៥ គម្រោង​​សំខាន់បំផុត ​សិង្ហបុរី​កំពុងគិត ដើម្បី​ក្លាយ​ជា Smart Nation​



សិង្ហបុរីបាននឹង​កំពុង​ប្រើ​បច្ចេកវិទ្យា ដើម្បី​ប្រែ​ក្លាយ​ខ្លួនជា​ប្រទេសមាន​ប្រព័ន្ធ​សេដ្ឋកិច្ច​​​លក្ខណៈ​ឌីជីថល និង​​​​ឆ្លាត​វៃ​ហៅ​ថា  Smart Nation។ ប្រទេស Smart Nation ​នឹង​នាំ​មក​នូវ​ការ​យល់​ដឹង​ពីបច្ចេកវិទ្យា​ដល់​ ប្រជាជន អង្គភាព​អាជីវកម្ម​ ​រដ្ឋាភិបាល ក៏ដូចជា​លើក​ទឹកចិត្ត និង​បង្កើត​ ឱ្យមាន​ដំណោះស្រាយ​លើ​បញ្ហា​កំពុង​ប្រឈម​​។ ដើម្បី​សម្រេច​គោលបំណង​នេះ​ រដ្ឋាភិបាល​សិង្ហបុរី​​នឹង​​ដំណើរការ​គម្រោង​ស្នូល​​ចំនួន ៥ ដូច​ខាង​ក្រោម៖

១. គម្រោងធ្វើ​អត្តសញ្ញាណប័ណ្ណ​ជាតិ​បែប​ឌីជីថល (National Digital Identity) NDI ជា​មូលដ្ឋាន​ទិន្នន័យ​​​​រួម​មួយ​​ ផ្ទុក​ព័ត៌មាន​ប្រជាពលរដ្ឋ ដែលច្របាច់​បញ្ចូល​ជាមួយ​ប្រព័ន្ធ ​​E-services ឈ្មោះ MyInfo របស់​រដ្ឋាភិបាល ដើម្បី​​បង្កើត​ឱ្យមានភាព​ងាយស្រួល ​ក្នុង​ទាក់ទង​រវាង ភ្នាក់ងារ ក្រុមហ៊ុន​អាជីវកម្ម និង​ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ ​ផ្ដល់​ព័ត៌មាន​ផ្ទាល់​ខ្លួន​​ដល់​រដ្ឋាភិបាល​តែ​ម្ដង​ប៉ុណ្ណោះ ហើយ​បន្ទាប់​មក​ពួកគេ​ អាច​ប្រើ​ព័ត៌មាន​ដូច​គ្នា​នេះ ​ជាមួយ​​ភ្នាក់ងារ​វិស័យ​សាធារណៈ និង​ឯកជន​ដែល​បាន​អនុម័ត​។

២. គម្រោង​ទូទាត់​សាច់ប្រាក់​តាម​​ប្រព័ន្ធ​​អេឡិចត្រូនិក (E-payments) ​ប្រព័ន្ធ​បង់​លុយ​អេឡិចត្រូនិក​ឈ្មោះ PayNow ជា​ទម្រង់​ទូទាត់​សាច់ប្រាក់​​​រួម​មួយតាម​ទូរសព្ទ​ដៃ​​។ ប្រព័ន្ធ​នេះ​អនុញ្ញាត​ឱ្យ​មាន​ការ​ផ្ទេរ​ប្រាក់​ពី​មិត្ត​ភក្ដិ​ទៅ​មិត្ត​ ដោយ​ប្រើ​តែ​លេខ​ទូរស័ព្ទ ឬ​លេខ​កាត​អត្តសញ្ញាណ​ប័ណ្ណ​ជាតិ (NRIC)។ កំណែ​ទម្រង់​​នេះ ត្រូវ​​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ហើយ កាល​ពី​ពេល​ថ្មីៗ​ទៅ ​លើ​វិស័យ​ជំនួញ។ ​បន្ថែមលើនេះ QR-code រួម​មួយ​ឈ្មោះ ​Singapore Quick Response (SGQR) ក៏​នឹង​ត្រូវ​បាន​គេ​ដាក់​អនុវត្ត​ផង​ដែរក្នុង​ឆ្នាំ​នេះ​ ដើម្បី​​ឱ្យ​​ឈ្មួញ​ទទួល​យក​​​ការ​​ទូទាត់​សាច់​ប្រាក់ ទាំង​ក្នុង​ស្រុក និង​បរទេស។

