តើយុវជនគួរជ្រើសរើសយកការងារដែលខ្លួនពេញចិត្តធ្វើ ឬការងារដែលទីផ្សារត្រូវការ?
បច្ចុប្បន្នយុវជនខ្មែរភាគច្រើនគិតថាការជ្រើសយកការងារដែលខ្លួនពេញចិត្តធ្វើគឺជាជម្រើសដ៏ល្អសម្រាប់ពួកគេ ព្រោះថាការធ្វើការងារដែលស្របនិងក្ដីស្រម៉ៃគឺជាការងារដែលធ្វើឲ្យពួកគេរីករាយព្រមទាំងអាចអភិវឌ្ឍពួកគេឲ្យមានភាពរីកចម្រើនបានយ៉ាងឆាប់រហ័សជាងការធ្វើការងារដែលពួកគេមិនពេញចិត្ត។ ប៉ុន្តែតើការជ្រើសរើសយកការងារដែលខ្លួនពេញចិត្តធ្វើពិតជាជម្រើសដ៏ល្អជាជាងការជ្រើសយកការងារដែលស្របនឹងតម្រូវការទីផ្សារមែនឬទេ?
នៅក្នុងសិក្ខាសាលាមួយស្ដីអំពីក្ដីសុបិន្តក្រោមប្រធានបទ៖ ៨គន្លឹះដើម្បីសំរេចក្ដីសុបិន កាលពីព្រឹកថ្ងៃទី០១មិថុនានៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េ(CKCC) ឆ្លើយតបទៅនឹងសំណួរខាងលើនេះវាគ្មិនកត្តិយសលោក សោម សម្បត្តិ នាយកគ្រប់គ្រងក្រុមហ៊ុនCAM-PAINTថ្នាំពណ៍ជាតិ បានបកស្រាយថាអ្វីៗគឺផ្ដើមចេញពីការធ្វើឲ្យជីវភាពរបស់ខ្លួនឯងល្អប្រសើរ ប្រសិនបើអ្នកមិនអាចធ្វើឲ្យជីវភាពរបស់ខ្លួនល្អប្រសើរទេចូរកុំសង្ឃឹមថាអ្នកអាចចាប់យកអ្វីដែលខ្លួនឯងចូលចិត្តបាន ដូច្នេះត្រូវរៀនបង្ខំខ្លួនឯងឲ្យធ្វើអ្វីដែលការពឹតគេកុំពុងតែត្រូវការដើម្បីធ្វើឲ្យជីវិតរបស់យើងបានល្អប្រសើរហើយយើងនឹងទៅចាប់យកអ្វីដែលយើងពេញចិត្តតាមក្រោយ។
បន្ថែមពីលើសំណួរខាងលើនេះផងដែរ អ្នកនាង រី ធានី ស្ថាបនិកក្រុមហ៊ុន នរា បានបកស្រាយថា ដូចអ្វីដែលលោក សោម សម្បត្តិ បានលើកឡើងគឺយើងត្រូវចំអែតក្រពះរបស់យើងជាមុនសិនដូច្នេះយើងត្រូវរកការងារណាដែលទីផ្សារត្រូវការ ប៉ុន្តែជាការងារដែលមានចំណុចពាក់ព័ន្ធគ្នាទៅនឹងមុខជំនួញ ឬអាជីវកម្មដែលយើងចង់ធ្វើនៅពេលអណាគត៕
ដោយ៖ ជួប ស្រីរ័ត្ន