ជ័យលាភី ICT Award​ ទាំង៣ នឹង​ទៅចូលរួម​បង្ហាញនៅ​ ​​Echelon Summit 2018 ​​សិង្ហបុរី និងប្រកួត​នៅ ASEAN ICT Award​



ក្រុមហ៊ុនដែលទទួលបានជ័យលាភីទាំង៣ ពី​កម្មវិធី​ពាន​រង្វាន់​ ​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ កម្ពុជា​ ២០១៨ (ICT Award​ 2018)   នឹងត្រូវបានអញ្ជើញឲ្យចូលរួមពិព័រណ៍ ក្នុងកម្មវិធី Echelon Summit 2018 នៅប្រទេសសិង្ហបុរី និងចូលរួមប្រកួតបន្ត សម្រាប់ពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានអាស៊ាន (ASEAN ICT Award) ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT)។  កម្មវិធីប្រកួតប្រជែងពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានកម្ពុជា គឺជាកម្មវិធីប្រកួតប្រជែង ថ្នាក់ជាតិដែលផ្តល់ឱកាសក្នុងការជំរុញនវានុវត្តន៍ ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក៏ដូចជាលើកទឹកចិត្តបង្កើតគំនិតថ្មីៗ ក្នុងចំណោមក្រុមហ៊ុនឯកជន និងស្ថាប័ន ពាក់ព័ន្ធនឹងវិស័យ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ​ជ័យលាភី​ទាំង​ ៣ ដែល​ត្រូវ​​បាន​ប្រកាស​​ម្សិលមិញ​រួម​មាន៖ ជ័យលាភីលេខ ១ ​ Morakot VB (Core Banking System) បង្កើតឡើងដោយក្រុមហ៊ុន Morakot Technology៖ ពានរង្វាន់​លេខ១ ដែល​មាន​ប្រាក់រង្វាន់ ១ម៉ឺនដុល្លារ​សហរដ្ឋ​អាមេរិក បាន​ទៅ​លើ​ក្រុមហ៊ុន Morakot VB (Core Banking System) ដែល​ជាក្រមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ​ ដែល​ផ្តោត សំខាន់លើប្រព័ន្ធធនាគារ​ សម្រាប់គ្រឹះស្ថានមីក្រូហិញ្ញវត្ថុ​ ធនាគារ ហាងបញ្ចាំ​ និងប្រតិបត្តិករ ឥណទាន។ ជ័យលាភីលេខ ២ ​ Soyo (Cambodia) បង្កើតឡើងដោយក្រុមហ៊ុន Soyo Entertainment Co., Ltd.៖ ពានរង្វាន់​លេខ២ ដែល​មាន​ប្រាក់រង្វាន់ ៣ពាន់ដុល្លារ​សហរដ្ឋ​អាមេរិក បាន​ទៅ​លើ​ក្រុមហ៊ុន Soyo (Cambodia) ​ជាកម្មវិធីទស្សនាភាពយន្តដំបូងគេបំផុតក្នុងប្រទេសកម្ពុជា ដែល បណ្តុំទៅដោយភាពយន្ត ខ្មែរ ថៃ ចិន កូរ៉េ និង ហូលីវូដ រាប់ពាន់រឿងជាមួយនឹងការប្រែ សម្រួលជាភាសាខ្មែរ។ មិនត្រឹមតែប៉ុណ្ណោះកម្មវិធី Soyo បានផលិត និងនាំយកនូវ ទស្សនីយភាពប្លែកៗដែលអាចទស្សនាបាននៅក្នុងកម្មវិធីតែមួយគត់។ Soyo ផ្តល់ភាព ងាយស្រួល និងសំបូរបែបក្នុងការទស្សនាបាននៅលើឧបករណ៌គ្រប់ប្រភេទ ដោយប្រិយមិត្ត អាចរីករាយបានគ្រប់ពេលវេលា គ្រប់ទីកន្លែង។ ជ័យលាភីលេខ ៣ ​ BanhJi បង្កើតឡើងដោយក្រុមហ៊ុន PCG & Partners Co., Ltd. ៖ ពានរង្វាន់​លេខ៣ ដែល​មាន​ប្រាក់រង្វាន់ ២ពាន់ដុល្លារ​សហរដ្ឋ​អាមេរិក បាន​ទៅ​លើ​ក្រុមហ៊ុន BanhJi។ BanhJi ជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ដែលផ្តោតសំខាន់ក្នុងការគាំទ្រ សហគ្រាសធុនតូចនិងមធ្យម ដើម្បីអោយពួកគេអាចរៀបចំរបាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវ ទទួលបាន និងធ្វើការទូទាត់វិក្ក័យបត្រលឿន ព្រមទាំងអាច​ទទួលបានអាកម្ចី ដោយ​ផ្អែកលើ​ របាយការណ៍ហិរញ្ញវត្ថុតែប៉ុណ្ណោះ។ ក្រៅ​ពី​ជ័យលាភី​ខាងលើ កម្មវិធី​ក៏​បាន​ផ្ដល់​ពានរង្វាន់ល្អបំផុត​តាម​វិស័យ ដែល​បាន​ទៅលើ៖ ក្រុមហ៊ុន BanhJi សម្រាប់ផ្នែកការចាប់ផ្តើមធុរកិច្ច ក្រុមហ៊ុន Soyo សម្រាប់ផ្នែកមាតិកាឌីជីថល ក្រុមហ៊ុន Morakot VB សម្រាប់វិស័យ​ឯកជន អង្គការ ODC សម្រាប់ផ្នែកការទទួលខុសត្រូវ ក្នុងសង្គម និង​ក្រសួង​សាធារណការនិង​ដឹកជញ្ជូន​សម្រាប់​វិស័យ​សាធារណៈ។ ពានរង្វាន់ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មានកម្ពុជា (Cambodia ICT Awards) ២០១៨ ផ្តល់នូវពានរង្វាន់ចំពោះសមិទ្ធិផល បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដែលមាន ភាពច្នៃប្រឌិតខ្ពស់បំផុតក្នុងប្រទេសកម្ពុជា រៀបចំឡើងដោយ វិទ្យាស្ថានជាតិ NIPTICT និងមាន ការឧបត្ថម្ភ​គាំទ្រពី មូលនិធិនៃការកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍ លើវិស័យ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន ទូរគមនាគមន៍កម្ពុជា  ក្រុមហ៊ុន CFOCN ក្រុមហ៊ុន Edotco និងក្រុមហ៊ុន ប្រៃសណីយ៍កម្ពុជា។ គូរ​បញ្ជាក់​ថា​ កម្មវិធីប្រគល់ពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ​ដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ដើម្បីលើកកម្ពស់និងផ្តល់នូវពានរង្វាន់ចំពោះសមិទ្ធិផលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា (ICT) ដែលមានភាពច្នៃប្រឌិតខ្ពស់បំផុតក្នុងប្រទេសកម្ពុជា។ ជារៀងរាល់ឆ្នាំ ជ័យលាភីទទួលបានរង្វាន់ចាប់ពី ១,០០០ ទៅ ១០,០០០ ដុល្លារអាមេរិកដើម្បីអភិវឌ្ឍក្រុមហ៊ុន របស់ពួកគេ និងធ្វើការវិវត្តមុខជំនួញរបស់ពួកគេឆ្ពោះទៅកម្រិតបន្ទាប់។ បន្ទាប់ពីការជម្រុះនៅជុំដំបូង មានតែបេក្ខភាពចុងក្រោយចំនួន ១២ប៉ុណ្ណោះដែលត្រូវបាន ជ្រើសរើសដើម្បីបង្ហាញពីគម្រោងរបស់ពួកគេនៅចំពោះមុខគណៈវិនិច្ឆ័យដែលមានសមាសភាពតំណាងដូចជាខាងផ្នែកអាជីវកម្ម អ្នកតំណាងផ្នែកសង្គមស៊ីវិលទាក់ទងនឹងវិស័យ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា​។ គម្រោងនីមួយៗត្រូវបានវិនិច្ឆ័យដោយផ្អែកលើ ភាពច្នៃប្រឌិតរបស់ពួកគេ ការផ្តល់នូវផលប្រយោជន៍ដល់សង្គម គុណភាព និងភាពជឿជាក់ នៃផលិតផល និងបច្ចេកវិទ្យាដែលពាក់ព័ន្ធនឹងគម្រោងនីមួយៗ៕
X
5s