អត្ថប្រយោជន៍​ដ៏​ច្រើន​លើស​លប់​ពី​ការ​ជ្រើសរើស​ហិរញ្ញប្បទាន​តាមរយៈ​ទីផ្សារ​មូល​ប​ត្រ​​



លោក​អ្នក​បាន​ស្គាល់​ ​អ្វី​ទៅជា​ទីផ្សារ​មូល​ប​ត្រ ​រួច​ទៅ​ហើយ ​សំណួរ​មួយ​ទៀត​អាច​​នឹង​ចោទឡើង​ថា​ “​ហេតុអ្វី​ត្រូវ​ជ្រើស​​រើស​ ការស្វែងរក​ទុន​តាមរយៈ​ទីផ្សារ​មូល​ប​ត្រ?” ​មាន​មូលហេតុ​ជាច្រើន​ដែល​ត្រូវ​ជ្រើសរើស​ហិរញ្ញប្បទាន​តាមរយៈ​ទីផ្សារ​មូល​ប​ត្រ​​ នេះ​បើ​យោង​តាម​ សៀវភៅ​មគ្គុទ្ទេសក៍​ស្ដីពី​ ការ​ស្វែង​យល់​ពី​ហិរញ្ញប្បទាន​តាម​រយៈ​ការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ (ភាគហ៊ុន) ជា​សាធារណៈ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​របស់​​គណកម្មការ​មូលបត្រ​កម្ពុជា​។ ​ ​ ​

ទីមួយ​៖ ការស្វែងរក​មូលធន​តាមរយៈ​ទីផ្សារ​មូល​ប​ត្រ ផ្ដល់​លក្ខណៈ​ពិសេស​ខុសពី​ការស្វែងរក​មូលធន​តា​មរយៈ​វិស័យ​ធនាគារ ដូចខាងក្រោម​៖

១- ការបង្កើន​ទុន​តាមរយៈ​ទីផ្សារ​មូល​ប​ត្រ គឺ​មិន​ក្លាយ​ជា​បន្ទុក​បំណុល​សម្រាប់​ក្រុមហ៊ុន​ក្នុងករណី​ដែល​ក្រម​ហ៊ុន​ធ្វើ​ការ​បោះ​លក់​នូវ​ភាគហ៊ុន ដែលជា​ប្រភេទ​មួយ​នៃ​មូល​ប​ត្រ ពីព្រោះថា​អ្នក​ដែល​ទិញ​ភាគហ៊ុន នឹង​ក្លាយជា​ម្ចាស់​ភាគហ៊ុន​នៅក្នុង​ក្រម​ហ៊ុន ដែល​ផ្ទុយ​ពី​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​បំណុល ឬ​ការខ្ចីប្រាក់​ពី​ធនាគារ ដែល​អ្នកទិញ​មូល​ប​ត្រ​បំណុល ឬ​ធនាគារ នឹង​ក្លាយជា​ម្ចាស់បំណុល​របស់​ក្រុមហ៊ុន​។​

២- ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ទទួលបាន​នូវ​សាច់ប្រាក់​ច្រើន ហើយ​ក្រុន​ហ៊ុន​អាច​ប្រើប្រាស់​សាច់ប្រាក់​ទាំងនោះ​ទាំងស្រុង ដោយ​ពុំ​ចាំបាច់​លៃ​ឡើយ​។ ក្រុមហ៊ុន​គ្រាន់តែ​ធ្វើការ​បែងចែក​ប្រាក់​លាភ ទៅ​ឲ្យ​វិនិយោគិន ដែលជា​ម្ចាស់​ហ៊ុន​របស់​ក្រុមហ៊ុន ក្នុងករណី​ដែល​ក្រុមហ៊ុន​ទទួលបាន​ប្រាក់ចំណេញ​ប៉ុណ្ណោះ​។​

