លោក​ ហោ ចាន់រដ្ឋា៖ សម្អាង​លើ​ ៣​ចំណុច​នេះ​​ធ្វើ​ឲ្យ​ខ្ញុំ​ហ៊ាន​លក់​សៀវភៅ​ «ភាព​ជា​អ្នក​មានកំពូល» ​តម្លៃ​ ៣០ដុល្លារ​​



លោក​ ហោ ចាន់រដ្ឋា អ្នក​ស្រាវ​ជ្រាវ​ភាព​ជា​អ្នក​ដឹក​នាំ​បាន​ចំណាយ​រយៈ​ពេល​ ៨​ឆ្នាំ​នៅ​ក្នុង​ការ​ស្រាវ​ជ្រាវ​​និង​បាន​ចង​ក្រង​ជា​សៀវ​ភៅ​​​ «ភាព​ជា​អ្នក​មានកំពូល»​ ក្នុង​គោល​បំណង​សាបព្រោះ​​​នូវ​គោល​គំនិត​ភាព​ជា​អ្នក​មាន​កំពូល​លំដាប់​ពិភព​លោក​របស់​បុគ្គល​ជោគ​ជ័យ​និង​ល្បីល្បាញ​ដែល​មាន​ស្នាដៃ​លេច​ធ្លោ​ក្នុង​សាកល​លោក​មក​ដល់​កម្ពុជា​ក៏​ដូច​ជា​កូន​ខ្មែរ​ជំនាន់​ក្រោយ។

​ក្នុង​បទ​សម្ភាសន៍​ជា​មួយ​ក្រុម​ការងារ​ BizKhmer ​លោក​ ចាន់​រដ្ឋា​ ​បាន​លើក​ឡើង​ថា​ យើង​ដឹង​ហើយ​ថា​សៀវ​ភៅ​ភាគ​ច្រើន​ដែល​ដាក់​លក់​នៅ​កម្ពុជា​គឺ​មាន​តម្លៃ​ត្រឹម ​១០​ដុល្លា​ទៅ​២០​ដុល្លា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​សៀវភៅ​ដែល​មាន​តម្លៃ​ខ្ពស់​និង​កម្រ​មាន​អ្នក​ហ៊ាន​ទិញ​ណាស់​​ ប៉ុន្តែ​​​​​លោក​ ហ៊ាន​លក់​សៀវ​ភៅ​របស់​ខ្លួន​រហូត​ដល់​ទៅ​ ៣០​ដុល្លា​ក្នុង​មួយ​ក្បាល។ ​​នេះ​ជា​ហេតុផល​ ៣​សំខាន់​ៗ​​ ដែល​នាំ​​ឱ្យ​លោក​សម្រេច​ចិត្ត​បែប​នេះ៖ ​  លោក​បាន​លើក​ឡើង​ថា​ទី១ ៖ «សៀវ​ភៅ​នេះ​គឺ​ជា​អត្តសញ្ញាណ​នៃ​គុណ​ភាព​ដែល​ផ្តោត​ទៅ​លើ​ខ្លឹមសារ​ និង​សោភ័ណភាព យើង​កំពុង​តែ​សរសេរ​សៀវ​ភៅ​មួយ​ដែល​អាច​និយាយ​បាន​ថា ​ជា​សៀវ​ភៅ​ចម្លើយ​ ឬ​ជា​គម្ពី​ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​មាន​ ដែល​មិន​មែន​ត្រឹម​តែ​ជា​អ្នក​មាន​ទេ​ប៉ុន្តែ​គឺ​ជា​អ្នក​មាន​កំពូល​ថែម​ទៀត​ ហើយ​នៅ​មុន​ពេល​ដែល​សៀវ​ភៅ​នេះ​ចេញ​ផ្សាយ​យើង​បាន​ឲ្យ​អ្នក​ដឹក​នាំ​យើង​ចំនួន ​៣៣​​​រូប​ អាន​ថា​តើ​សៀវ​ភៅ​នេះ​ពិត​ជា​ល្អ​មែន​ឬ​ទេ​សម្រាប់​កូន​ខ្មែរ​ ហើយ​ល្អ​ឬទេ​សម្រាប់​អ្នក​មាន​ស្រុក​ខ្មែរ​ដូច្នេះ​នៅ​ពេល​ដែល​គាត់​មើល​ហើយ​គឺ​ពួក​គាត់​គាំ​ទ្រ នៅ​ពេល​ដែល​លក់​សៀវ​ភៅ​នេះ​ថោក​ពេក​ខ្ញុំ​ខ្លាច​ថា​វា​នឹង​ក្លាយ​ទៅ​ជា​សៀវ​ភៅ​ដែល​គ្មាន​តម្លៃ ហេតុ​អ្វី​យើង​និយាយ​ពី​៣០ដុល្លារ​ ​គឺ​មាន​ន័យ​ថា​យើង​យើង​មាន​គុណភាព​មួយ​ដែល​យើង​ហ៊ានលក់​វា»។ ទី២៖ «យើង​ចង់​ឲ្យ​តម្លៃ​ នៃ​ការ​និពន្ធ​ផ្ដោត​ទៅ​លើ​គុណ​ភាព​ និង​ចង់​ឲ្យ​ឃើញ​ថា​អ្នក​និពន្ធ​ថ្ងៃ​ក្រោយ​ក៏​អាច​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​អាច​មាន​បាន​ដោយ​សារ​សៀវ​ភៅ​របស់​គាត់​ដែរ បើ​មិន​ដូច្នេះ​ទេ​អ្នក​និពន្ធ​យើង​គឺ​គាត់​និង​គ្មាន​កម្លាំង​នៅ​ក្នុង​ការ​តែង​និពន្ធ​នោះ​ទេ ដូច្នេះ​យើង​ត្រូវ​តែ​ហ៊ាន​ក្នុងការ​ប្រកួត​ប្រជែង បើ​យើង​ខំ​សរសេរ​សៀវភៅ​មួយ​ដ៏​អស្ចារ្យ​ប៉ុន្តែ​យើង​បែ​ជា​មិន​ហ៊ាន​ថ្លៃ​តើ​អ្នក​និពន្ធ​ស្រុក​ខ្មែរ​និង​ទៅ​ជា​យ៉ាង​ណា​ ប៉ុន្តែ​បើ​សិន​ជា​យើង​ខំ​ធ្វើ​ឲ្យ​សៀវ​ភៅ​នោះ​ឲ្យ​មាន​គុណ​ភាព​ហើយ​លក់​ថ្លៃ​យើង​នឹង​អាច​ជួយ​ផ្លូវ​អ្នក​និពន្ធ​ខ្មែរ​ឲ្យ​មាន​គុណ​ភាព​និង​លក់​បាន​ថ្លៃ​»។ ទី៣៖ «ដោយ​សារ​ខ្ញុំ​សរសេរ​សៀវ​ភៅ​ពី​របៀប​ធ្វើ​ឲ្យ​មនុស្ស​ក្លាយ​ទៅ​ជា​អ្នក​មាន​ ដោយ​នៅ​ក្នុង​សៀវ​ភៅ​នេះ​វា​មាន​ជា​​គំរូ​ ឬ​ក៏​របៀប​រហូត​ដល់​ទៅ​៣០ ដូច្នេះ​មួយ​គំរូ​ឬ​ក៏​មួយ​របៀប​ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​មាន​មាន​តម្លៃ​ត្រឹម​តែ​មួយ​ដុល្លា​ទេ បើ​សិន​ជា​យើង​មិន​ធ្វើ​ឲ្យ​មនុស្ស​មាន​ការ​វិនិយោគ​ដូច្នេះ​ទេ​ មាន​ន័យ​ថា​អ្នក​មាន​ប្រហែល​ជា​មិន​មែន​ជា​របស់​ពួក​គាត់​ទេ​សូម្បី​តែ​៣០​ដុល្លារ​ គាត់​មិន​ហ៊ាន​វិនិយោគ​ផង​ ហើយ​ចង់​ក្លាយ​ជា​អ្នក​មាន​សួរ​ថា​តើ​គាត់​អាច​ធ្វើ​អ្វី​ដែល​កើត»​។

