កសិករ៥០នាក់នៅព្រះវិហារ នឹងសាកល្បងទម្រង់ Blockchain លើវិស័យស្រូវអង្ករ
បច្ចេកវិទ្យា Blockchain ដែលនៅពីក្រោយវត្តមានប្រាក់អេឡិចត្រូនិក Bitcoin ត្រូវបានអង្គការមិនស្វែងរកប្រាក់ចំណូលអន្តរជាតិ Oxfam បញ្ចូលនៅខេត្តព្រះវិហារប្រទេសកម្ពុជាហើយ កន្លែងប្រជាកសិករនឹងប្រើប្រាស់វា ដោយសង្ឃឹមទទួលតម្លៃស្រូវអង្ករដ៏ប្រសើរ មានតម្លាភាព និងយុត្តិធម៌។
គម្រោងរបស់អង្គការ Oxfam ដែលមានបំពាក់បច្ចេកវិទ្យាដ៏ទំនើបខាងលើ មានឈ្មោះ Blocrice ត្រូវបានដាក់សាកល្បង សម្រាប់ការប្រមូលផលក្នុងឆ្នាំនេះ ជាមួយកសិករផលិតស្រូវសរីរាង្គ ៥០នាក់។
គម្រោង Blocrice បង្កើតឡើងក្នុងគោលបំណង លើកស្ទួយកិច្ចសន្យារវាង កសិករ និងសហករណ៍ និងឈ្មួញនាំចេញ អ្នកផលិត និងអ្នកទិញ។ កិច្ចសន្យា នឹងកំណត់ជាមុននូវតម្លៃទិញដំបូង ទំហំពាណិជ្ជកម្ម វិធីសាស្ត្រដឹកជញ្ជូន និងលក្ខខណ្ឌផ្សេងទៀត តាមប្រព័ន្ធអេឡិកត្រូនិក។
កិច្ចសន្យាទាំងអស់ នឹងត្រូវបានចុះបញ្ជីលើទម្រង់ Blockchain ហើយរាល់កំណត់ត្រាពាណិជ្ជកម្ម និងការចំណាយផ្សេងៗ នឹងត្រូវបានធ្វើបច្ចុប្បន្នភាព។
កសិករ ៥០នាក់ ដែលបានចូលរួមសាកល្បងគម្រោង បច្ចុប្បន្ននេះពួកគេកំពុងចុះបញ្ជីទិន្នន័យដីស្រែ ដូចជា ចំនួនតំបន់ដាំដុះ និងទិន្នផលរំពឹងទុកជាដើមនោះ ទៅក្នុងគម្រោង Blocrice។ គម្រោងនេះនឹងចាប់ផ្ដើមនៅខែ មិនា ឆ្នាំ២០១៩ ក្នុងរដូវប្រមូលផលស្រូវនារដូវវស្សា។
បើគម្រោងនេះជោគជ័យ អង្គការ Oxfam នឹងពង្រីកគំនិតនេះទៅតាមបណ្ដាខេត្តផ្សេងទៀត និងអនុវត្តបន្ថែមលើដំណាំ ដំឡូងមី គ្រាប់ស្វាយចន្ទី ពោត និងម្រេច។ ថ្ងៃទី៣១ខែសីហា ខាងមុខនេះ Oxfam នឹងបើកសិក្ខាសាលានិយាយអំពី Blocrice សម្រាប់ សហករណ៍កសិកម្មនៅក្នុងតំបន់ រដ្ឋាភិបាលថ្នាក់ខេត្ត និងក្រុមហ៊ុនវិស័យឯកជន។
ការនាំចេញអង្កររបស់កម្ពុជា បានកើនឡើងក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ ដោយសារតែការលើកលែងពន្ធ តាមអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ក្រោមគម្រោង Everything but Arms។ ឆ្នាំ ២០១៧ ក្នុងចំណោមអង្ករចំនួន ៨,៩ លានតោន ដែលផលិតនៅរដូវប្រមូលផលឆ្នាំ ២០១៧ មាន ៦០០,០០០ តោន ត្រូវបាននាំចេញទៅបរទេស ដោយជិតពាក់កណ្ដាលនៃការនាំចេញ ដឹកទៅសហភាពអឺរ៉ុប។ ទោះយ៉ាងណាគណៈកម្មការអឺរ៉ុប បាននិយាយថា ខ្លួនអាចដកប្រទេសកម្ពុជាចេញពីគម្រោង EBA បន្ទាប់ពីការព្រួយបារម្ភអំពីការអភិវឌ្ឍសិទ្ធិមនុស្សនៅក្នុងការបោះឆ្នោតថ្ងៃទី ២៩ ខែកក្កដា។
ទន្ទឹមនឹងនេះដែរប្រទេសចិន ក៏ជាទិសដៅសំខាន់ នៃការនាំចេញអង្ករកម្ពុជាផងដែរ ហើយទីក្រុងប៉េកាំងបានកំណត់កូតាប្រចាំឆ្នាំ ៥០០,០០០តោននៅត្រឹមឆ្នាំ២០១៩៕
ប្រភព៖ Asia.nikkei.com
ដោយ៖ សុម៉ាវត្តី