មានផ្លែស្វាយកែវរមៀតច្រើនទេ? ក្រុមហ៊ុនម៉ុង ឬទ្ធីគ្រុប កំពុងប្រកាសទិញនាំទៅអឺរ៉ុប
ជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋដែលដែលជាម្ចាស់ចំការនិងអ្នកដែលមានប្រភេទផ្លែស្វាយកែវរមៀតច្រើនហើយមិនដឹងជាយកទៅលក់ទៅទីណា ពេលនេះក្រុមហ៊ុន KFI ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រុប កំពុងតែស្វេងរកទិញប្រភេទស្វាយកែវរមៀតនេះយ៉ាងច្រើនពីប្រជាកសិករព្រោះដោយសារតែមានតម្រូវការនិងការគាំទ្រខ្លាំងពីទីផ្សារក្រៅស្រុកដែលបច្ចុប្បន្នក្រុមហ៊ុនកំពុងតែនាំចេញទៅលក់នៅប្រទេសបារាំង និងសហគមន៍អ៊ឺរ៉ុប។
កញ្ញា ហេង ស្រីពៅ ប្រធានផ្នែកលក់ (Sales Supervisor) បានប្រាប់គេហទំព័រ BizKhmer ថា ផលិតផលផ្លែស្វាយកែវរមៀតនេះកំពុងតែមានការគាំទ្រច្រើនជាពិសេសគឺខាងប្រទេសបារាំងដែលគេពេញចិត្តខ្លាំងនឹងរសជាតិផ្អែមឆ្ងាញ់របស់ស្វាយប្រភេទនេះ កញ្ញាបន្តថា ការនាំចេញទៅលក់នៅទីផ្សារក្រៅស្រុកគឺនៅមានការខ្វះខាតនៅឡើយដោយសារតែការកាម្ម៉ង់ពីខាងក្រៅច្រើនហើយផលិតផលនៅមានការខ្វះខាតនៅឡើយ។
កញ្ញា ហេង ស្រីពៅ បញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុន KFI ធ្លាប់បានប្រមូលទិញស្វាយកែវរមៀតពីបណ្ដាខេត្តមួយចំនួនដូចជា ខេត្តកំពត ឧត្ដមានជ័យ សៀមរាប កំពង់ធំ កំពង់ស្ពឺ និងបច្ចុប្បន្នគឺខេត្តតាកែវ ហើយក៏ធ្លាប់បាននាំចេញទៅកាន់ប្រទេសមួយចំនួនដូចជាចិន រូស៊្សី បារាំង សហគមន៍អ៊ឺរ៉ុប និងកំពុងតែមានគម្រោងនាំផលិតផលនេះទៅលក់នៅប្រទេសសិង្ហបុរី។ កញ្ញា ហេង ស្រីពៅ បន្តថាការប្រមូលទិញផ្លែស្វាយកែវរមៀតពីប្រជាកសិករទៅលក់នៅប្រទេសក្រៅគឺដោយសារតែឯកឧត្ដមបណ្ឌិតម៉ុង ឬទ្ធីចង់ឲ្យមានផលិតផលរបស់ខ្មែរយើងទៅលក់នៅលើទីផ្សារបរទេសនិងដើម្បីជួយរកទីផ្សារដល់ប្រជាកសិករខ្មែរ ដោយកន្លងមកក្រុមហ៊ុនម៉ុងឬទ្ធីគ្រុបក៏ធ្លាប់បាននាំចេញនូវផ្លែតាងែនទៅលក់នៅទីផ្សារក្រៅស្រុកផងដែរ៕
អត្ថបទ៖ ស្រីរ័ត្ន
ព័ត៌មានបន្ថែមអាចទាក់ទង កញ្ញា ស្រីពៅ ០៩៨ ៨៨៨ ៧២៧