ជិតពាក់កណ្ដាលនៃប្រជាជនពិភពលោកនៅមិនទាន់មានគណនីធនាគារប្រើប្រាស់នៅឡើយ​



ធនាគារពិភពលោក (The World Bank) បានបញ្ចេញទិន្នន័យរបស់ខ្លួនដែលរកឃើញក្នុងការធ្វើការវាស់ស្ទង់មតិរយៈពេល៣ឆ្នាំម្ដងរបស់ខ្លួន ដែលបានរកឃើញថាចំនួនប្រជាជនក្នុងពិភពលោកដែលមានគណនីធនាគារប្រើប្រាស់មានការកើនឡើងពី ៦១% ក្នុងឆ្នាំ ២០១៤ ទៅ ៦៧%ក្នុងឆ្នាំ ២០១៧ ដែលចំនួននេះហាក់មានការកើនឡើងតិចតួចបំផុត។ ជាង ៨០%នៃការកើនឡើងនេះគឺដោយសារតែការគិតបញ្ចូលរួមទាំងគណនីអសកម្មផងដែរ។ ប្រសិនបើគិតក្នុងគណនីសកម្មវិញ វាមានការកើនឡើងពី ៥២% ទៅ ៥៣% តែប៉ុណ្ណោះ។ ទិន្នន័យនេះគឺយោងទៅតាមការធ្វើការវាស់ស្ទង់មតិទៅលើមនុស្សជាង ១៥០ ០០០នាក់ ក្នុងទូទាំងពិភពលោក។ ក្នុងប្រទេសដែលមានចំនូលទាប និងមធ្យម ស្ថានភាពកាន់តែធ្ងន់ធ្ងរដោយសារមានប្រជាជនតិចជាងពាក់កណ្ដាលនៃប្រជាជនក្នុងប្រទេសទាំងនោះប៉ុណ្ណោះដែលមានគណនីធនាគារសកម្មប្រើប្រាស់។ បើទោះបីជាមានកំណើនជាប្រចាំពីឆ្នាំ ២០១៤ ដលឆ្នាំ ២០១៧យ៉ាងណាក៏ដោយ ចំនួននៃអ្នកប្រើប្រាស់ពេញវ័យមានការកើនឡើងពី ៤៤,៤% ទៅដល់ ៤៥,៤% ប៉ុណ្ណោះក្នុងប្រទេសក្រីក្រ ហើយចំនួននៃអ្នកប្រើប្រាស់គណនីសន្សំមានការធ្លាក់ចុះជាលំដាប់។ របាយការណ៍របស់ Center for Financial Inclusion បានបង្ហាញថាប្រជាជនឥណ្ឌាប្រមាណ ៣៧០ លាននាក់ មានគណនីធនាគារអសកម្មបណ្ដោះអាសន្ន។ ប្រជាជនឥណ្ឌា ៨០%ប្រើប្រាស់គណនីធនាគារ ដែលចំនួននេះកើនឡើងពី ៥៣%ក្នុងឆ្នាំ ២០១៤ ប៉ុន្តែមានតិចជាងពាក់កណ្ដាលនៃអ្នកទាំងនោះដែលប្រើប្រាស់គណនីសកម្ម។ មានប្រទេសមួយចំនួនទៀតដែលចំនួនអ្នកប្រើប្រាស់គណនីធនាគារមានការធ្លាក់ចុះ រួមទាំងគណនីសកម្មនិងអសកម្ម។ ប្រទេសនីស៊េរីយ៉ា និងប្រទេសម៉ិកស៊ិកគឺស្ថិតក្នុងចំណោមប្រទេសធំៗជាច្រើនដែលមានការធ្លាក់ចុះនៃចំនួនអ្នកប្រើប្រាស់គណនីធនាគារក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ ដូចនេះវាជាពេលដែលធនាគារជាច្រើនត្រូវពិនិត្យពិច័យរកមូលហេតុ និងផ្នត់គំនិតរបស់អ្នកប្រើប្រាស់ឡើងវិញ ពីព្រោះការជំរុញឲ្យពួកគេប្រើប្រាស់គណនីធនាគារតែមួយមុខនោះមិនគ្រប់គ្រាន់ទេ៕ ចុចអាន៖ ហេតុផលល្អៗ៦យ៉ាង ដែលអ្នកគួរចេះខ្ចីប្រាក់ពីធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយកមកវិនិយោគ ឬរកស៊ី​ ចាប់ពីពេលមានការងារធ្វើដំបូង ដោយ៖ លង់ វណ្ណៈ
X
5s