តើ​អាហារ​អ្វីខ្លះ​ដែល​អាច​បង្កើន​កម្រិត​កូឡេស្តេរ៉ុល​របស់​អ្នកបាន?​



អាហារ​ជាច្រើន​បាន​ត្រឹមតែ​ឆ្ងាញ់​ដល់​រស​របស់​អ្នក​ប៉ុណ្ណោះ តែ​វា​មិន​មាន​ជីវជាតិ​បំប៉ន​អ្វី​ល្អ​សម្រាប់​សុខភាព​អ្នក​នោះ​ឡើយ ហើយ​មាន​តែ​ធ្វើឲ្យ​កម្រិត​កូឡេស្តេរ៉ុល​របស់​អ្នក​កើន​ឡើង​ទៅ​ទៀត។ នៅ​ពេល​កម្រិត​កូឡេស្តេរ៉ុល​កើន​ឡើង នោះ​អ្នក​ងាយ​នឹង​ប្រឈម​មុខ​ទៅ​នឹង​ជំងឺ​បេះដូង​បាន។ តើ​អាហារ​អ្វីខ្លះ​ដែល​អាច​បង្កើន​កម្រិត​កូឡេស្តេរ៉ុល​របស់​អ្នក ?

១) អាហារ​ចៀន​ឬ​បំពង​ខ្លាញ់៖ មូលហេតុ​ដែល​អាហារ​ចៀន​ឬ​បំពង​ខ្លាញ់​បង្កើន​កម្រិត​កូឡេស្តេរ៉ុល​របស់​អ្នក នេះ​ក៏​ព្រោះ​តែ​ប្រភេទ​អាហារ​បែប​នេះ​តែង​សម្បូរ​ដោយ​អាស៊ីដ​ខ្លាញ់​ឆ្អែត​និង​ជាតិ​សូដ្យូម និង​អាស៊ីដ​ខ្លាញ់​មិន​ទាន់​ឆ្អែត​ដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​យក​ទៅ​បំពង​ឬ​ចៀន​អាហារ​របស់​អ្នក។ នៅ​ពេល​អ្នក​ទទួលទាន​វា វា​អាច​បង្កើន​កម្រិត​កូឡេស្តេរ៉ុល​របស់​អ្នក និង​បង្កើន​ហានិភ័យ​របស់​អ្នក​ពី​ជំងឺ​បេះដូង​បាន។

២) ការ៉េម៖ ការ៉េម​គឺជា​បង្អែម​ដ៏​ពេញ​និយម​បំផុត​មួយ​សម្រាប់​មនុស្ស​ជាច្រើន។ ប៉ុន្តែ​វា​សម្បូរ​ដោយ​អាស៊ីដ​ខ្លាញ់ ដែល​មិន​មាន​ផល​ល្អ​ចំពោះ​សុខភាព​បេះដូង​របស់​អ្នក​ឡើយ។ ហេតុនេះ​បើ​អ្នក​ចង់​ទទួលទាន​បង្អែម អ្នក​គួរតែ​ងាក​ទៅ​រក​ផ្លែឈើ​ស្រស់ៗ​ទើប​ជា​ការ​ល្អ ព្រោះ​ថា​ផ្លែឈើ​សម្បូរ​ជាតិ​សរសៃ​និង​មាន​កាឡូរី​ទាប ថែមទាំង​មាន​វីតាមីន​និង​សារធាតុ​បំប៉ន​ដែល​ចាំបាច់​សម្រាប់​ទ្រទ្រង់​រាងកាយ​អ្នកឲ្យ​មាន​សុខភាព​ល្អ​ទៀត​ផង។

៣) សាច់​គោ​ស្តេក(steak)៖ ទទួលទាន​សាច់​គោ​ស្តេក​ប្រមាណ​៤​អោនស៍​ឬ​ស្មើនឹង​១១៣​ក្រាម អ្នក​នឹង​ទទួលទាន​លើស​ពី​៥០%​នៃ​បរិមាណ​អាស៊ីដ​ខ្លាញ់​ឆ្អែត​ដែល​បាន​កំណត់​ក្នុង​១ថ្ងៃ។ ដូច្នេះ​ដើម្បី​សុខភាព​បេះដូង​របស់​អ្នក និង​ដើម្បី​កាត់បន្ថយ​ការ​កើន​ឡើង​នៃ​កម្រិត​កូឡេស្តេរ៉ុល ជាជាង​សាច់​គោ​ស្តេក​អ្នក​គួរតែ​ទទួលទាន​សាច់​ត្រី និង​បន្លែ​ផ្លែឈើ​ឲ្យ​បាន​ច្រើន​វិញ។

៤) សាច់​មាន់៖ សាច់​មាន់​ក៏​ជា​អាហារ​ដែល​អាច​បង្កើន​កម្រិត​កូឡេស្តេរ៉ុល​របស់​អ្នក​ដោយ​មិន​ដឹង​ខ្លួន​ដែរ ជាពិសេស​គឺ​សាច់​ដែល​មាន​ជាប់​ស្បែក។ ជើង​មាន់​មាន​ជាប់​ស្បែក​១​ចំហៀង​មាន​អាស៊ីដ​ខ្លាញ់​ច្រើន​ជាង​ហាំបឺហ្កឺ​ទៅ​ទៀត។ ម្យ៉ាងទៀត​ត្រង់​ផ្នែក​ក្រមៅ​នៃ​សាច់​មាន់​ក៏​មាន​អាស៊ីដ​ខ្លាញ់​ច្រើន​ជាង​ផ្នែក​ស​ដែរ។ អ្នក​ក៏​គួរ​ចងចាំ​ផង​ដែរ​ថា បើ​អ្នក​យក​សាច់​មាន់​ទៅ​បំពង​ក្នុង​ខ្លាញ់ នោះ​អ្នក​ក៏​បាន​ធ្វើឲ្យ​អាហារ​នេះ​មិន​មាន​សុខភាព​ល្អ​សម្រាប់​អ្នក៕

ដោយ៖ ស្រីពៅ

សូមអាន៖​ ៣យ៉ាងដែលអ្នកគួរធ្វើ ដើម្បីមានបញ្ហាធ្ងន់ធ្ងរដល់សុខភាពបេះដូងរបស់អ្នក

X
5s