វិធីសាស្រ្តមួយនេះអាចប្រែក្លាយមនុស្សដែលស្អប់អ្នក(Haters)ឲ្យស្រលាញ់ចូលចិត្តអ្នកបានយ៉ាងមានប្រសិទ្ធភាព​



មនុស្សដែលស្អប់អ្នក (Haters) គឺជាផ្នែកមួយនៃជីវិតរបស់អ្នក។ មនុស្សដែលស្អប់អ្នកអាចជាមិត្តភក្តិរបស់អ្នក សមាជិកគ្រួសារ ក្រុមការងារ ឬមិត្តរួមថ្នាក់របស់អ្នកជាដើម។ អ្នកដឹងហើយថាមនុស្សម្នាក់ៗតែងតែមានអ្នកស្រលាញ់ អ្នកស្អប់ជារឿងធម្មតាដោយជៀសមិនផុតឡើយ។ តែអ្នកប្រាកដជាមិនចង់បង្កើតសត្រូវជាមួយមនុស្សណាម្នាក់ឡើយ។ ខាងក្រោមនេះគឺជាវិធីសាស្រ្តមួយដែលអាចជួយអ្នកផ្លាស់ប្តូរមនុស្សដែលធ្លាប់តែស្អប់អ្នកឲ្យមកស្រលាញ់ចូលចិត្តអ្នក៖ វិធីសាស្រ្តដ៏ងាយស្រួល និងមានប្រសិទ្ធភាពបំផុតដើម្បីប្រែក្លាយមនុស្សដែលស្អប់អ្នក (haters) ឲ្យទៅជាមនុស្សដែលស្រលាញ់ចូលចិត្តអ្នក គឺការស្នើសុំ។ វិធីនេះគឺវិធីសាស្រ្តចិត្តសាស្រ្តដែលទទួលបានពីការសិក្សាស្រាវជ្រាវ ដែលគេឲ្យឈ្នោះថា Ben Franklin Effect។ នៅពេលអ្នកស្នើសុំនរណាម្នាក់ដែលមិនចូលចិត្តអ្នកឲ្យជួយអ្នក វាជាការផ្លាស់ប្ដូរការគិតរបស់ពួកគេនិងធ្វើឲ្យពួកគេចាត់ទុកអ្នកជាមិត្តភក្តិជាជាងសត្រូវ។ សៀវភៅដែលមានចំណងជើងថា How to Win Friends and Influence People របស់លោក Dale Carnegie ក៏បានណែនាំពីវិធីសាស្រ្តការស្នើសុំនេះដែរ ដើម្បីធ្វើឲ្យមនុស្សដែលស្អប់អ្នកមានអារម្មណ៍ថាអ្នកមិនដូចជាអ្វីដែលគេធ្លាប់គិតឡើយ។ វាធ្វើឲ្យមនុស្សដែលស្អប់អ្នកមានអារម្មណ៍ថាអ្នកជាមនុស្សគួរឲ្យគោរព និងសរសើរផងដែរ ដោយពួកគេមិនត្រឹមតែចង់ជួយអ្នកនោះទេ តែថែមទាំងមើលអ្នកក្នុងផ្លូវវិជ្ជមានផងដែរ។ ក្នុងការស្នើសុំឲ្យមនុស្សដែលស្អប់អ្នកមកជួយអ្នក អ្នកត្រូវចេះដាក់ខ្លួនហើយមានការគិតពិចារណាបន្តិច។ អ្វីដែលអ្នកស្នើសុំគឺជាកិច្ចការដែលតូចល្មម ដូចជាការសុំខ្ចីប៊ិក ឬក៏សុំឲ្យគេជួយប្រាប់ពីកម្មវិធីលើទូរស័ព្ទ ដោះស្រាយបញ្ហាកុំព្យូទ័ររបស់អ្នក ឬឲ្យគេជួយណែនាំពីភោជនីយដ្ឋានឆ្ងាញ់ៗ ជាដើម។ អ្នកត្រូវចាំថា​ពេលអ្នកស្នើសុំជំនួយ អ្នកត្រូវធ្វើដូចជារឿងធម្មតា ធ្វើដូចជាអ្នកពិតជាត្រូវការជំនួយពិតប្រាកដមែន ដោយអ្នកត្រូវដាក់ខ្លួនបន្តិច និងសម្ដែងកាយវិការរួសរាយរាក់ទាក់។ អ្នកក៏ត្រូវបង្ហាញពីការពេញចិត្ត និងដឹងគុណទៅដល់ពួកគេផងដែរ។ វិធីសាស្រ្តមួយនេះអ្នកក៏អាចយកទៅប្រើប្រាស់សម្រាប់មនុស្សដែលអ្នកមិនសូវស្គាល់ ដូចជាមិត្តរួមការងារ មនុស្សថ្មីៗ ឬសូម្បីតែមនុស្សដែលអ្នកលួចស្រលាញ់ (Crush)របស់អ្នក ផងក៏បានដែរ៕ ដោយ៖ លង់ វណ្ណៈ ប្រភព៖ lifehack.com
X
5s