​លោក​ ជី សិលា៖ ​«បាត​ដៃ​ខ្មៅ» ​​​មិន​មែន​​វាស់វែង​ផែនការ​អនាគត​នៃ​ការ​វិនិយោគ​របស់​ Sabay ​លើ​ភាពយន្ត​ទេ​​



ភាព​យន្ត​ ​«បាត​ដៃ​ខ្មៅ» ​ដែល​ជា​ទម្រង់​កុន​ខ្នាត​ធំ​ ​ក្រោម​ការ​វិនិយោគ​របស់​ Sabay Digital Plus ​សហការ​ជា​មួយ​​​​ Studio 4 ​ត្រូវ​បាន​បើក​សម្ពោធ​​កាល​ពី​ថ្ងៃ​អង្គារ​ កន្លង​ទៅ​។ ​ការ​វិនិយោគ​​ភាពយន្ត​ខ្នាត​ធំ​មួយ​នេះ​ ​ត្រូវ​បាន​លោក​ ជី សិលា​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Sabay អះអាង​ថា​ ​​ជា​ការ​វិនិយោគ​​ភាព​យន្ត​ខ្នាត​ធំ​ទម្រង់​ថ្មី​មួយ​​​​ ហើយ​លោក​មាន​ទិសដៅ​វិនិយោគ​ទម្រង់​កុន​ខ្នាត​ធំ​ទម្រង់​​ថ្មីៗ​បន្ថែម​ទៀត។ លោក​ ជី សិលា​ បាន​ថ្លែង​ដូច្នេះ​ថា​ ​​ការ​វិនិយោគ​រឿង​ "បាត​ដៃ​ខ្មៅ"​ ​គ្រាន់​តែ​ជា​ការចាប់​ផ្តើម​របស់​​​ Sabay លើ​វិស័យភាព​យន្ត​ខ្មែរ​ប៉ុណ្ណោះ ​មិនមែន​ជា​កត្តា​វាស់វែង​ផែនការ​អនាគត​នោះទេ​ ដូច្នេះ​ទោះរឿង​នេះ​ជោគជ័យ ​ឬអត់ ​Sabay នៅ​តែ​វិនិយោគ​កុន​ទម្រង់ថ្មីៗ ជាបន្តទៀត​។ នាយក​ប្រតិបត្តិ​រូប​នេះ​ បាន​បង្ហើប​ថា​  ភាពយន្ត​ធំ​បន្ទាប់​ទៀត ទំនង​ជា​ផ្តើម​ប្រតិបត្តិការ​នៅ​ឆមាស​ទី​ពីរ​ឆ្នាំ​នេះ ហើយ​ក្នុង​ទម្រង់​មួយ​ថ្មី។ ទោះ​ជា​​មិន​បាន​បង្ហើប​ពី​ទំហំ​វិនិយោគ​មក​លើ​ភាពយន្ត​ «បាតដៃ​ខ្មៅ​» ​​ក៏​ពិត​មែន​ ​ប៉ុន្តែ​​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Sabay អះអាង​ថា​​ ​ការ​វិនិយោគ​គឺ​ទៅ​លើ​​​ការ​ចំណាយ​ពេល​វេលា​ និង​ការ​ធ្វើ​ទីផ្សារ​​​ដ៏​ច្រើន​​។ លោក​បាន​ថ្លែង​​​ដូច្នេះ​ថា​ ៖«​ខ្ញុំ​មាន​ message​ មួយ​ដែល​​ថា​ ​ Sabay មិន​បាន​ចំណាយ​លុយ​ទៅ​លើ​ការ​បោះទុន​​​លើ​រឿង​នេះ​ច្រើន​​ ​ក៏​ប៉ុន្តែ​​យើង​បាន​ចំណាយ​ពេល​វេលា​ច្រើន​ទៅ​លើ​ការ​គិត​ និង​​​សរសេរ​អត្ថបទ​​​ប្រលោមលោក​មក​ជា​អត្ថបទ​ភាពយន្ត​​ និងមួយ​ចំនួន​ធំ​ចំណាយ​ទៅ​លើ​ការ​​ផ្សព្វផ្សាយ»។ លោក បន្ត​ថា​ សម្រាប់​ទម្រង់​​នៃ​ការ​វិនិយោគ​ទៅ​លើ​ខ្សែភាពយន្ត​​នា​សម័យ​ថ្មី​នេះ​ អ្នក​វិនិយោគ​ត្រូវ​តែ​ត្រៀម​កញ្ចប់​ថវិកា​មួយ​ផ្នែក​ធំ​ទៅ​លើ​ការ​ផ្សព្វផ្សាយ​ផង​ដែរ ក្រៅ​ពី​ចំណាយ​ទៅ​លើ​ការ​ផលិត។ ​​​​ ​ ភាព​យន្ត​ ​«បាត​ដៃ​ខ្មៅ» ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​​ប្រលោមលោក​​ Sabay e-novel ដែល​មាន​​អ្នក​ចូល​ទស្សនា​ជា​ច្រើន​លាន​នាក់​ ហើយ​ត្រូវ​បាន​យក​មក​សរសេរ​សម្រាប់​ផលិត​ជា​ខ្សែភាពយន្ត​​ឡើង​ ​ដែល​ខ្សែភាពយន្ត​នេះ​ ដឹក​នាំ​សម្ដែង​ និង​គ្រប់គ្រង​ការ​ផលិត​​ ដោយ​លោក​ មាស រស្មី។ ​លោក មាស រស្មី​ បាន​អះអាង​ថា​ ខ្សែភាពយន្ត​រយៈពេល​ ៩០​នាទី​នេះ ​ត្រូវ​បាន​ចំណាយ​ពេល​ ៣​ខែ​ដើម្បី​សរសេរ​សម្រួល​ពី​ប្រលោមលោក​មក​ជា​​​អត្ថបទ​ភាពយន្ត​ និង​ចំណាយ​ពេល​​ ២​ខែ​ដើម្បី​ស្វែង​រក​ទីតាំង​​ថត​ និង​តួសម្ដែង​​ ​១​ខែ​សម្រាប់​ការ​ថត​​ និង​ ៥​ខែ​ដើម្បី​កាត់ត ​សរុប​​ទៅ​គឺ​​ ១១​ខែ​ ដោយ​មិន​ទាន់​គិត​ពីការ​ចំណាយ​ពេល​ទៅលើ​ការ​គិត និង​​​សរសេរ​ប្រលោមលោក​ដើម​ និង​ការ​ផ្សព្វផ្សាយ​ផង។ ​គេ​សង្កេត​ឃើញថា​ រាល់​ទម្រង់​នៃ​ការ​វិនិយោគ​របស់​ Sabay ស្ថិត​នៅ​ក្នុង​​​​វិស័យ​កម្សាន្ត​ទាំង​អស់​ មាន​ដូច​ជា​ផ្នែក​​​ព័ត៌មាន ​កម្សាន្ត ​តន្ត្រី បទ​ភ្លេង e-sport រោងភាពយន្ត​ ជា​ដើម ល។ ខ្សែភាពយន្ត​ដែល​មាន​ក្រុម​ការងារ​ចូលរួម​ផលិត​ជាង​ ១០០​នាក់​ធ្វើ​ការ​ជា​មួយ​គ្នា​រយៈពេល​​ ១១​ខែ​នេះ​ ​ត្រូវ​បាន​​ទស្សនិកជន​ និង​អ្នក​ជំនាញ​ មើល​ឃើញ​ថា​ ​សេណារីយ៉ូ​រឿង​ និង​ការ​ផលិត​ត្រូវ​បាន​សម្រិត​សម្រាំង​បំផុត​ ហើយ​រឹត​តែ​ពិសេស​​ទៅ​​ទៀត​នោះ​ ​គឺ​ការ​សម្ដែង​​សុទ្ធ​តែ​​​​​ជា​តារា​​វ័យ​ក្មេង​ដែល​មាន​ទេពកោសល្យ​ខ្ពស់​ ​​ប៉ុន្តែ​​ពួក​គេ​មិន​មែន​ជា​តួសម្ដែង​អាជីព​​នា​ពេល​​កន្លង​មក​នោះ​ទេ តែ​ភាគ​ច្រើន​ជា​ តារា​ចម្រៀង​ Original Song ​ ដូច Sai ខាំ ជេន ម៉ានិត ជន រតនៈ រួមទាំង ចែ ឡេង និង​ហេង ចន្ទតារាវិត។​​​​ ​​​​ ​​​ ​តួអង្គ​សំខាន់​​មួយ​រូប​​ Sai សម្តែង​តួ​ រ៉ាយុទ្ធ ​​បាន​លើក​ឡើង​ថា​ ភាពយន្ត​ថ្មីនេះ​បង្កើត​ឡើង​ដោយ​ក្តី​ស្រលាញ់​ភាពយន្ត ​ហើយ​នេះ​ជា​រឿង​ខ្នាត​ធំមួយ​ដែល​មាន​ទាំង​សារ​អប់រំ​ និង​មាន​ចំណុច​បត់បែន​ច្រើន​ ដែល​ទស្សនិកជន​ទៅ​ទស្សនា​មិន​ស្តាយ​លុយ​ឡើយ។ ​ ​កញ្ញា ដាវណ្ណ​ អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ ហើយ​ក៏​ជា​ទស្សនិកជន​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រកាស​បើក​សម្ពោធ​ភាពយន្ត​កាល​ពី​ថ្ងៃ​អង្គារ​ បាន​​អះអាង​ប្រាប់​ BizKhmer ផង​ដែរថា​ ៖«ភាពយន្ត​នេះ​ បាន​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​របស់​យុវវ័យ​ទៅ​លើ​រឿង​អបិយជំនឿ​មួយ​ចំនួន​ដែល​បច្ចុប្បន្ន​យុវវ័យ​មួយ​ចំនួន​មិន​សូវ​ជា​ជឿ​លើ​រឿង​ទាំង​នេះ ​ខណៈ​មួយ​ចំនួន​ទៀត​គឺ​ជឿ​ស៊ប់​ពេក​​ដែល​នាំ​ឱ្យ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន។ ការ​មិន​ជឿ​​ទៅ​លើ​រឿង​នេះ​ ​និង​​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ សុទ្ធ​តែ​អាច​នាំ​បញ្ហា​ដល់​ខ្លួន។ នេះ​ជា​ការ​បង្កប់​ការ​អប់រំ​ដ៏​ល្អ​មួយ»។ ​​​​​​​​ ​ក្នុង​ថ្ងៃ​បើក​សម្ពោធ​នេះ​ដែរ​ ក៏​មាន​វត្តមាន​​  ឯក​ឧត្តម​​ ខៀវ កញារីទ្ធ​ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ និង​លោក​ជំទាវ និង​ឯកឧត្តម ហ៊ុន ម៉ានី តំណាង​រាស្រ្ត​មណ្ឌល​កំពង់ស្ពឺ​ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ និង​អ្នក​មុខអ្នក​ការ​ជា​ច្រើន​រូប​ទៀត។ ​ឥស្សរជន​ទាំង​ពីរ​រូប​​ខាង​លើ​​ ​បង្ហាញចំណាប់អារម្មណ៍កោតសរសើរដល់អ្នកនិពន្ធ និងផលិតកររឿង «បាតដៃខ្មៅ» ថាជាភាពយន្តមានអត្ថន័យ មានការកម្សាន្ត​បែប​អប់រំ ​និងចូលរួម​ផ្ញើសារ​ដល់​យុវជន​ទាក់ទង​នឹង​បញ្ហាចរាចរណ៍។​ ​គូសបញ្ជាក់​ផង​ដែរ​ ​Sabay បាន​ចូលរូម​ផលិត​កុន​ខ្មែរ​តំាង​ពី​ឆ្នាំ ២០១៣ មក​ ​ក្រោម​ទម្រង់​​វិនិយោគ​​មិន​ពេញ​១០០%​​​ ​ពោល​គឺ​ក្រោម​កិច្ច​សហការ​ផលិត​ជា​មួយ​ផលិតកម្ម​ផ្សេងៗ​មាន​ដូច​ជាភាពយន្ត​​ "​គ្រាប់ពេជ្រ" ​និង​"ប៉ុបពីទៅហូលីវូដ" ជា​ដើម៕​ អត្ថបទ៖ លឺ សុខហេង រូបភាព៖ ផ្ដល់ឱ្យ​ដោយ Sabay
X
5s