ហេតុអ្វីជំនាញទន់មានសារៈសំខាន់ ?​



ដើម្បីទទួលបានការងារនិងរក្សាលំនឹងការងារបានយ៉ាងមានស្ថិរភាព អ្នកប្រាកដជាត្រូវមានជំនាញបច្ចេកទេសដែលចាំបាច់សម្រាប់តួនាទីនីមួយៗដោយឥតសង្ស័យ។ ជាឧទាហរណ៍ ពេទ្យធ្មេញត្រូវចេះដាក់ធ្មេញត្រង់ចន្លោះដែលមានប្រហោង លេខាត្រូវចេះវាយអក្សរក្នុងកុំព្យូទ័រឲ្យបានលើសពី១០០ពាក្យរៀងរាល់នាទីជាដើម។ ប៉ុន្តែបើអ្នកងាកមកមើលទិដ្ឋភាពរួមនៃចំណុចនេះវិញ បើជំនាញបច្ចេកទេសរបស់ពេទ្យធ្មេញទាំងពីរនាក់នេះមានប្រហាក់ប្រហែលគ្នា តែក្នុងចំណោមពួកគេមានម្នាក់ពេញចិត្តនឹងចំណាយពេលវេលារបស់គេដើម្បីឆ្លើយនឹងសំណួរអ្នក និងម្នាក់ទៀតព្យាបាលអ្នកដោយប្រញាប់ប្រញាល់ព្រោះតែមានមនុស្សជាច្រើនឈរតម្រង់ជួរចាំទទួលការព្យាបាល។ តើអ្នកនឹងមានការទោរទន់ទៅទទួលការព្យាបាលពីម្នាក់ណាជាង ? ត្រង់ចំណុចនេះបានបង្ហាញយ៉ាងជាក់ច្បាស់ពីគុណតម្លៃនៃជំនាញទន់ដោយឥតប្រកែកបាន។ ដូចសម្ដីរបស់John Woodenបានលើកឡើងថា៖ "សមត្ថភាពអាចនឹងនាំអ្នកទៅកាន់ទីខ្ពស់ ប៉ុន្ដែវាត្រូវការអត្តចរិតរបស់អ្នកដើម្បីទ្រទ្រង់អ្នកឲ្យនៅទីនោះបាន"។ ភាពចាំបាច់សម្រាប់បង្កើតសមិទ្ធផលដ៏អស្ចារ្យក្នុងក្រុមហ៊ុនមួយ ទាមទារឲ្យអ្នកមានក្រមសីលធម៌ក្នុងការងារ ឥរិយាបថល្អ ជំនាញក្នុងការទាក់ទង ការបំផុសទឹកចិត្ត ការចេះដោះស្រាយបញ្ហា និងការសាងក្រុមមួយប្រកបដោយស្មារតីសហការគ្នាបានល្អ។ អ្វីដែលជាឬសគល់បញ្ហាក្នុងការផលិតធនធានមនុស្សដើម្បីសាងភាពជោគជ័យក្នុងជីវិតមិនថាក្នុងសាលា ក្នុងកន្លែងធ្វើការ និងក្នុងសង្គមនោះទេ គឺជំនាញទន់តែងតែមិនសូវត្រូវបានគេឲ្យតម្លៃព្រមទាំងមិនសូវទទួលបានការបង្ហាត់បង្រៀនយ៉ាងយកចិត្តទុកដាក់ដូចទៅនឹងជំនាញបច្ចេកទេសនោះឡើយ។ នៅពេលដែលក្រុមហ៊ុនរបស់អ្នក​សម្បូរ​ទៅដោយអ្នកដែលមានជំនាញបច្ចេកទេស ប៉ុន្ដែខ្វះនូវអ្នកដែលមានជំនាញទន់ នោះក្រុមហ៊ុនអ្នកកំពុងតែមាន​គម្លាត​ក្នុងជំនាញទន់ហើយ។ ការណ៍ដែលអ្នកបំពេញចន្លោះខ្វះខាតនេះបានជោគជ័យដោយបំផុសឲ្យមានទំនាក់ទំនងដ៏ល្អប្រសើររវាងគ្នាទៅវិញទៅមកក្នុងសមាជិកក្រុម​ នោះអ្នកនឹងអាចទាញយកប្រយោជន៍ពីសមត្ថភាពពិតប្រាកដរបស់បុគ្គលិកម្នាក់ៗនិងជំរុញឲ្យពួកគេបញ្ចេញឲ្យអស់នូវសក្ដានុពលរបស់ខ្លួន សាមគ្គីគ្នាដើម្បីចូលរួមចំណែកសម្រេចនូវចក្ខុវិស័យនិងយុទ្ធសាស្ត្រនានារបស់ក្រុមហ៊ុនប្រកបដោយប្រសិទ្ធភាពខ្ពស់។ មិនតែប៉ុណ្ណោះ វាក៏មានឥទ្ធិពលវិជ្ជមានទៅដល់ឥរិយាបថរបស់បុគ្គលិកចំពោះអតិថិជន អ្នកធ្វើការរួមគ្នានិងអ្នករួមចំណែកការងារទាំងអស់ផងដែរ។ ត្រូវចាំថាជំនាញទន់គឺជាគ្រឹះដ៏សំខាន់បំផុតក្នុងការទ្រទ្រង់ការងារជាក្រុម ភាពជាអ្នកដឹកនាំ និងទំនាក់ទំនងសំខាន់ៗរបស់អ្នកឲ្យមានប្រសិទ្ធភាព៕ ប្រភព៖ mindtools ប្រែសម្រួល៖ ស្រីពៅ
X
5s