លោក កែវ ឡង់ឌី៖ ខ្ញុំមិនដែលទទួលពាក្យជោគជ័យទេ ទោះបីជាខ្ញុំក្លាយជាអគ្គនាយកក្រុមហ៊ុនក៏ដោយ
ម្ចាស់ក្រុមហ៊ុនវ័យក្មេងលោក កែវ ឡង់ឌី អគ្គនាយកអភិវឌ្ឍធុរកច្ច នៃហាងលក់ទំនិញកុមារ Baby Outletនិងជាអគ្គនាយកក្រុមហ៊ុនស្រមោច ត្រេឌីង សូលូសិន កំពុងតែទទួលបានការចាប់អារម្មណ៍និងគាំទ្រសំណាក់អតិថិជនទូទាំងប្រទេសដែលធ្វើឲ្យក្រុមហ៊ុននេះវិវត្តខ្លួនរីកចម្រើនយ៉ាងឆាប់រហ័ស ព្រោះតែចំណុចទាំងនេះហើយដែលធ្វើឲ្យមហាជនមួយចំនួនចាប់អារម្មណ៍នូវសមត្ថភាពរបស់លោកយ៉ាងខ្លាំងរហូតមានគេសរសើរថាក្រុមហ៊ុនលោកគឺជាក្រុមហ៊ុនដែលជោគជ័យខ្លាំងទៀតផង។ ដោយឡែក សម្រាប់លោក ឡង់ឌី យល់ឃើញថា ខ្លួនមិនទាន់ទទួលបានជោគជ័យនោះទេ។
អគ្គនាយកក្រុមហ៊ុនវ័យ ៣៤ឆ្នាំរូបនេះបានលើកឡើងដូច្នេះថា ៖«ធ្លាប់មានគេសួរខ្ញុំថាខ្ញុំជាមនុស្សម្នាក់ដែលជោគជ័យណាស់ ប៉ុន្តែខ្ញុំមិនដែលទទួលពាក្យនេះទេបើទោះបីជាខ្ញុំជាអគ្គនាយកក្រុមហ៊ុនក៏ដោយ ព្រោះខ្ញុំនៅដូចសត្វស្រមោចមួយក្បាលគ្រាន់តែមកជារៀងរាល់ថ្ងៃ និងសាមគ្គីភាពជាមួយកូនក្រុមរបស់ខ្ញុំទាំងអស់គ្នាដើម្បីទទួលបានភាពជោគជ័យជាក្រុម ដូច្នេះក្នុងរយៈពេលត្រឹមមួយឆ្នាំវាពិបាកនិងវាយតម្លៃថាយើងគឺជាក្រុមហ៊ុនមួយដែលជោគជ័យណាស់បើប្រៀបធៀបទៅនឹងក្រុមហ៊ុនផ្សេងៗដែលគេបើកក្នុងរយៈពេលច្រើនឆ្នាំទៅហើយ»។
លោកបានបន្តថាការដាក់ឈ្មោះក្រុមហ៊ុនរបស់លោកថា ស្រមោច មិនមែនជាការដាក់ដើម្បីឲ្យគេចាប់អារម្មណ៍នោះទេប៉ុន្តែឈ្មោះនេះគឺជាការស្រលាញ់របស់ខ្ញុំ ព្រោះខ្ញុំក៏ជាមនុស្សម្នាក់ដែលចេញមកអំពីកន្លែងដែលតូចតាចជាអ្នកក្រម្នាក់ដែលដើរធ្វើការឲ្យគេដើម្បីយកប្រាក់ខែចិញ្ចឹមខ្លួនឯងចិញ្ចឹមគ្រួសារ ស្ទើរតែមិនចង់រស់ម្ដងៗដូច្នេះខ្ញុំចេញពីជីវភាពមួយដែលតូចតាចជាទីបំផុតរហូតអាចក្លាយជាអគ្គនាយកក្រុមហ៊ុនមួយបានដែលរបស់ខ្លួនឯង ដូច្នេះពាក្យស្រមោចនេះគឺវាបង្ហាញថាយើងគឺជាមនុស្សម្នាក់ដែលតូចតាចដូចសត្វស្រមោចមួយក្បាលអីចឹងដែរ។ អ្វីដែលជាដើមទុនរបស់យើង គឺការតស៊ូ ភាពសាមគ្គីភាព ខំប្រឹងធ្វើទាំងអស់គ្នា ដើម្បីទទួលបានលទ្ធផល។
លោក ឡង់ឌី បានបន្ថែមថា ពួកយើងតូចតាចទេគឺអ្នកចែកចាយរបស់ស្រមោចជិះតុកតុកជិះម៉ូតូឌុបទេនៅពេលដែលពួកគាត់យកអ៊ីវ៉ាន់ឲ្យគេដូច្នេះ ពួកយើងមិនធំដុំអីទេគ្រាន់តែគ្នាយើងច្រើន ប៉ុន្តែកុំភ្លេចថាតូចតាចគឺខ្លាំងព្រោះវាមានការតស៊ូ ស្រមោចជាសត្វមួយតូចតែខ្លាំងនិងមានការតស៊ូជាសត្វដែលឧស្សាហ៍ព្យាយាមនិងជាសត្វដែលមានកម្លាំងខ្លាំងអាចលើករបស់ដែលធ្ងន់ជាងខ្លួនឯងរហូតដល់ ១០០ដង ដូច្នេះខ្ញុំចង់ឲ្យបុគ្គលិករបស់ខ្ញុំទាំងអស់គាត់មានសតិអារម្មណ៍បែបហ្នឹង មើលខ្លួនថា តូច ប៉ុន្តែមានសាមគ្គីភាពមានការតស៊ូនិងអាចទៅបានគ្រប់កន្លែងទាំងអស់៕
ដោយ៖ ជួប ស្រីរ័ត្ន