៣. គម្រោង Smart Nation Sensor (SNSP) SNSP គឺជាស្រទាប់រចនាសម្ព័ន្ធ ដែលត្រូវបានប្រើប្រាស់ ដើម្បីប្រមូលទិន្នន័យ សម្រាប់ត្រួតពិនិត្យអ្វីៗគ្រប់យ៉ាងតាំងពីចរាចរ រហូតដល់គុណភាពទឹក។ ដោយប្រើឧបករណ៏ចាប់សញ្ញា និងអ៊ិនធឺណិត ភ្នាក់ងាររបស់រដ្ឋាភិបាល អាចប្រមូលទិន្នន័យ ដើម្បីធ្វើការវិភាគយ៉ាងស៊ីជម្រៅ។ វាមានន័យថា ពួកគេអាចធ្វើការសម្រេចចិត្តលើគម្រោង និងសេវាកម្មសាធារណៈ សម្រាប់ប្រជាពលរដ្ឋខ្លួន ដោយផ្អែកលើការយល់ច្បាស់ តាមពេលវេលាជាក់ស្តែង។ គម្រោងនេះ​រដ្ឋាភិបាល បាន​ចាប់​ផ្ដើម​ហើយ នៅ​ក្នុងស្រុក Yuhua ស្រុក Civic និង​ផ្លូង Orchard Road។

៤. គម្រោង​​ Smart Urban Mobility ក្រុមហ៊ុន​ផ្ដល់​សេវា​ដឹកជញ្ជូន​សាធារណៈ​សិង្ហបុរី SBS Transit និង SMRT ​បាន​បំពាក់​​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរ​ឆ្លាតវៃ ដែល​​បញ្ជូន​ព័ត៌មាន​ទាន់​ពេល ដើម្បី​ផ្ដល់​​ការ​ប៉ាន់ប្រមាណ​ពេល​វេលា​ដ៏​ត្រឹមត្រូវ​នៃ​​​រថយន្ត​ក្រុង។ ចំណែក​ប្រព័ន្ធ Smart Urban Mobility នេះ នឹង​​អនុញ្ញាត​ឱ្យ​អ្នក​ប្រតិបត្តិការ បង្កើន​ប្រសិទ្ធភាព​នៃ​​ការ​កំណត់​ផ្លូវ​រថយន្ត​សាធារណៈ និង​កាលវិភាគ​តាម​បរិមាណ​ចរាចរណ៍។ ចំណែក​សេវា​រថយន្ត​ស្វ័យ​ប្រវត្តិ ក៏​ត្រូវ​បាន​គេ​សាកល្បង​ផង​ដែរ ដើម្បី​ជា​ជម្រើស​សម្រាប់​វិស័យ​​ដឹកជញ្ជូន​ នា​ពេល​អនាគត។ ​

៥. គម្រោង App ទូរសព្ទដៃ Moments of Life Moments of Life ជា App ទូរសព្ទ​ដៃ អនុញ្ញាតឱ្យ​រដ្ឋាភិបាល​ ជំរុញ​ឱ្យ​សេវាកម្ម និង​ធនធានមនុស្សរបស់ខ្លួន​និង​ពាក់ព័ន្ធ ទៅ​ដល់​ប្រជាពលរដ្ឋ​ទាន់​ពេល​វេលា។ ​ការប្រើ​កម្មវិធី​នេះ​ ឪពុក​ម្ដាយ​អាច​ចុះឈ្មោះ​សៀវភៅ​កំណើត​កូន​​ ដាក់​ពាក្យ​សុំ​ប្រាក់​ឧបត្ថម្ភ​គ្រួសារ (apply for Baby Bonus ) បង្ហាញ​ពី​​ចំណាប់​អារម្មណ៍​​ចំពោះ​ការ​សិក្សា​អប់រំ ចូល​មើល​កំណត់​ត្រា​វេជ្ជសាស្ត្រ​របស់​កូន​ៗ និង​ទទួល​បាន​ព័ត៌មានស្តីពី​ការ​ចិញ្ចឹម​កូន​​ជាដើម។ ចំណុច​នេះ នឹង​លើក​ទឹកចិត្ត​​ឱ្យ​មាន​អន្តរ​ប្រតិបត្តិការ ​កាន់​តែ​ប្រសើរ​ឡើង រវាង​ស្ថាប័នជីវកម្ម ក៏​ដូច​ជា​ធានា​ថា ភ្នាក់ងារ​របស់​រដ្ឋាភិបាល មាន​សកម្មភាព​កាន់​តែ​សកម្មក្នុង​ការ​ផ្ដល់​សេវា​៕  

ប្រភព៖ Techwireasia
ដោយ៖ សុម៉ាវត្តី 

X
5s