ដ្បិតមានជម្លោះការទូត តែ​វៀតណាម​ជា​ដៃគូ​ពាណិជ្ជ​កម្ម​ធំ​បំផុតរបស់​ចិន​ នៅ​ប្លុក​អាស៊ាន​



បើ​ទោះ​វៀតណាម មាន​ជម្លោះ​ការទូត​ដ៏​ក្ដៅ​គគុក ពាក់ព័ន្ធ​​ដែន​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​ចិន​​​ក៏​ពិត​មែន ប៉ុន្តែ​ប្រទេស​នេះ ​បាន​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​​ជា​លើក​ដំបូង​របស់​ទីក្រុង​ប៉េកាំង នៅ​ប្លុក​អាស៊ាន ដោយ​ពាណិជ្ជកម្ម​ទ្វេភាគី​ប្រចាំ​ខែ ​ក្នុង​ឆ្នាំ​២០១៨​នេះ មាន​​ច្រើន​ជាង ១០ ពាន់​លាន​ដុល្លារ​អាមេរិក។ ក្នុង​ខែ​មិថុនា​ ឆ្នាំ​២០១៨ ទំហំពាណិណ្ជកម្មរវាង​ ចិន​-វៀតណាម បាន​ហក់​​ដល់​ ១១,២ ពាន់​លាន​ដុល្លារ ខណៈ​រវាង​ចិន និង​ម៉ាឡេស៊ី​ ដែល​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ធំ​របស់​​​​ប្រទេស​មហាអំណាច​សេដ្ខកិច្ច​ទី​២​លើ​លោក មាន​​តែ​​ ៩,៣ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។ ដោយឡែកក្នុងរយៈ​ពេល ៦ខែ​ឆ្នាំ​នេះ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ បាន​កើន ២៨,៨ % បើ​ប្រៀបធៀបនឹង​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​ ២០១៧ ពោល​គឺ​ខ្ពស់​ជាង ១៥,៥ %។ នេះបើយោងតាម លោក Hu Suo Jin ​ទី​ប្រឹក្សា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម នៃ​ស្ថានទូត​ចិន​ប្រចាំ​នៅ​​វៀតណាម​ អំឡុង​ពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន ស្ដី​អំពីទំនាក់ទំនង​​សេដ្ឋកិច្ច​ទ្វេភាគី ​កាល​ពី​ពេលថ្មីៗ។ លោក Hu Suo Jin បាន​សង្កត់​ធ្ងន់​ថា នេះ​ជា​រយៈ​ពេល​ដ៏​ល្អ​ជា​ប្រវត្តិ​សាស្ត្រ នៃ​ទំនាក់ទំនង​​សេដ្ឋកិច្ច រវាង​ប្រទេស​ទាំង​ពីរ។ ចំណែក​មន្ត្រី​ពាណិជ្ជកម្ម​​ស្ថានទូត​ចិន ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា ខ្លួន​​បាន​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ តាម​បណ្ដោយ​ព្រំដែន​ប្រទេស​ទាំង​ពីរ ដើម្បី​សម្រួល​ការ​នាំចូល នៃ​ផលិត​ផល​កសិកម្ម​ទៅ​កាន់​ប្រទេស​ចិន។​​ ចំណែកលោកស្រី Yin Haihon ភារធារី​នៃ​ស្ថានទូត​ចិន ​ប្រចាំ​​ប្រទេស​វៀតណាម ក៏​បាន​ប្រកាស​ដែរ​ថា នៅ​ពាក់​កណ្ដាល​​ឆ្នាំ ២០១៩ នឹង​មាន​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​​ ជា​បន្តបន្ទាប់​រវាង​ប្រទេស​ទាំង​ពីរ​ ហើយ​ស្ថានទូត​ចិន នឹង​ប្រឹង​ឱ្យ​អស់​ពី​លទ្ធភាព ដើម្បី​ជំរុញ​ឱ្យ​សហគ្រាស​​ក្នុង​ប្រទេស​ខ្លួន​ មាន​ការ​វិនិយោគ​នៅ​វៀតណាម៕   ​ប្រែសម្រួល៖ សុម៉ាវត្តី
X
5s