ការ​សោកស្ដាយទាំង ៩រឿង ដែលមនុស្សគ្រប់រូបមានពេលអស់ជីវិតពីលើលោកនេះ​



ពេលដែលអ្នកនៅក្មេង អ្នកមិនបានគិតអំពីជីវិតចុងក្រោយរបស់អ្នកនោះទេ ដោយអ្នកគ្រាន់តែដឹងតែសប្បាយប៉ុណ្ណោះ។ អ្នកគ្រាន់តែគិតអំពីម្ហូបអ្វីដែលម្ដាយរបស់អ្នកចម្អិន ទូរទស្សន៍ប៉ុសិ៍ណាដែលអ្នកចង់មើល ម្ហូបអ្វីដែលអ្នកចូលចិត្ត ភាពសប្បាយរីករាយជាដើម។ អ្នកមិនបានគិតអំពីសេចក្ដីស្លាប់ ពីព្រោះអ្នកគិតថា អ្នកមានពេលវេលាច្រើនទៀត។ ប៉ុន្តែ នៅពេលដែលអ្នកកាន់តែមានអាយុចាស់ទៅៗ អារម្មណ៍នៃសេចក្ដីស្លាប់ ចាប់ឈានចូលមកស្ថិតក្នុងអារម្មណ៍របស់អ្នក។ នេះមិនមែនជាអ្វីដែលគួរឲ្យខ្លាចនោះទេ ប៉ុន្តែគ្រាន់តែចង់រម្លឹកអ្នកអំពីអ្វីដែលអ្នកគួរធ្វើពេលអ្នកមានជីវិតរស់នៅ។

ខាងក្រោមនេះគឺជាសេចក្ដីសោកស្ដាយទាំង ៩ រឿងដែលមនុស្សគ្រប់រូបមានពេលអស់ជីវិតពីលើលោកនេះទៅ ដែលដកស្រង់ពី truelymind

១) មិនបានសម្រេចក្ដីសុបិន្ត

បើយោងតាមលោកស្រី Bronnie Ware អ្នកមើលថែជំងឺម្នាក់ក្នុងប្រទេសអូស្ដ្រាលី បានសរសេរនូវរឿងរ៉ាវរបស់អ្នកជំងឺរបស់លោកស្រីដែលជារឿងគួរឲ្យសោកស្ដាយក្នុងជីវិតរបស់ពួកគេ។ លោកស្រីបានថែទាំអ្នកជំងឺរបស់លោកស្រីដែលមានពេលតែ ១២សប្ដាហ៍នៃជីវិតចុងក្រោយរបស់ពួកគេ ហើយបានដឹងរឿងរ៉ាវជាច្រើនពីអ្នកជំងឺទាំងនោះ។ លោកស្រី ក៏បានសរសេរសៀវភៅមួយដែលមានចំណងជើងថា The Top 5 Regrets of Dying ផងដែរ។ ភាគច្រើននៃអ្នកជំងឺទាំងនោះគឺមិនទាន់បានសម្រេចក្ដីសុបិន្តរបស់ពួកគេ សម្បីតែពាក់កណ្ដាល។ ដូចនេះ កុំស្លាប់ជាមួយនឹងក្ដីសុបិន្តរបស់អ្នក។ ចូររស់នៅតាមអ្វីអ្នកចង់បាន ដោយមិនមានការសុំអនុញ្ញាតិពីនរណាម្នាក់។ សម្រេចក្ដីសុបិន្តរបស់អ្នកមុនអ្នកលាចាកលោកនេះ។