​ស្ថាបនិក​ Rotha Leading ​រូប​នេះ​បាន​​ ​មាន​ប្រសាសន៍​​បន្ថែម​ទៀត​ថា ៖«​ខ្ញុំ​មិន​សូវ​ខ្វល់​ពី​រឿង​ខ្លាច​ថា​គេ​មិន​ជួយ​ទិញ​សៀវ​ភៅ​ខ្ញុំ​ទេ​ ការ​ខ្វល់​របស់​ខ្ញុំ​គឺ​ខ្ញុំ​ខ្វល់​ថា​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ឲ្យ​គេ​គាំ​ទ្រ​ ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ឲ្យ​សៀវ​ភៅ​នេះ​មាន​គុណ​ភាព តើ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ឲ្យ​សៀវ​ភៅ​នេះ​ក្លាយ​ទៅ​ជា​សៀវ​ភៅ​ចម្លើយ​សំរាប់​ឲ្យ​មនុស្ស​គ្រប់​គ្នា​អាច​ក្លាយ​ជា​អ្នក​មាន​ ហើយ​ពេល​នេះ​គឺ​យើង​មាន​ភាព​ក្លាហាន​គ្រប់​គ្រាន់​នៅ​ក្នុង​ការ​ប្រកាស់​ប្រាប់​កម្ពុជា​ថា​  មនុស្ស​គ្រប់​គ្នា​គឺ​អាច​ក្លាយ​ជា​អ្នក​មាន​ ដូច្នេះ​តើ​ធ្វើ​យ៉ាង​ម៉េច? សៀវ​ភៅ​នេះ​គឺ​ជា​ចម្លើយ ប្រសិន​បើ​អ្នក​មើល​សៀវ​ភៅ​នេះ​ហើយ​ អ្នក​មិន​អាច​រក​ឃើញ​ចម្លើយ​ថា​ធ្វើ​ម៉េច​ដើម្បី​អាច​ក្លាយ​ជា​អ្នក​មាន​ទេ ពួកគាត់​អាច​ទំនាក់​ទំនង​មក​កាន់​ខ្ញុំ​ដែល​ជា​រដ្ឋាលីដឌីង​បាន​ ព្រោះ​ក្នុង​នាម​ខ្ញុំ​ជា​អ្នក​សរសេរ​សៀវ​ភៅ​នេះ​ខ្ញុំ​ពិត​ជា​រក​ឃើញ​ថា​សៀវ​ភៅ​នេះ​គឺ​ពិត​ជា​មាន​វិធី​សម្បូរ​បែប​ណាស់​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​មនុស្ស​ក្លាយ​ជា​អ្នក​មាន​បាន​យ៉ាង​ពិត​ប្រាកដ»។ លោក ហោ ចាន់​រដ្ឋា​ បាន​ប្រាប់​ BizKhmer មុន​បញ្ចប់​បទ​សម្ភាសន៍​ដូច្នេះ​ថា​ ៖ "ខ្ញុំ​ជឿ​ថា​ បើ​កម្ពុជា​មាន​សៀវ​ភៅ​នេះ​គ្រប់​គ្នា​នោះ​កម្ពុជា​នឹង​គ្មាន​លេស​តទៅ​ទៀត​ ដែល​និយាយ​ថា​ មិន​ដឹង​ធ្វើ​ម៉េច​ដើម្បី​ក្លាយ​ជា​អ្នក​មាន".៕

X
5s