៣- ការធ្វើ​ហិរញ្ញប្បទាន​តាមរយៈ​ទីផ្សារ​មូល​ប​ត្រ ក្រុមហ៊ុន​ពុំ​ចាំបាច់​មានទ្រព្យ​សម្បត្តិ​ដើម្បី​ដាក់​ធានា​ឡើយ ដូច្នេះ​ក្រុមហ៊ុន​មិនចាំបាច់​បារម្ភ​អំពី​ការស្វែងរក​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន ឬ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​របស់​ម្ចាស់​ហ៊ុន​ដើម្បី​ធានា​បំណុល ហើយ​ជាពិសេស​ក្រុមហ៊ុន ឬ​ម្ចាស់​ហ៊ុន​ពុំមាន​ការភ័យខ្លាច​ក្នុងការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់ខ្លួន ដើម្បី​លក់​ឡៃ​ឡុង​សងបំណុល ក្នុងករណី​ក្រុមហ៊ុន​មិនមាន​លទ្ធភាព​សង ដូច​កម្ចី​ពី​ធនាគារ​នោះទេ​។ ​ ​ប្រសិនបើ​ក្រុមហ៊ុន​របស់​អ្នកមាន​គោលដៅ​សម្រេច​បាន​នៅ​កំណើន​យូរអង្វែង និង​និរន្តរភាព​ធុរកិច្ច ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​លើកដំបូង គឺជា​ជម្រើស​​មួយ​ដ៏​ប្រសើរ​។ ក្រុមហ៊ុន​បោះផ្សាយ​លក់​មូល​ប​ត្រ​មាន​ឳ​កាស​ប្រើប្រាស់​ប្រភព​ហិរញ្ញប្បទាន​រយៈពេល​វែង​ដែល​អនុញ្ញាត​ឲ្យ​ក្រម​ហ៊ុន​មាន​ភាពបត់បែន​ផ្នែក​ហិរញ្ញវត្ថុ បង្កើន​កេ​រ្តី៍​ឈ្មោះ និង​ភាព​គួរ​ជឿ​ទុកចិត្ត​។​

​ទី​ពីរ​៖ ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​លើកដំបូង មាន​អត្ថប្រយោជន៍​ជាច្រើន​ដល់​បុគ្គល​ដែល​ពាក់ព័ន្ធ​ទាំងឡាយ​ដូចជា ម្ចាស់​អាជីវកម្ម ដៃគូ​អាជីវកម្ម វិនិយោគិន ម្ចាស់បំណុល កូនបំណុល បុគ្គលិក​ក្រុមហ៊ុន និង​សង្គមជាតិ​ជាដើម​។ ចំពោះ​ក្រុមហ៊ុន និង​ភាគ​ហ៊ុ​និក​/ វិនិយោគិន អត្ថប្រយោជន៍​គួរ​ឲ្យ​កត់សម្គាល់​នៃ​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​លើកដំបូង និង ការចុះ​ប​ញ្ចី​លក់​លើ​ទីផ្សារ​មូល​ប​ត្រ​មាន​ដូចខាងក្រោម​៖

ក​- អត្ថប្រយោជន៍​ចំពោះ​ក្រុមហ៊ុន​

១- ទទួលបាន​ប្រភព​ហិរញ្ញប្បទាន​រយៈពេល​វែង ហើយ​មិនមាន​កាតព្វកិច្ច​លើ​លក្ខខណ្ឌ បង់​សង​ទាំង​ប្រាក់​ដើម និង​ការប្រាក់ ដូច​បាន​រំលេច​ក្នុង​ចំណុច​ទីមួយ​ពី​លក្ខណៈ​ពិសេស​ខុសគ្នា​នៃ​ការស្វែងរក​មូលធន​តាម​រយៈ​ទីផ្សារ​មូល​ប​ត្រ និង​ការស្វែងរក​មូលធន​តា​មរយៈ​វិស័យ​ធនាគារ​ខាងលើ​។ បន្ថែម​ពី​ការ​ទទួលបាន​នូវ​មូលនិធិ​ដែល​ក្រុមហ៊ុន​ត្រូវការ​ក្នុង​ការ​វិនិយោគ​ពង្រីក​អាជីវកម្ម​តាមរយៈ​ការ​បោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​លើកដំបូង និង​ការ​ចុះ​ប​ញ្ចី​លក់​មូល​ប​ត្រ ក្រុមហ៊ុន​និង​ទទួល​បាន​ឱកាស​ភ្ជាប់​​ទំនាក់ទំនង​រវាង​ក្រុមហ៊ុន និង​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ផងដែរ​។​

