ុន​បាន​ដាក់​កូរ៉េ​ទៅ​ក្នុង​ឧបសម្ពន្ធ​របស់​ខ្លួន​នៅ​ឆ្នាំ​១៩១០​។ ​ក្រោយ​ចប់​សង្គ្រាម​លោក​លើក​ទី​២​ ​​ជប៉ុន​ចាញ់​សង្គ្រាម​លោក​ ​កូរ៉េ​​ត្រូវ​បាន​បែង​ចែក​​ជា​ពីរ​ក្រោម​ការ​គ្រប់គ្រង​របស់​សហរដ្ឋ​អាមេរិក​ និង​​សហភាព​សូវៀត។ តាម​ពិត​ទៅ​កាល​នោះ​ ​ការ​បំបែក​ឧបទ្វីប​កូរ៉េ​ជា​ពីរ​នេះ​ គឺ​គ្រាន់​តែ​ជា​ដំណោះ​ស្រាយ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ​ ប៉ុន្តែ​ដោយ​សារ​​ឥទ្ធិពល​នៃ​​សង្គ្រាម​ត្រជាក់​ និង​ហេតុផល​ភូមិ​សាស្ត្រ​នយោបាយ​ផង​នោះ​ ធ្វើ​ឱ្យ​​មហា​អំណាច​ទាំង​ពីរ​មិន​អាច​ឈាន​ដល់​កិច្ច​ព្រមព្រៀង​បង្រួបបង្រួម​ប្រទេស​ទាំង​ពីរ​នោះ​បាន​នោះ​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​​ពីរ​បាន​កើត​ឡើង។ ​លោក​ ចូសេហ្វ​ ស្តាលីន​បាន​​ជ្រើស​រើស​ត្រកូល​គីម​ គឺ​លោក​ Kim II Sung ជា​ប្រមុខ​ដឹក​នាំ​កូរ៉េខាងជើង។ ​កម្លាំង​នៃ​សង្គ្រាម​ត្រជាក់​កាន់​​ក្ដៅ​ឡើង​ៗ​ ធ្វើ​ឱ្យ​បង​ប្អូន​ទាំង​ពីរ​​ផ្ទុះ​សង្គ្រាម​​នៅ​ឆ្នាំ​១៩៥០​ ​ខណៈ​ប្រទេស​កូរ៉េខាងជើង​រង​ការ​ខូចខាត​ពី​ការ​ទម្លាប់​គ្រាប់​បែក​ដោយ​កង​កម្លាំង​សហរដ្ឋ​​អាមេរិក​យ៉ាង​ដំណំ​។ ចាប់​តាំង​ពី​ចប់​សង្គ្រាម​មក​ កូរ៉េខាងជើង​បាន​​រស់​នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​មាន​​ការ​គម្រាម​កំហែង​សង្គ្រាម​ ដែល​ធ្វើ​ឱ្យ​លោក​ Kim Il Sung ​បង្កើត​ទ្រឹស្ដី​ ​"រស់​ដោយ​ខ្លួន​ឯង"ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​រហូត​ដល់​សព្វ​ថ្ងៃ។ ​ទ្រឹស្ដី​​រស់​នៅ​ដោយ​ខ្លួន​ឯង​ គឺ​សំដៅ​ទៅ​លើ​ ចំណុច​បី​គឺ​ «ឯករាជ្យ​​ផ្នែក​នយោបាយ​ ​ស្វយ័ត​​សេដ្ឋកិច្ច​​ និង​ស្វយ័ត​យោធា»។ ​នេះ​បើ​តាម​អ្នក​ស្រាវជ្រាវ​ការ​សិក្សា​ពី​​ឧបទ្វីប​កូរ៉េ​​​លោក​ ​Charles Armstrong។ ​ចាប់​តាំង​ពី​សហភាព​សូវៀត​ដួល​រលំ​មក​ កូរ៉េ​ខាង​​ជើង​កាន់​តែ​ឯកោ​ឡើង​ៗ​ ​ ស្រប​ពេល​ដែល​ក្រុង​ប៉េកាំង​បាន​បើក​ចំហ​ទៅ​លោក​ខាង​លិច។ ​កូរ៉េ​ខាង​ជើង​ចាប់​ផ្ដើម​បង្ហាញ​សាច់ដុំ​យោធា​របស់​ខ្លួន​ បន្ទាប់​ពី​ខ្លួន​​ផលិត​បាន​អាវុធ​នុយក្លេអ៊ែរ​។ ៣) ​តើ​កូរ៉េ​ខាង​ជើង​អាច​នឹង​បើក​ចំហ​​​​គោល​នយោបាយ​ការបរទេស​ទេ? ​មាន​ការ​លើក​ឡើង​ពី​ក្រុម​អ្នក​ជំនាញ​ថា​ ​កូរ៉េខាងជើង​អាច​នឹង​ដួល​រលំ​ ហើយ​ត្រូវ​កូរ៉េខាងត្បូង​លេប​ត្របាក់​យក​វិញ។ ​​ការ​ជ្រៀត​ចូល​ព័ត៌មាន​​ពី​ក្រៅ​ប្រទេស​ ការ​រើ​បម្រាស់​ខាង​ក្នុង​ ​អាច​នឹង​​ធ្វើ​​ឱ្យ​របប​ព្យុងយ៉ាង​អស្ថិរភាព​បើ​ទោះ​បី​ការ​វិភាគ​ទៅ​លើ​ពេល​វេលា​នៃ​ការ​ដួល​រលំ​មិន​ច្បាស់​លាស់​ក៏​ដោយ។ ​ទោះ​ជា​យ៉ាង​ណា​ បើ​សិន​ជា​មាន​ហេតុភេទ​កើន​ឡើង​បែប​នេះ​មែន​ នោះ​ក្រុង​ប៉េកាំង​នឹង​លូកដៃ​ ដែល​អាច​នឹង​ធ្វើ​​ឱ្យ​រដ្ឋាភិបាល​កូរ៉េខាងជើង​មាន​របប​ថ្មី​ដែល​ទោរទន់​ទៅ​រក​ចិន​ ឬ​ក៏​រដ្ឋាភិបាល​ចាស់​នៅ​រស់​រាន​​ប៉ុន្តែ​ត្រូវ​ត្រដរ​អភិវឌ្ឍ​សេដ្ឋកិច្ច៕ ដោយ៖ រតនៈ​វិភូ ប្រភព៖ huffingtonpost
X
5s