ត្រីមាស​ទី១ សិង្ហបុរី​ស្រូប​​បាន​​ទេសចរ​បរទេស​​ច្រើន តែ​ចំណូល​ធ្លាក់​ចុះ ​​



កំណើន​​ទេសចរ​ក្នុង​ប្រទេស​កូន​ខ្លា​សេដ្ឋកិច្ច​​នៅអាស៊ី ​សិង្ហបុរី នៅ​ត្រឹម​ត្រីមាស​ទី១ ​ឆ្នាំ​២០១៨ មាន​ការ​កើន​ច្រើន បើ​ធៀប​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន ប៉ុន្តែ​​បើ​តាម​ក្រុម​ប្រឹក្សា​ទេសចរណ៍​ប្រទេស​នេះ ​​ថ្ងៃ ​២៤ សីហា ចំណូល​ទេសចរណ៍​ដែលបាន​ពីការ​លក់​សំបុត្រ បែរ​ជា​​ធ្លាក់​ចុះ​បន្តិច​វិញ។​​ ​ចំណូល​បាន​ពី​លក់​​សំបុត្រ​បាន​ធ្លាក់​ចុះ ០.៥% (ស្រូប​​បាន​ ៦,៧ពាន់​លាន​ដុល្លារ​សិង្ហបុរី) ដោយសារ​តែ​ភ្ញៀវ​ បាន​បង្វែរ​​ការ​ចំណាយ​ទៅ​លើ​ការ​ទិញ​ទំនិញ ការ​ស្នាក់​នៅ អាហារ​ហូបចុក និង​ភេសជ្ជៈជាដើម​​​។ ភ្ញៀវ​បរទេស​មក​លេង​​ប្រទេស​កូន​កោះ​ដ៏​ស៊ីវិល័យមួយ​នេះ បាន​កើន​ឡើង ៧,៣% ស្មើ ៤,៦លាន​នាក់ ហើយ​ទេសចរ​៤​ប្រទេស​សំខាន់​បំផុត​របស់​សិង្ហបុរី ពោល​គឺ​ចិន ឥណ្ឌូណេស៊ី​​ ឥណ្ឌា​​ និង​ម៉ាឡេស៊ី​​ មាន​សន្ទុុះ​កើន​ឡើង​ប្រសើរ ហើយ​អ្វី​គួរ​ឱ្យកត់សម្គាល់​នោះ ​ភ្ញៀវ​ឥណ្ឌា​​កើន ២២% បើ​ធៀប​នឹង​ត្រី​មាស​ទី ​១ ​ឆ្នាំ​២០១៧។ ប្រទេសមានទំហំ GDP ធំលំដាប់លេខ៤ នៅ ASEAN ដដែល ក្រសោប​បាន​ទេសចរ​​ចិន​ ៩៣៣.០០០ នាក់ ឥណ្ឌូណេស៊ី​​ ៧៤៧.០០០ នាក់ ឥណ្ឌា​​ ២៩៥. ០០០ នាក់ ម៉ាឡេស៊ី​​ ២៨២ ០០០ នាក់ និង​អូស្ត្រាលី ១៦៥.០០០នាក់ ស្មើ ៥៤% នៃ​ភ្ញៀវ​អន្តរជាតិ​សរុប។ ដោយឡែក​ប្រាក់ចំណូល​បន្ទប់​សណ្ឋាគារ ដែល​បាន​ចុះបញ្ជី​នៅ​ត្រីមាស​ទី១ បាន​កើន​ឡើង ៨.៥ ស្មើ​នឹង ១ពាន់​លាន​​ដុល្លារ​សិង្ហបុរី៕   ដោយ៖ សុម៉ាវត្តី 
X
5s