សកម្មភាពចំនួន ៣ដែលអ្នកគួរចៀសវាងធ្វើមុនពេលចូលគេង​



មាន​មនុស្ស​ជាច្រើន​មាន​បញ្ហា​នៅ​ក្នុង​ការ​គេង ក៏​ដោយសារតែ​បាន​ធ្វើ​នូវ​សកម្មភាព​មួយ​ចំនួន​ដោយ​មិន​ដឹង​ខ្លួន​ថា​ជា​សកម្មភាព​ដែល​មាន​ផល​រំខាន​ដល់​ការ​គេង​របស់​ពួកគេ។ តើ​សកម្មភាព​ទាំងនោះ​មាន​អ្វីខ្លះ ? ខាងក្រោម​នេះ​គឺជា​សកម្មភាព​ចំនួន​៣​ដែល​មនុស្ស​ភាគច្រើន​បាន​ធ្វើ​វា​មុន​ពេល​ចូល​គេង​ដោយ​មិន​ដឹង​ខ្លួន និង​ជា​មូលហេតុ​នៃ​ការ​គេង​មិន​លក់​របស់​ពួកគេ៖

១) ទទួលទាន​ទឹក​ច្រើន៖ ការ​ទទួលទាន​ទឹក​ក្នុង​បរិមាណ​តិច​ល្មម​មុន​ពេល​ចូល​គេង​មាន​ផល​ល្អ​ចំពោះ​រាងកាយ​របស់​អ្នក។ យ៉ាងណាមិញ អ្នក​មិន​គួរ​ទទួលទាន​ទឹក​ច្រើន​ពេក​មុន​ពេល​ចូល​គេង​នោះ​ទេ ព្រោះ​អ្នក​អាច​ក្រោក​ទៅ​បត់​ជើង​ច្រើន​ដង ដែល​អាច​រំខាន​ដល់​ដំណេក​របស់​អ្នក​ហើយ​ធ្វើឲ្យ​អ្នក​ក្រោក​មក​អស់កម្លាំង​នៅ​ពេល​ព្រឹក​បាន។

២) គេង​ថ្ងៃ៖ ការ​គេង​ថ្ងៃ​អាច​បង្កើន​ថាមពល​របស់​អ្នក​ដែល​បាន​ចុះ​ថយ​បន្ទាប់​ពី​បំពេញ​កិច្ចការ​នៅ​ពេល​ព្រឹក។ ប៉ុន្តែ​បើ​អ្នក​គេង​ច្រើន​ម៉ោង​ពេក ជាពិសេស​ការ​គេង​នៅ​ពេល​ល្ងាច នោះ​វា​អាច​មាន​ផល​លំបាក​សម្រាប់​អ្នក​ក្នុង​ការ​គេង​នៅ​ពេល​យប់​បាន។ ដូច្នេះ​បើ​អ្នក​ចង់​បង្កើន​ថាមពល​បន្ថែម​នៅ​ពេល​ថ្ងៃ អ្នក​អាច​សម្រាក​គេង​ដោយ​មិន​លើស​ពី​១​ម៉ោង​កន្លះ នោះ​វា​នឹង​មិន​មាន​ផល​រំខាន​អ្វី​ដល់​ដំណេក​នៅ​ពេល​យប់​នោះ​ឡើយ។

៣) ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក៖ មូលហេតុ​ដែល​អ្នក​ចេះ​តែ​ទទួល​បាន​ការ​ណែនាំ​មិន​ឲ្យ​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​មុន​ពេល​គេង គឺ​ដោយសារ​តែ​ពន្លឺ​ដែល​ជះ​ចេញ​ពី​ឧបករណ៍​ទាំងនោះ​មាន​ផល​រំខាន​ដល់​ដំណេក​របស់​អ្នក​និង​ភ្នែក​របស់​អ្នក​បាន។ ជាជាង​ប្រើប្រាស់​ឧបករណ៍​ទាំងនេះ អ្នក​គួរ​ជ្រើសរើស​ធ្វើ​សកម្មភាព​ដទៃ​ដូចជា​ការ​អាន​សៀវភៅ ឬ​ស្ដាប់​វិទ្យុ​ជាដើម ដើម្បី​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល៕

ដោយ៖ ស្រីពៅ

X
5s