២- ទទួលស្គាល់​ជា​ក្រុមហ៊ុន​ដែល​អនុវត្ត​តាម​ស្ដង់ដារ និង​ជួយ​ធ្វើ​ឲ្យ​សាធារណជន​កាន់តែ​ស្គាល់​ក្រុមហ៊ុន ហើយ​ធ្វើ​ឲ្យ​ភាគី​ទាំងឡាយ​ដែល​ធ្វើ​ប្រតិបត្តិការ​ជាមួយ​ប្រកបដោយ​ភាពជឿ​ទុកចិត្ត​។ ក្រុមហ៊ុន​បោះផ្សាយ​លក់​មូល​ប​ត្រ​អាច​ពង្រឹង និង​ពង្រីក​កេ​រ្ត៍​ឈ្មោះ​ក្រុមហ៊ុន​បាន ដោយសារ​ការគ្រប់គ្រង​ក្រុមហ៊ុន​ប្រកបដោយ​វិជ្ជាជីវៈ​រួមផ្សំ​និង​ការ​គោរព​តាម​គោលនយោបាយ​បង្ហាញ​ព័​ត៍​មាន ដែល​បង្កើត​ជា​ភាពជឿ​ទុកចិត្ត​ក្នុងចំណោម​អតិថិជន ស្ថាប័នហិរញ្ញវត្ថុ វិនិយោគិន និង​ដៃគូ​អាជីវកម្ម​នានា​។​

៣- អាច​រក្សា​បុគ្គលិក​ឆ្នើម និង​លើកទឹកចិត្ត​ដល់​បុគ្គលិក និង​/ ឬ​អ្នកគ្រប់គ្រង​តាមរយៈ​កម្មវិធី​ដូចជា​គោ​នយោបាយ​លើកទឹកចិត្ត តាមរយៈ​ការ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជូន​បុគ្គលិក (ESOP) សម្រាប់​ជម្រុញ​ភក្ដីភាព​របស់​បុគ្គលិក​៖ ធនធានមនុស្ស​ជា​កត្តា​ដ៏​សំខាន់​មួយ​ក្នុង​រួមចំណែក​ដល់​ភាព​ជោគជ័យ​មួយ​របស់​ក្រុមហ៊ុន​។ តាមរយៈ​គោលនយោបាយ​លើកទឹកចិត្ត​ដោយ​ការ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជូន​បុគ្គលិក គឺ​ការ​ផ្ដល់​ឱកាស​ដល់​បុគ្គលិក​ទទួល​បាន​កម្មសិទ្ធិ​(​តាមរយៈ​ភាគហ៊ុន​) ក្នុង​ក្រុមហ៊ុន ហើយ​ជា​កត្តា​ជុំរុញ​ការចូលរួម និង​ភ​ក្កី​ភាព​របស់​បុគ្គលិក​បាន​មួយកម្រិត​ទៀត​។​

