CIC បង្កើតកម្មវិធី B.I.O ផ្ដល់ឱកាសពង្រឹងសមត្ថភាព និងបង្កើនទុនដល់ម្ចាស់សហគ្រាសខ្នាតតូច និងមធ្យម
បច្ចុប្បន្ននេះប្រជាជនកម្ពុជាភាគច្រើនកំពុងតែផុសផុលទៅលើការរកស៊ីនិងការធ្វើអាជីវកម្មដោយខ្លួនឯងជាហេតុធ្វើឲ្យមានចំនួនសហគ្រសធុនតូច និងមធ្យមមានការកើនឡើងគួរឱ្យកត់សម្គាល់។ ថ្វីត្បិតតែកំណើននៃការធ្វើសហគ្រាសធន់តូចនិងមធ្យមមានការកើនឡើងក៏ពិតមែន ប៉ុន្តែក៏មានកត្តាដែលត្រូវប្រឈមជាច្រើនទៀតដែលតម្រូវឲ្យសហគ្រិនត្រូវដោះស្រាយដូចជា ការខ្វះខាតទុនបង្វិល បញ្ហាគ្រប់គ្រងធនធានមនុស្ស ខ្វះបទពិសោធន៍ក្នុងការគ្រប់គ្រងប្រតិបត្តិអាជីវកម្ម កង្វះខាតក្នុងការទទួលបានព័ត៍មានទីផ្សារ និងខ្វះនូវផែនការក៏ដូចជាយុទ្ធសាស្រ្តក្នុងការធ្វើអាជីវកម្មជាដើម។
ដោយមើលឃើញពីបញ្ហាប្រឈមទាំងអស់នេះហើយ ទើបជម្រុញឲ្យសមាគមនអ្នកវិនិយោគកម្ពុជា(Cambodia Investor Club-CiC) បង្កើតកម្មវិធី B.I.O ដើម្បីផ្ដល់ឱកាសដល់អាជីវកម្មធនតូចនិងមធ្យមទាំងឡាយដែលស្ថិតក្នុងដំណាក់កាលដំបូងនៃការចាប់ផ្ដើមអាជីវកម្ម ឬក៏កំពុងដំណើរការអាជីវកម្មទទួលបាននូវការចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល ការប្រឹក្សាយោបល់ពីអ្នកជំនាញនិងសហគ្រិនជោគជ័យដែលមានបទពិសោធន៍ច្រើនឆ្នាំ មិនត្រឹមតែប៉ុណ្ណោះអ្នកចូលរួមនឹងទទួលបានការពិនិត្យវិនិច្ឆ័យកម្រិតបឋមលើដំណើរការអាជីវកម្មរបស់ពួកគេដែលធ្វើឡើងដោយអ្នកឯកទេសមកពីសមាគមនអ្នកវិនិយោគកម្ពុជាផងដែរ។
អត្ថប្រយោជន៍ដែលអ្នកចូលរួមទទួលបានរួមក្នុងកម្មវិធី B.I.O រួមមាន៖ ចំពោះអាជីវកម្មណាដែលមានសក្កដានុពលនឹងមានឱកាសទទួលបានទុនវិនិយោគរហូតដល់ ៥០០.០០០ដុល្លា ពីសមាគមនអ្នកវិនិយោគកម្ពុជានិងឱកាសវិនិយោគដទៃទៀត មិនតែប៉ុណ្ណោះអ្នកចូលរួមនឹងទទួលបានការបណ្ដុះបណ្ដាលសមត្ថភាពក្នុងការអភិវឌ្ឍអាជីវកម្មរយៈពេលរហូតដល់ ០៦ខែ (ដែលត្រូវបានបែងចែកជា៩វគ្គ ត្រូវនឹង ៧២ម៉ោង) ដែលនឹងចាប់ផ្ដើមនៅខែសីហាខាងមុខនេះ និងមានអត្ថប្រយោជន៍បន្ថែមដទៃទៀតដូចជា ការពង្រីកបណ្ដាញទំនាក់ទំនង និងការបង្កើនចំណេះដឹងផ្នែកព័ត៍មានទីផ្សារ។ នៅក្នុងវគ្គបណ្ដុះបណ្ដាលក្នុងកម្មវិធី B.I.O គឺផ្ដោតទៅលើ ការគ្រប់គ្រងហិរញ្ញវត្ថុនិងលំហូរសាច់ប្រាក់, ការរៀបចំផែនការយុទ្ធសាស្រ្ត និងការធ្វើទីផ្សារ, ការអភិវឌ្ឍធនធានមនុស្ស និងភាពជាអ្នកដឹកនាំ, ការអនុវត្តផ្នែកច្បាប់ និងពន្ធអាករផ្សេងៗនិងវគ្គផ្សេងៗជាច្រើនទៀត។
បើតាមការអះអាងពីក្រុមការងារនៃកម្មវិធី B.I.O ដែលថ្លែងប្រាប់ BizKhmer ព្រឹកនេះ បានឱ្យដឹងថា មកទល់នឹងពេលនេះ មានចំនួនអ្នកចុះឈ្មោះចូលរួមក្នុងកម្មវិធីនេះប្រមាណជាជាង ៣០នាក់ហើយ ដូច្នេះសម្រាប់លោកអ្នកដែលជាម្ចាស់អាជីវកម្មធនតូចនិងមធ្យម ដែលមានបំណងក្នុងការចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ គួរប្រញាប់រួសរាន់ឡើងព្រោះកម្មវិធីនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែសីហា ខាងមុខនេះហើយ។
បើអ្នកគិតថា អាជីវកម្មរបស់អ្នកត្រូវការទុនបន្ថែមក្នុងការពង្រីកឱ្យកាន់តែធំជាងមុន ក៏ដូចជាចំណេះដឹងបន្ថែមដើម្បីពង្រឹង និងពង្រីកអជីវកម្ម កម្មវិធី B.I.O ជាជម្រើសដ៏ល្អមួយសម្រាប់លោកអ្នក។ សម្រាប់ព័ត៍មានបន្ថែម និងពាក្យស្នើសុំចូលរួមកម្មវិធី សូមអញ្ជើញទូរសព្ទទៅកាន់លេខ ០៧៨ ៩៨០ ០៥៩ ឬលោកអ្នកអាចទាញយកពាក្យស្នើសុំពីគេហទំព័រ https://www.tiny.ccc/bio_app_em