កម្មវិធី​ពន្លឿនល្បឿន​អភិវឌ្ឍន៍​&ឱកាស​រក​ទុន​សម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យម (B.I.O) ត្រូវ​បាន​ប្រកាស​​បើក​ជា​ផ្លូវ​ការ​​



កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ សមាគមអ្នកវិនិយោគកម្ពុជា(CIC)  បានប្រកាស​បើក​​កម្មវិធីពន្លឿន​ល្បឿន​ការ​អភិវឌ្ឍ អាជីវកម្ម និង​​ឱកាស​ចាប់​យក​ទុន​វិនិយោគសម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យម B.I.O ​“Beyond Investment Opportunity Program” ​ជា​ផ្លូវ​ការ​នៅសណ្ឋាគារភ្នំពេញ។

“B.I.O Program” គឺជាកម្មវិធីមួយដែលបង្កើតឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់អាជីវកម្មខ្នាតធនតូចនិងមធ្យមទាំងឡាយដែលស្ថិតក្នុងដំណាក់កាលដំបូងនៃការចាប់ផ្ដើម​ ឬក៏កំពុងដំណើរការអាជីវកម្មទទួលបាននូវការចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនិងការប្រឹក្សាយោបល់ពីអ្នកជំនាញនិងសហគ្រិនជោគជ័យដែលមានបទពិសោធន៍ច្រើនឆ្នាំ។ លើសពីនេះទៅទៀតកម្មវិធីក៏នឹងផ្ដល់នូវការពិនិត្យវិនិច្ឆ័យកម្រិតបឋមលើដំណើរការអាជីវកម្មដែលបានចូលរួម ពីអ្នកឯកទេសមកពីសមាគមអ្នកវិនិយោគកម្ពុជាផងដែរ។    បើតាមលោក ឡែម ចាន់សំរេច​ នាយកគ្រប់គ្រងសមាគមន៍​អ្នកវិនិយោគកម្ពុជា (CIC) B.I.O Program នឹងរៀបចំកម្មវិធីសិក្សា ក្នុងរយៈពេល ៦ខែដល់សហគ្រិនដែលបានចុះឈ្មោះចូលរួម។ កម្មវិធី​នេះ​ នឹងផ្ដល់ការបណ្ដុះបណ្ដាលដល់ម្ចាស់សហគ្រាសធនតូច និង មធ្យម​នូវចំណុចសំខាន់ចំនួន៤ គឺ៖ ១.របៀបទទួលបានចំណេះដឹងផ្នែកវិនិយោគ ( Access to Knowledge ) ២.របៀបទទួលបានទុនឬប្រាក់កម្ចីសម្រាប់វិនិយោគ(Access to Finance) ៣.របៀបក្នុងការធ្វើទីផ្សារ (Access to Market) និង ៤.របៀបក្នុងការក្លាយជាអ្នកជំនាញផ្នែកវិនិយោគ(Access to Expert ) ។ ក្រៅពីនេះB.I.O ក៏ផ្ដោតទៅលើចំណុចសំខាន់ផ្សេងទៀតដូចជា៖ ការអភិវឌ្ឍធនធានមនុស្ស និងភាពជាអ្នកដឹកនាំ, ការអនុវត្តផ្នែកច្បាប់ និងពន្ធអាករផ្សេងៗជាដើម។

ដើម្បីឲ្យកម្មវិធីនេះដំណើរការដោយជោគជ័យ សមាគមអ្នកវិនិយោគកម្ពុជា(CIC)បានដាក់ចេញនូវគោលការណ៍ “ព៣” សម្រាប់សហគ្រិនគឺ៖ ពង្រឹង ពង្រីក និង ពន្លឿន ល្បឿននៃការ វិនិយោគរបស់ខ្លួន។ លើសពីនេះទៅទៀតកម្មវិធី B.I.O ក៏នឹងផ្ដល់ឱកាសដល់សហគ្រិនដើម្បីជួបជាមួយអ្នកវិនិយោគ ក្នុងការស្វែងរកទុនសម្រាប់វិនិយោគផងដែរ។ បើតាមការលើកឡើងរបស់លោក ម៉ៅ សាវីន ប្រធានគណៈកម្មការវិនិយោគនៃ CICបានឲ្យដឹងថា Bio Program បង្កើតឡើងដើម្បីតភ្ជាប់ទំនាក់ទំនងក៏ដូចជាពង្រឹងសមត្ថភាព រវាងសហគ្រិន និង អ្នកវិនិយោគក្នុងប្រទេសកម្ពុជាផងដែរ។

 គួរបញ្ជាក់ផងដែរថា កម្មវិធី B.I.O មិនមែនបង្កើតឡើងសម្រាប់តែផ្ដល់ការបណ្ដុះបណ្ដាលសហគ្រិនមួយមុខនោះទេ តែក៏សម្រាប់អ្នកវិនិយោគផងដែរ។ ដើម្បីចូលរួមក្នុងកម្មវិធី សហគ្រិនត្រូវបង់ប្រាប់វិភាគទាន ៧៥០ ដុល្លារ​ ហើយការចូលរួមនេះនឹងជួយឲ្យពួកគេក្លាយជាសមាជិករបស់ CIC ដោយស្វ័យប្រវត្តិ។ ក្រោយបញ្ចប់កម្មវិធី សហគ្រិនឆ្នើមបំផុតចំនួន ៣ នឹងទទួលបានឱកាសក្នុងបង្ហាញ គម្រោងវិនិយោគរបស់ខ្លួន នៅក្រៅប្រទេស (ក្នុងតំបន់អាស៊ាន) ដើម្បីស្វែងរកទុនវិនិយោគ ហើយរាល់ការចំណាយទាំងអស់ ជាបន្ទុករបស់សមាគមអ្នកវិនិយោគកម្ពុជា(CIC)៕

X
5s