អាហារចំនួន៦ប្រភេទដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នកឲ្យខ្លាំងក្លាជាងមុន
ទទួលទានអាហារបានត្រឹមត្រូវ អាចជួយធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់អ្នកខ្លាំងក្លាបាន។ នៅពេលប្រព័ន្ធភាពស៊ាំរបស់អ្នកខ្លាំងក្លា នោះអ្នកនឹងមិនងាយប្រឈមមុខនឹងការគ្រុនផ្ដាសាយនិងការចម្លងរោគផ្សេងៗដូចមុនទៀតនោះឡើយ។ ខាងក្រោមនេះគឺជាអាហារចំនួន៦ប្រភេទដែលជួយប្រព័ន្ធភាពស៊ាំរបស់អ្នកឲ្យខ្លាំងក្លាជាងមុន៖
១) បង្គា៖ បង្គានិងគ្រឿងសមុទ្រដទៃទៀតដូចជា ក្ដាម បង្កង លាស និងខ្ចងជាដើម មានផ្ទុកជាតិស័ង្កសីដែលចាំបាច់សម្រាប់ដំណើរការរបស់ប្រព័ន្ធភាពស៊ាំ។ ប៉ុន្តែអ្នកក៏មិនត្រូវទទួលទានជាតិស័ង្កសីលើសកំណត់នោះដែរ ពុំនោះទេវានឹងបែរជារារាំងដំណើរការរបស់ប្រព័ន្ធភាពស៊ាំវិញមិនខាន។ សម្រាប់បុរសជំទង់ត្រូវបានណែនាំឲ្យទទួលទានជាតិស័ង្កសីចំនួន១១មីលីក្រាម និងស្ត្រីជំទង់ចំនួន៨មីលីក្រាមក្នុង១ថ្ងៃ។
២) គ្រាប់ឈូករ័ត្ន៖ គ្រាប់ឈូករ័ត្នសម្បូរទៅដោយសារធាតុបំប៉នដូចជា ផូស្វ័រ ម៉ាញេស្យូម វីតាមីនបេ៦ និងជាពិសេសសម្បូរដោយវីតាមីនអឺដ៏ច្រើនក្នុងបរិមាណតិចតួចរបស់គ្រាប់ឈូករ័ត្នប៉ុណ្ណោះ។ វីតាមីនអឺគឺជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដ៏ខ្លាំងក្លាមួយ ដែលមានភាពចាំបាច់សម្រាប់គ្រប់គ្រងនិងថែទាំដំណើរការរបស់ប្រព័ន្ធភាពស៊ាំ។ រីឯអាហារដទៃទៀតដែលមានវីតាមីនអឺខ្ពស់ក៏មានដូចជា ផ្លែប័រ និងបន្លែបៃតងជាដើម។
៣) ផ្លែគីវី៖ គីវីសម្បូរដោយជីវជាតិបំប៉នសំខាន់ៗជាច្រើនមុខដូចជា អាស៊ីដហ្វូលិក ប៉ូតាស្យូម វីតាមីនកា និងវីតាមីនសេ។ វីតាមីនសេជំរុញគ្រាប់ឈាមសក្នុងការប្រយុទ្ធទប់ទល់ជាមួយការចម្លងរោគ រីឯជីវជាតិបំប៉នដទៃទៀតរបស់ផ្លែគីវីជួយរក្សារាងកាយរបស់អ្នកទាំងមូលឲ្យដំណើរការបានប្រក្រតី។
៤) ល្ហុង៖ ល្ហុងក៏ជាផ្លែឈើមួយប្រភេទទៀតដែលសម្បូរដោយវីតាមីនសេដែរ។ ម្យ៉ាងទៀតវាក៏សម្បូរដោយប៉ូតាស្យូម វីតាមីនបេ និងអាស៊ីដហ្វូលិក ដែលទាំងអស់នេះសុទ្ធសឹងតែចាំបាច់សម្រាប់រាងកាយរបស់អ្នក។
៥) ខ្ទឹមស៖ ខ្ទឹមសតែងត្រូវបានយើងប្រើប្រាស់ស្ទើរតែនៅក្នុងគ្រប់ម្ហូបអាហារទាំងអស់ជាប្រចាំថ្ងៃ។ វាធ្វើឲ្យអាហារមានក្លិនឈ្ងុយនិងបន្ថែមរសជាតិដល់ម្ហូបរបស់យើង។ អ្វីដែលសំខាន់គឺខ្ទឹមសអាចជួយកាត់បន្ថយសម្ពាធឈាមនិងជួយដល់ដំណើរការរបស់ប្រព័ន្ធភាពស៊ាំ។
៦) ផ្លែឈើដែលមានជាតិអាស៊ីដស៊ីទ្រិក៖ ផ្លែឈើដែលមានជាតិអាស៊ីដស៊ីទ្រិកដូចជាក្រូចឆ្មារ ក្រូចថ្លុង និងទំពាំងបាយជូរជាដើម សុទ្ធតែសម្បូរដោយវីតាមីនសេ ដែលវាជួយកសាងប្រព័ន្ធភាពស៊ាំរបស់អ្នក។ វីតាមីនសេអាចបង្កើនការផលិតរបស់គ្រាប់ឈាមស ដែលវាគឺជាតួអង្គសំខាន់នៅក្នុងការប្រយុទ្ធទប់ទល់ជាមួយការចម្លងរោគផ្សេងៗ៕
ដោយ៖ ស្រីពៅ