២) ខិតខំប្រឹងប្រែងយ៉ាងលំបាកខ្លួន

អ្នកទាំងអស់គ្នាខិតខំធ្វើយ៉ាងលំបាកខ្លួនជារៀងរាល់ថ្ងៃដើម្បីសម្រេចគោលដៅ ភាពជោគជ័យ និងលុយក្នុងគណនីធនាគាររបស់អ្នក។ មនុស្សម្នាក់ៗខិតខំរកលុយ ប៉ុន្តែអ្នកមិនបញ្ឈប់ត្រឹមនោះទេ។ ចុងក្រោយនៃជីវិតរបស់អ្នក អ្នកនឹងមិនចងចាំលុយប៉ុណ្ណាដែលអ្នករកបាននោះទេ ប៉ុន្តែទំនាក់ទំនងដែលអ្នកបានបង្កើត។ អ្នកនឹងចងចាំអនុស្សាវរីយដែលអ្នកបានបន្សល់ទុកជាមួយមនុស្សជាទីស្រលាញ់ គ្រួសារ និងមនុស្សនៅជុំវិញអ្នក និងសម្លេងសើចក្អាកក្អាយដែលអ្នកមានប៉ុណ្ណោះ។ អ្នកត្រូវការលុយដើម្បីរស់ ប៉ុន្តែកុំភ្លេចសាងទំនាក់ទំនងជាមួយអ្នកដ៏ទៃផងដែរ។

៣) មិនបានរាប់អានមិត្តភក្ដិ

មិត្តភក្ដិរបស់អ្នកមិនបាននៅជាមួយអ្នកគ្រប់ពេលនោះទេ។ ប្រសិនបើអ្នកនឹកពួកគេ អ្នកត្រូវទាក់ទងទៅកាន់ពួកគេតាមរយៈបណ្ដាញទំនាក់ទំនងសង្គម ឬប្រព័ន្ធទាក់ទងនានា។ ពួកគេអាចនឹងនឹកអ្នកដែល ដូចនេះពួកគេក៏ចង់ទំនាក់ទំនងមកអ្នកដូចគ្នា។ មិត្តល្អជួយអ្នកក្នុងជីវិតរបស់អ្នក ហើយពួកគេតែងតែនៅក្បែរអ្នកពេលអ្នកជួបបញ្ហា ឬរឿងពិបាកចិត្ត។ ដូចនេះ អ្នកគួរតែព្យាយាមទាក់ទងទៅមិត្តភក្ដិចាស់ៗរបស់អ្នកដើម្បីសាងទំនាក់ទំនងឡើងវិញ ជៀសវាងការស្ដាយក្រោយ។

៤) មិនមានភាពរីករាយ

អ្នកតែងគិតថាកម្លាំងពីខាងក្រៅគ្រប់គ្រងអារម្មណ៍របស់អ្នក ប៉ុន្តែការពិត គន្លឹះដើម្បីគ្រប់គ្រងអារម្មណ៍របស់អ្នកគឺនៅក្នុងខ្លួនអ្នក។ អ្នកមិនមែនជានរណាម្នាក់ដែលអាចកំណត់ថាអ្វីដែលកើតឡើងលើអ្នកនោះទេ តែអ្នកអាចជ្រើសរើសពីរបៀបដែលអ្នកតបតទៅលើវា។ ជីវិតរបស់យើងខ្លីណាស់ ដូចនេះវាជារឿងមិនបានការដែលត្រូវចំណាយពេលវេលាតប់ប្រមល់នឹងបញ្ហា។ ភាពរីករាយមិនចាំបាច់ចំណាយលុយមួយសែនដើម្បីទិញវានោះទេ ហើយភាពរីករាយធ្វើឲ្យអ្នកមានសុខភាពល្អ ធ្វើឲ្យអ្នកពេញចិត្តនិងជីវិត និងបង្កើតទំនាក់ទនងជាមួយអ្នកដ៏ទៃទៀតផង ពេលដែលអ្នករីករាយ សុខភាពផ្លូវចិត្ត ផ្លូវកាយ និងផ្លូវអារម្មណ៍ក៏ល្អផងដែរ។ ប្រសិនបើអ្នកចង់រីករាយ ផ្លាស់ប្ដូររបៀបដែលអ្នកមើលទៅលើបញ្ហាផ្សេងៗ។ ក្នុងមួយជីវិតតើមាន១០ឆ្នាំប៉ុន្មានដង ដូចនេះត្រូវចេះរីករាយខ្លះទៅ។

