Sabay សម្ពោធកុនធំរបស់ខ្លួននៅថ្ងៃទី២៦ មិថុនានេះ
ប្រលោមលោក «បាតដៃខ្មៅ» ដែលត្រូវបានប្រិតប្រៀងមកជាភាពយន្តដ៏ថ្មីសន្លាងសម្រាប់វ័យជំទង់ពេលនេះរួចរាល់នឹងដំណើរការចាក់បញ្ចាំងតាមបណ្តារោងភាពយន្តនានាហើយ។
នាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital Plus លោកជី សិលា ប្រាប់ Bizkhmer យ៉ាងខ្លីថា Sabayកំពុងប្រឹងប្រែងមិនឈប់ឈរក្នុងការធ្វើឱ្យវិស័យសិល្បៈកម្សាន្តរីកចម្រើនដោយការចូលរួមពីគ្រប់ចលករ។
«យើងបានព្យាយាមជ្រើសរើសរឿងជាច្រើនមក ប្រមើលមើលពីលទ្ធភាពក្នុងការធ្វើជាភាពយន្តក្នុងស្រុក! កាលពីឆ្នាំ២០១៣ យើងបានបង្កើត Sabay ប្រលោមលោក ហើយពេលនេះនិន្នាការយកប្រលោមលោកមកបំឡែងជាភាពយន្តកំពុងមានសន្ទុះធ្វើឱ្យគុណភាពនៃសាច់រឿងកាន់តែឈានឡើង! មានសាច់រឿងល្អយើងត្រូវការការវិនិយោគនិងក្រុមផលិតដែលល្អហើយយើងត្រូវការ ជំនួយពីបណ្តាញផ្សព្វផ្សាយ ដើម្បីជំរុញគ្នាទៅវិញទៅមក!»។
លោក មាស រស្មី អ្នកដឹកនាំរឿង«បាតដៃខ្មៅ»មកពីស្ទូឌីយោ៤ បានអះអាងថាទោះបីភាពយន្តនេះ ៨០ ភាគរយនិយាយអំពីវ័យជំទង់ តែក៏មានបង្កប់នូវជំនឿអរូបិយជ្រាលជ្រៅ ដែលជាជំនឿជាយូរឆ្នាំរបស់បងប្អូនជនជាតិភាគតិច ដែលធ្វើឱ្យផ្ទៃរឿងមានភាពប្លែក និងគួរឱ្យចង់តាមដាន។
«យើងថតនៅភាគឦសាននិងតាកែវ ៧០%នៃផ្ទៃរឿងហើយចុះដល់តំបន់ដែលនិយាយឡាវនិងភាសាជនជាតិ ! យើងដឹងហើយថាតាកែវនិងស្ទឹងត្រែងជាបណ្តុំនៃមូលដ្ឋានជំនឿប្រពៃណី គួរឱ្យស្ញប់ស្ញែងនិងស្វែងយល់! រឿងនេះយើងមានការចូលរួមពីអ្នកបច្ចេកទេសពូកែៗ ហើយព្យាយាមធ្វើយ៉ាងណាឱ្យមានរូបភាពសំឡេងច្បាស់ល្អតាមបទដ្ឋាន!»
ចាប់តំាងពីពាក់កណ្តាលខែមិថុនានេះ បណ្តាញផ្សព្វផ្សាយធំៗផ្នែកកម្សាន្តក្នុងប្រទេសកម្ពុជាបាននាំគ្នានិយាយអំពីរឿង «បាតដៃខ្មៅ»នេះ ហើយមួយភាគធំ ពួកគេផ្តោតទៅលើតួអង្គសំខាន់ៗក្នុងរឿងដែលសម្ដែងដោយក្រុមតារាសំណព្វរបស់វ័យជំទង់ជាក្រុមតារា Originalរួមមាន រតនៈ សាយ ចែឡេង ជេន ។ល។ បទចម្រៀង «មិនព្រាត់»របស់ភាពយន្តបាតដៃខ្មៅ ដែលត្រូវបានតាក់តែងឡើងដោយតន្រ្តីករល្បី កង ពិសិដ្ឋ កំពុងល្បីផ្ទុះក្នុងចំណោមអ្នកលេងហ្វេសប៊ុក តាមរយៈការច្រៀងត្រាប់តាមនិងចែកចាយ។
កញ្ញា ប៊ុន សុជាតា អ្នកគ្រប់គ្រងផ្នែកទីផ្សារ និងទំនាក់ទំនងសាធារណៈនៃភាពយន្តនេះឱ្យដឹងថា អ្នកមុខអ្នកការជាច្រើនត្រូវបានអញ្ជើញនៅក្នុងពិធីបើកសម្ពោធនាល្ងាចថ្ងៃអង្គារ ជាសក្ខីភាពនៃការគំាទ្ររបស់មជ្ឈដ្ឋានទូទៅលើការប្រឹងប្រែងជាបន្តបន្ទាប់របស់ភាពយន្តក្នុងស្រុក។
«ដោយសារចំនួនកៅអី និងទំហំសាលយើងមានការកំណត់ក្នុងការទទួលភ្ញៀវហើយពេលនេះគឺពេញអស់រលីងបង្ហាញពីចំណាប់អារម្មណ៍ និងការគាំទ្រដ៏ធំលើកទឹកចិត្តពួកយើងដែលជាអ្នកផលិត!»
Sabayគឺជាក្រុមហ៊ុននាំមុខផ្នែកកម្សាន្តនិងមាតិកាកីឡាតាមរយៈវែបសាយដ៏ល្បីរបស់ខ្លួន ហើយចុងក្រោយក្រុមហ៊ុននេះបាននាំមុខលើផ្នែកភាពយន្តនិងវីដេអូគម្រោងកម្សាន្តប្លែកជាច្រើន ហើយគម្រោងចុងក្រោយគេឈ្មោះថា Soyoជាកម្មវិធីទូរសព្ទដែលកំពុងបង្កើតការងារជាច្រើនសម្រាប់អ្នកភាពយន្តក្នុងស្រុក ពិសេសក្រុមអ្នកផលិតភាពយន្តដែលជាយុវវ័យ។
លោកស្រី ម៉ីសន សុធារី អ្នកនិពន្ធនិងជាអ្នកគ្រប់គ្រងការផលិតភាពយន្តនេះបានឱ្យដឹង ស្ទូឌីយោ៤ បានធ្វើការយ៉ាងល្អក្នុងពេល៦ខែនេះហើយភាគច្រើននៃកម្លាំងពួកគេគឺជាយុវវ័យ។ លោក ជី សិលា បន្ថែមថា ការវិនិយោគទៅលើវ័យជំទង់គឺជាការវិនិយោគដ៏ល្អមួយដោយសារពួកគេមានគំនិតច្នៃប្រឌិតខ្ពស់ មានទេពកោសល្យ ហើយមុះមុតនឹងការងារ។
«មិនថា ស្ទូឌីយោ៤ឬអ្នកណាផ្សេងទេ ពួកគេអាចបង្ហាញគម្រោងភាពយន្តថ្មីរបស់ពួកគេមកហើយយើងត្រៀមក្នុងការជួយដល់ពួកគេឱ្យជ្រើសរើសរឿងដែលត្រឹមត្រូវ និងការផលិតដែលអាចនឹងប្រឈមហានិភ័យទាប!»៕