វិធីសាស្ត្រ​ ៣​យ៉ាង​ដែល​ជួយ​អ្នក​ឲ្យ​ផ្ចង់​អារម្មណ៍​បាន​ល្អ​



នៅ​ក្នុង​បរិយាកាស​ជុំវិញ​ខ្លួន អ្នក​ងាយ​នឹង​ទទួល​រង​នូវ​ការ​រំខាន​ពី​កត្តា​ផ្សេងៗ​ជាច្រើន ដែល​អាច​មក​ពី​ឧបករណ៍​អេឡិចត្រូនិក សំឡេង​រំខាន​ពី​អ្នក​ជិត​ខាង ការ​គេង​មិន​គ្រប់គ្រាន់ ឬ​មិន​បាន​ទទួលទាន​អាហារ​ជាដើម ដែល​ជះ​ឥទ្ធិពល​ទៅលើ​សមត្ថភាព​ក្នុង​ការ​ផ្ចង់​អារម្មណ៍​របស់​អ្នក​ឲ្យ​មូល​ទៅលើ​កិច្ចការ​នៅ​ចំពោះ​មុខ​អ្នក។ តើ​មាន​វិធីសាស្ត្រ​អ្វីខ្លះ​ដើម្បី​ជួយ​ឲ្យ​អ្នក​អាច​ផ្ចង់​អារម្មណ៍​បាន​មូល​ល្អ ?

ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​៣​យ៉ាង​ដែល​នឹង​ជួយ​អ្នក​ឲ្យ​ផ្ចង់​អារម្មណ៍​បាន​ល្អ៖

១) ស្វែងយល់​ថា​តើ​ពេលវេលា​ណា​ដែល​អ្នក​ផ្ចង់​អារម្មណ៍​បាន​មូល​បំផុត៖ មនុស្ស​ម្នាក់ៗ​អាច​ផ្ចង់​អារម្មណ៍​មូល​ល្អ​បំផុត​នៅ​ពេលវេលា​ខុសៗ​គ្នា។ អ្នក​ខ្លះ​មាន​ថាមពល​អាច​ផ្ចង់​អារម្មណ៍​មូល​ល្អ​បំផុត​នៅ​ពេល​ព្រឹក ខណៈ​ពេល​អ្នក​ខ្លះ​វិញ​នៅ​ពេល​អធ្រាត្រ​យប់​ជ្រៅ។ ដូចនេះ អ្នក​អាច​ស្វែងយល់​ថា​តើ​ពេលវេលា​ណា​ដែល​អ្នក​ផ្ចង់​អារម្មណ៍​បាន​មូល​បំផុត បន្ទាប់​មក​កំណត់​ធ្វើ​កិច្ចការ​សំខាន់ៗ​សម្រាប់​ធ្វើ​នៅ​ពេលវេលា​នោះ ហើយ​ទុក​កិច្ចការ​បន្ទាប់បន្សំ​សម្រាប់​ធ្វើ​នៅ​ពេល​ដែល​នៅ​សល់។

២) សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​មុន​ពេល​ធ្វើការ៖ មុន​ពេល​ចាប់ផ្ដើម​ធ្វើការ អ្នក​ត្រូវ​ប្រាកដ​ថា​ខួរក្បាល​របស់​អ្នក​បាន​ទទួល​ការ​សម្រាក​គ្រប់គ្រាន់។ ម្យ៉ាងទៀត មុន​ពេល​ចូល​គេង អ្នក​ត្រូវ​បំភ្លេច​ចោល​រឿង​អវិជ្ជមាន​ទាំងឡាយ​ដែល​នាំឲ្យ​ចិត្ត​អ្នក​គិត​ខ្វាយខ្វល់​ច្រើន។ នៅ​ពេល​ក្រោក​ព្រឹក​ឡើង អ្នក​គួរ​ធ្វើ​លំហាត់​ប្រាណ​ដូចជា​ការ​ដើរ ឬ​រត់ ឬ​ធាក់​កង់​ជាដើម ដើម្បី​ជួយ​ឲ្យ​អារម្មណ៍​អ្នក​ស្រស់ស្រាយ នោះ​អ្នក​នឹង​អាច​ចាប់ផ្ដើម​ធ្វើ​ការងារ​អ្នក​ជាមួយ​នឹង​អារម្មណ៍​ល្អ​បាន។

៣) កាត់បន្ថយ​ការ​ធ្វើ​កិច្ចការ​ច្រើន​មុខ​ក្នុង​ពេល​តែ​មួយ៖ ការ​ប្ដូរ​ម្ដង​ទៅ​ធ្វើ​កិច្ចការ​នេះ​ម្ដង​ងាក​ទៅ​ធ្វើ​កិច្ចការ​នោះ អាច​ប្រើប្រាស់​ថាមពល​របស់​អ្នក​ច្រើន ដែល​នឹង​ធ្វើឲ្យ​អ្នក​ពិបាក​ក្នុង​ការ​ផ្ចង់​ស្មារតី​ទៅលើ​កិច្ចការ​នីមួយៗ​បាន។ ហេតុនេះ​ហើយ​អ្នក​គួរតែ​រៀបចំ​កាលវិភាគ​ថា​ម៉ោង​ណា​អ្នក​ត្រូវ​ធ្វើ​អ្វី ហើយ​យកចិត្តទុកដាក់​ផ្ចង់​ស្មារតី​ទៅលើ​កិច្ចការ​នីមួយៗ​តែ​ម្យ៉ាង​ឲ្យ​ចប់​សិន​សឹម​ប្ដូរ​ទៅ​ធ្វើ​កិច្ចការ​មួយ​ទៀត៕

ដោយ៖ ស្រីពៅ សូមអាន៖ អាហារ៥យ៉ាងដែលជួួយឲ្យអ្នកគេងលក់ស្រួល

X
5s