៤- បង្កើត​ការទទួលខុសត្រូវ និង​វិជ្ជាជីវៈ​និយម​ក្នុងចំណោម​អ្នកគ្រប់គ្រង​៖ តាមរយៈ​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​លើកដំបូង និង​ការចុះបញ្ជី​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​ជា​លើកដំបូង និង​ការចុះបញ្ជី​លក់​មូល​ប​ត្រ ក្រុមហ៊ុន​និង​ទទួលបាន​ការចាប់អារម្មណ៍​ពី​វិនិយោគិន​ជាច្រើន​ដោយ​ការបង្ហាញ​ព័​ត៍​មាន​ពី​សកម្មភាព​ធុរកិច្ច​របស់​ក្រុមហ៊ុន​នៅលើ​ទីផ្សារ​។ ក្រុមហ៊ុន​និង​អាចធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​អភិបាលកិច្ច​សាជីវកម្ម​តាមរយៈ​ការរៀបចំ​ឲ្យ​មាន​រេច​នា​សម្ព័ន្ធ​ក្រុមប្រឹក្សាភិបាល​ដែលមាន​តួនាទី​ពិនិត្យ​លើ​ការបំពេញ​មុខងារ​រប​ស់​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​។ បន្ថែម​ពីនេះ​ម្ចាស់​អាជីវកម្ម​អាច​ពង្រឹង​យន្តការ​គ្រប់គ្រង​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន​ដែល​អាច​កាត់បន្ថយ​ការអនុវត្ត​ការមិន​ត្រឹមត្រូវ ឬ​ការ​គៃបន្លំ​ផ្សេងៗ​ក្នុង​ដំណើរការ​អាជីវកម្ម​ប្រចាំថ្ងៃ​។ ដូចនេះ អ្នកគ្រប់គ្រង​របស់​ក្រុមហ៊ុន​និង​បង្កើន​វិជ្ជាជីវៈ​និង​ការទទួលខុសត្រូវ​ក្នុងការ​គ្រប់គ្រង​ក្រុមហ៊ុន​។​

៥- ផ្ដល់នូវ​និរន្ត​ភាព​ធុរកិច្ច​តាមរយៈ​ការផ្លាស់ប្តូរ​ពី​ទម្រង់​ធុរកិច្ច​តាមរយៈ​ការផ្លាស់ប្តូរ​ពី​ទម្រង់ ធុរកិច្ច​បែប​គ្រួសារ​ទៅជា​ការគ្រប់គ្រង​ប្រកបដោយ​វិជ្ជាជីវ​៖ ការ​ផ្ដូ​រ​ពី​ការគ្រប់គ្រង​បែប​គ្រួសារ​ទៅជា​ការ​ជាការ​គ្រប់គ្រង​ដោយ​អ្នកគ្រប់គ្រង​វិជ្ជាជីវៈ​ដែល​ត្រូវបាន​ជ្រើសរើស​ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ធុរកិច្ច​របស់​ក្រុមហ៊ុន និង​ធនា​ដល់​ការរីកចម្រើន​ធុរកិច្ច​ក្នុងពេល​អនាគត​។ ទោះបីជា​សមាជិកគ្រួសារ​ជំនាន់​ក្រោយ​នៅ​បន្ត​ការគ្រប់គ្រង​ក្រុមហ៊ុន ឬ​ដកខ្លួន​ពី​ការគ្រប់គ្រង​ក្រុមហ៊ុន ដើម្បី​ប្រកប​ធុរកិច្ច​ផ្សេងៗ​ទៀត​ក៏ដោយ ក៏​ក្រុមហ៊ុន​នៅតែ​អាច​បន្ត​និរន្តរភាព​ប្រតិបត្តិការ​របស់ខ្លួន​បានដែរ​។​

៦- ទទួលបាន​ការលើកទឹកចិត្ត​ផ្នែក​ពន្ធ​ដោយ​ទទួលបាន​ការអនុគ្រោះ​បំណុល​ពន្ធ និង​កាត់បន្ថយ​ពន្ធលើប្រាក់ចំណេញ​ចំនួន​៥០% (​ហាសិប​ភាគរយ​) នៃ​ពន្ធលើប្រាក់ចំណេញ​ត្រូវ​បង់​សម្រាប់​រយៈពេល ៣(​បី​) ឆ្នាំ​ពេញ ចំពោះ​ក្រុមហ៊ុន​ដែល​បាន​បោះផ្សាយ និង​ចុះបញ្ជី​លក់​មូល​ប​ត្រ​មុន​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៨ អនុលោម​តាម អនុក្រឹត្យ​លេខ ០១ អនក្រ​.​បក ចុះ​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៥ ស្ដីពី​ការលើកទឹកចិត្ត​ពន្ធដារ​ក្នុង​វិស័យ​មូល​ប​ត្រ​។ បន្ថែម​ពីនេះ​ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់​ចំ​ណេ្​១% (​មួយ​ភាគរយ​) ប្រចាំខែ​ត្រូវបាន​ព្យួរ​ជា​បណ្ដោះអាសន្ន​រយៈពេល ៣(​បី​) ឆ្នាំ​។​

