SoYo ទទួល​បាន​សិទ្ធិ​ផ្សាយ​រឿង​ភាគ​ធំ​បង្អស់​របស់ PNN​ ​ផ្នែក​លើ​លក្ខខណ្ឌ​ពីរ​​



ក្រុមហ៊ុន Soyo ដែល​បោះ​ទុន​រាប់​លានដុល្លារ​ក្នុង​ការ​បង្កើត​កម្មវិធី​ទស្សនាវីដេអូ​តាម​ app ទើប​​​ទទួល​បាន​សិទ្ធិ​​ផ្សាយរឿងភាគ «​ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» ដែលជាសមិទ្ធិផល​ធំបង្អស់​ក្នុង​ចំណោម​រឿង​ភាគ​ទូរទស្សន៍​ប្រចាំ​ឆ្នាំ​របស់​ PNN ប្រចាំឆ្នាំ២០១៨។ ​ការ​ទទួល​បាន​សិទ្ធិ​នេះ​ ​គឺ​ផ្អែក​ទៅ​លើ​លក្ខខណ្ឌ​ពីរ​យ៉ាង​​ ​នេះ​បើ​តាម​ការ​អះអាង​របស់​ ​ អ្នកគ្រប់គ្រង​កម្មវិធី​ផ្សាយ​របស់ PNN​ កញ្ញា​ទូច បុប្ផា​ ។ ​ កញ្ញា​​ បាន​ថ្លែង​ដូច្នេះ​ថា​ ៖«យើង​​ឱ្យ​សិទ្ធិ​នេះ​ទៅ​ Soyoផ្អែក​លើលក្ខខណ្ឌ​សំខាន់២ ទីមួយ​Soyoបញ្ចេញ​រឿងភាគ​របស់​យើង​ចេញ​ទៅ​មាន​គុណភាព​ល្អ មិន​ខូចពណ៌​សំឡេង​ ធ្វើ​ឱ្យ​​រឿងខ្មែរ​កាន់​តែ​ផ្សព្វផ្សាយ​បាន​ធំ​ទូលាយ យើង​មិនមែន​ធ្វើរឿង​ដើម្បី​តែ​ចំណេញ​ទេ​ PNNតែង​តែ​មាន​ទស្សនៈវិស័យ​លើក​​កម្ពស់​កុន​ខ្មែរ​ ចំណែកទីពីរ​យើងមានក្រុមគោលដៅ​ជា​ទស្សនិកជន​ខុសគ្នា កិច្ចសហការ​នេះ​នាំ​​ឱ្យ​​អ្នក​ទស្សនា​នឹង​មាន​តួលេខ​កាន់តែខ្ពស់​យើង​គ្រោង​មាន​កិច្ចសហការធំៗ​ជាច្រើន​ទៀត​ជា​មួយ​Soyo»។ លោក​ ស៊ុត ឈាងឡេង​ អ្នក​គ្រប់គ្រង​ Soyo ​បាន​ឱ្យ​ដឹង​ដែរ​ថា ទំហំ​ថវិកា​​ចំណាយ​លើ​ភាពយន្ត​​​ «ថ្ងៃមុន​ស្អប់​ថ្ងៃនេះ​ស្រលាញ់» មាន​ទំហំ​ធំ​បើ​ប្រៀប​នឹង​ការទិញ​សិទ្ធិ​រឿង​ផ្សេងៗ ។ «SoYoមាន​គោលការណ៍​នាំ​មក​ឱ្យ​ទស្សនិកជន​របស់​ខ្លួននូវ​វីដេអូ​ដែល​មាន​គុណភាព​ដូច្នេះ​ហើយ​ វាជា​ការ​សម្រេច​ចិត្ត​ត្រឹមត្រូវ​ដែល​យើង​ទិញ​យក​សិទ្ធិនេះ ហើយ​យើង​កំពុង​ព្យាយាម​បន្ថែមកិច្ច​​សហការ​ជាមួយទូរទស្សន៍​ដៃគូ​ជាច្រើនទៀត​ក្នុងការរួមចំណែក​​ឱ្យ​ភាពយន្តខ្មែរ​កាន់​តែ​មាន​គ្រប់រូបភាព​»។​ Soyoគឺ​ជា​បណ្តុំ​វីដេអូ​លើ​កម្មវិធី Appដែល​មាន​ការចូលទស្សនា​​ច្រើន​ឡើងពី​មួយថ្ងៃ​ទៅមួយថ្ងៃ​ដោយ​មាតិកា​​សំខាន់ៗ​​របស់​កម្មវិធី​នេះ​ ភាគ​ច្រើន​ជា​ភាពយន្ត ខ្លី​វែង​ និង​បទចម្រៀង​ដែល​ភ្ជាប់​ជាមួយ​សាច់រឿង ចំណែក​រឿង ​ភាគ​ថ្ងៃមុនស្អប់ថ្ងៃនេះ​ស្រលាញ់ គឺ​ជា​ស្នាដៃ​និពន្ធ​របស់​អ្នកនិពន្ធ ​ម៉ីសន​សុធារី ដែល​កាល​ពី​ឆ្នាំ​មុន​រឿងភាគ​«ស្រទន់​មន្តស្នេហ៍»បាន​ដាក់បញ្ចាំង​លើ​ទូរទស្សន៍ CTN​ហើយ​Soyoក៏ទទួល​បាន​សិទ្ធិចាក់​ផ្សាយ​បន្ត​លើ appរបស់​ខ្លួន​ដូចគ្នា។ ​ លោក ស៊ុត ​ឈាង​ឡេង ​បន្ថែម​ថា​ «ឥឡូវ​នេះ ​យើង​កំពុង​ចាក់​ផ្សាយ​រឿង​ភាគ​ បេសកកម្ម​មួយ ​ដែល​ជា​ផលិតផល​របស់ MYTV! យើង​គិត​ថា​ យើង​មាន​ដៃគូ​ជាមួយ​ទូរទស្សន៍​មួយ​ចំនួន​ដែល​​មានផល​ល្អចំពោះ​គ្នាទៅវិញ​ទៅ​មក​ហើយ​យើង​កំពុង​បង្កើន​ចំនួន​ការផ្សាយ​បន្ត​នូវរឿង​ភាគ​ខ្មែរ​ផ្សេងៗទៀត​!» ​ភាពយន្ត​ ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់ ​នឹងមាន​នៅលើ Soyo ​មួយ​សបា្តហ៍​ក្រោយ​ការផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍។ លោក ​ស៊ុត ឈាងឡេង ​បន្ថែមថា ​ក្រៅ​ពី​មាន​បទនិពន្ធ​ដ៏​ល្អ​វិចិត្រ​ វីដេអូ​ភាគ​នេះ​ដឹក​នាំរឿង​ដោយ​ផលិតកម្ម Lafilm ដែល​មាន​លោកJeansChor ​ជា​ផលិតករ​ខ្មែរសញ្ជាតិ​បារាំង​ពោរ​ពេញទៅ​ដោយ​សមត្ថភាព។ លោក​បន្ថែម​ចុងក្រោយថា​ ទស្សនិកជន​នឹង​មានអារម្មណ៍ប្លែក​អំពីភាពយន្តភាគនេះ​ ទំាងគុណភាពបច្ចេកទេស និង​រសនិយម៕
X
5s