ABA ទទួលបានពាន ធនាគារដ៏ឆ្នើមបំផុត នៅកម្ពុជា ៤ឆ្នាំជាប់ៗគ្នា ពីទស្សនាវដ្ដី Global Finance
ABA ទទួលបានពានជា «ធនាគារដ៏ឆ្នើមបំផុត នៅកម្ពុជាប្រចាំឆ្នាំ ២០១៨» ពីទស្សនាវដ្ដីអន្តរជាតិដ៏ល្បីមួយគឺ Global Finance ដែលពានរង្វាន់ដដែលនេះ ធនាគារបានទទួល បួនឆ្នាំជាប់ៗគ្នារួចមកហើយ។
បើយោងតាមសេចក្ដីប្រកាសព័ត៌មានដែលត្រូវបានចុះផ្សាយនៅលើគេហទំព័ររបស់ធនាគារថ្មីៗនេះបានឱ្យដឹងថា ទស្សនាវដ្ដី Global Finance បានធ្វើការវិនិច្ឆ័យទៅលើកត្តាជាក់ស្តែងសំខាន់ៗមួយចំនួនរួមមាន៖វឌ្ឍនភាពនៃទ្រព្យសកម្ម, កម្រិតប្រាក់ចំណេញ, វិសាលភាពភូមិសាស្ត្រនៃប្រតិបត្តិការការងារ, ទំនាក់ទំនងជាយុទ្ធសាស្ត្រ, ការអភិវឌ្ឍផ្នែកពាណិជ្ជកម្មថ្មី, និងភាពច្នៃប្រឌិតក្នុងការបង្កើតផលិតផល។ បន្ថែមពីលើលក្ខណៈវិនិច្ឆ័យជាក់ស្តែងទាំងអស់នេះ ការយល់ឃើញរបស់អ្នកវិភាគតម្លៃទ្រព្យកម្មសិទ្ធិ, អ្នកវិភាគចំណាត់ថ្នាក់ឥណទាន, ទីប្រឹក្សាធនាគារ, និងអ្នកជំនាញដទៃទៀតក្នុងឧស្សាហកម្មមួយនេះ ក៏ត្រូវបានរាប់បញ្ចូលក្នុងដំណើរការជ្រើសរើសវាយតម្លៃនេះផងដែរ។
លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA បានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា៖ “យើងមានកិត្តិយសជាខ្លាំងដែលត្រូវបានទទួលស្គាល់ដោយទស្សនាវដ្ដីហិរញ្ញវត្ថុអន្តរជាតិមួយនេះជាលើកទី៤ ក្នុងរយៈពេល៤ឆ្នាំជាប់ៗគ្នា។ ពានរង្វាន់មួយនេះ គឺជាការទទួលស្គាល់ជាថ្មីម្តងទៀតចំពោះឧត្តមភាពការងារប្រកបដោយវិជ្ជាជីវៈរបស់យើង, កិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា, និងការប្តេជ្ញាជាដរាបរបស់យើងក្នុងការផ្តល់សេវាប្រកបដោយគុណភាព និងដំណោះស្រាយផ្នែកហិរញ្ញវត្ថុដែលប្រកបដោយការច្នៃប្រឌិតខ្ពស់ ជូនដល់អតិថិជនដ៏មានតម្លៃរបស់យើង។” លោកបន្តថា៖ “យើងនឹងបន្តធ្វើកិច្ចការងារ ដើម្បីនៅតែជាដៃគូធនាគារ និងជាអ្នកផ្តល់ដំណោះស្រាយហិរញ្ញវត្ថុឈានមុខបែបឌីជីថលរបស់បុគ្គល, សហគ្រិន, និងអាជីវកម្មទាំងឡាយក្នុងប្រទេសកម្ពុជា”។
លោក Joseph D. Giarraputo នាយកផ្នែកបោះពុម្ពផ្សាយ និងជានិពន្ធនាយកនៃទស្សនាវដ្តី Global Finance បានមានប្រសាសន៍ថា៖ «ធនាគារ ABA ច្បាស់ណាស់ គឺជាធនាគារដែលឈានមុខគេក្នុងប្រទេសកម្ពុជា បើយោងទៅតាមលទ្ធផលពីក្បួនវិភាគកុំព្យូទ័រ និងការវិភាគរបស់យើង។ យើងពិតជាស្ញើចសរសើរជាមួយនឹងដំណោះស្រាយនានាដែលធនាគារមាន និងការបម្រើសេវាជូនដល់អតិថិជនរបស់ធនាគារ ហើយជាពិសេសនោះ គឺការយល់ដឹងយ៉ាងច្បាស់ពីលក្ខខណ្ឌក្នុងស្រុក និងតម្រូវការអតិថិជនផ្នែកសាជីវកម្មនៅក្នុងទីផ្សាររបស់ខ្លួន។» លោកក៏បានបន្ថែមទៀតថា៖ «គុណភាពនៃថ្នាក់ដឹកនាំរបស់ធនាគារ ក៏មានលក្ខណៈលេចធ្លោផងដែរ ដូចដែលបានឆ្លុះបញ្ចាំងតាមរយៈលទ្ធផលហិរញ្ញវត្ថុដែលយើងឃើញស្រាប់»។
ពិធីប្រគល់ពានរង្វាន់ធនាគារឆ្នើមបំផុតនេះ នឹងប្រារព្ធឡើងស្របពេលជាមួយកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារពិភពលោក (World Bank) និងមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) នៅថ្ងៃទី១៣ ខែតុលា នៅក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី។ បញ្ជីរាយនាមធនាគារជ័យលាភី ធនាគារឆ្នើមបំផុតប្រចាំឆ្នាំ២០១៨ របស់ទស្សនាវដ្ដី Global Finance នឹងចុះផ្សាយនៅក្នុងខែឧសភានៃទស្សនាវដ្ដីផ្ទាល់តែម្តង៕