ខ​- អត្ថប្រយោជន៍​ចំពោះ​ភាគ​ហ៊ុ​និក​/​វិនិយោគិន​ ​ ​អត្ថប្រយោជន៍​ដែល​ភាគ​ហ៊ុ​និក ឬ​វិនិយោគិន ទ​ទូល​បាន​ពី​ការវិនិយោគ​ពី​ទីផ្សារ​មូល​ប​ត្រ រួមមាន​ដូចខាងក្រោម​៖ ​

​១- បង្កើន​សន្ទនីយ​ភាព​សម្រាប់​ភាគ​ហ៊ុ​និក​/ ឬ​វិនិយោគិន ពីព្រោះ​ភាគ​ហ៊ុ​និក និង​/ ឬ​វិនិយោគិន​របស់​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​លក់​មូល​ប​ត្រ​នៅ​ទីផ្សារ​មូល​ប​ត្រ អាច​លក់ ឬ​ទិញ បាន​គ្រប់ពេលវេលា​នៃ​ម៉ោង​ជូ​ញ​ដូរ​របស់​ទីផ្សារ​មូល​ប​ត្រ​។ ក្រុមហ៊ុន​ចុះបញ្ជី​លក់​មូល​ប​ត្រ និង​មាន​សន្ទនីយ​ភាព​ខ្ពស់ជាង​មុន នៅពេល​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ត្រូវបាន​ជួញដូរ​ជាច្រើន​ដង ក្នុង​១(​មួយ​) ថ្ងៃ​នៅលើ​ទីផ្សារ​។ មានន័យថា​វិនិយោគ​គិ​ន​ងាយស្រួល​ក្នុងការ​ប​ម្លែ​ង​ភាគហ៊ុន​ជា​សាច់ប្រាក់​នៅពេលណា​ក៏បាន នៅពេលដែល​ខ្លួន​ត្រូវការ​សាច់ប្រាក់​។​ ​ ​

២- បង្កើន​ឱ​កាស​វិនិយោគ​ទៅ​ក្រុមហ៊ុន​ជាច្រើន​នៅក្នុង​ទីផ្សារ​ដោយ​មិនចាំបាច់​ចំណាយពេល​វេលា​ច្រើន ឬ​មាន​ប្រាក់​ច្រើន​ដូចជា​ការប្រកប​អាជីវកម្ម​ផ្ទាល់ខ្លួន​។​ ​

​៣- មិនមាន​ពន្ធ​ប្រថាប់ត្រា​លើ​ការជួញដូរ​ភាគហ៊ុន​នៅលើ​ទីផ្សារ​មូល​ប​ត្រ​។​ ​ ​៤- ទទួលបាន​ការបន្ថយ​ពន្ធ​កាត់​ទុក​៥០%(​ហាសិប​ភាគរយ​) លើ​ភាគលាភ ដែល​បានមកពី​ការកាន់កាប់​មូល​ប​ត្រ​កម្មសិទ្ធិ​រហូតដល់​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៨​។​ ​

ដោយ៖ ស្រីរ័ត្ន​ ប្រភព៖ សៀវភៅ​មគ្គុទ្ទេសក៍​ស្ដីពី​ ការ​ស្វែង​យល់​ពី​ហិរញ្ញប្បទាន​តាម​រយៈ​ការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ (ភាគហ៊ុន) ជា​សាធារណៈ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​របស់​​គណកម្មការ​មូលបត្រ​កម្ពុជា​ ​ ​ ​ ​

X
5s