៥) ខ្វល់ពីសម្ដីអ្នកដ៏ទៃពេក

កុំខ្វល់ខ្វាយនឹងសម្ដីអ្នកដ៏ទៃពេក។ ជាទូទៅ អ្នកដ៏ទៃមិនគិតដូចអ្វីដែលអ្នកគិតនោះទេ ដូចនេះកុំព្រួយបារម្ភពេក។ មិនខ្វល់ថាអ្នកណានិយាយអ្វីពីអ្នកនោះទេ ចូរអ្នករស់នៅដោយការពិតរបស់អ្នក កុំយកចិត្តទុក្ខដាក់លើសម្តីរបស់អ្នកដ៏ទៃពេក។ រស់នៅដោយភាពសាមញ្ញ រីករាយ និងធ្វើអ្វីដែលត្រឹមត្រូវ។ ដូចសម្ដីរបស់លោក មហាត្មៈ គន្ធីមួយឃ្លាពោលថា៖ «គ្មាននរណាម្នាក់អាចធ្វើឲ្យអ្នកឈឺចាប់បានឡើយ បើគ្មានការអនុញ្ញាតិពីអ្នក។»

៦) ព្រួយបារម្ភច្រើនពេក

យើងតែងតែចំណាយពេលព្រួយបារម្ភទៅលើរឿងរ៉ាវផ្សេងៗច្រើនពេក។ មិនថាអ្នកជាម្ដាយ ឪពុក ឬនរណាក៏ដោយ អ្នកតែងតែមានការព្រួយបារម្ភ។ ប៉ុន្តែ កុំអនុញ្ញាតិឲ្យការព្រួយបារម្ភគ្រប់គ្រងជីវិតរបស់អ្នក។ ចុងក្រោយនៃជីវិតរបស់អ្នក មិនថាអ្នកដ៏ទៃគិតអំពីអ្នកយ៉ាងណា លុយប៉ុន្មានដែលអ្នកមាន ភាពមានឬក្រ មិនមែនជារឿងចាំបាច់នោះទេ។ ដូននេះ អ្នកមិនត្រូវធ្វើជាមនុស្សព្រួយបារម្ភគ្រប់រឿងឡើយ ប៉ុន្តែត្រូវធ្វើជាអ្នកប្រយុទ្ធដ៏អង់អាចក្លាហានគ្រប់រឿង។

៧) មិនបានថែរក្សាខ្លួន

ប្រសិនបើអ្នកមានសុខភាពមិនល្អ អ្នកនឹងគ្មានអ្វីទាំងអស់។ ដូចនេះ អ្នកត្រូវចេះមើលថែខ្លួនរបស់អ្នក។ អ្នកមានរូបកាយមួយ ចិត្តនិងដួងព្រលឹង ដូចនេះអ្នកត្រូវចេះថែរក្សាឲ្យបានល្អ។ ថែរក្សាសុខភាពផ្លូវចិត្ត ផ្លូវកាយ និងផ្លូវអារម្មណ៍របស់អ្នកឲ្យបានល្អរហូតដល់អ្នកចាស់ទៅ។ ត្រូវចេះថែរក្សាសុខភាពរបស់អ្នក ពីព្រោះអ្នកមិនអាចយកលុយទៅទិញសុខភាពបានទេ។ លោក ស្ទីវ ចប បាននិយាយថា៖ តើគ្រែអ្វីដែលមានតម្លៃថ្លៃបំផុតក្នុងលោកននេះ? នោះគឺគ្រែអ្នកជំងឺ។ អ្នកអាចជួលមនុស្សឲ្យបើឡានឲ្យអ្នក បញ្ជាមនុស្សឲ្យរកលុយឲ្យអ្នក តែអ្នកមិនអាចជួលនរណាម្នាក់ឲ្យមកឈឺជំនួសអ្នកបានទេ។

៨) មិនបានដឹងគុណ

មនុស្សជាច្រើនមិនបានដឹងគុណនូវអ្វីដែលកើតឡើងក្នុងជីវិតរបស់ពួកគេ។ អ្នកគួរតែរៀនពេញចិត្តទៅនឹងរឿងគ្រប់យ៉ាង ដូចជាដើមឈើដែលផ្ដល់ជម្រកឲ្យអ្នក ខ្យល់ដែលផ្ដល់ឲ្យអ្នកដកដង្ហើម ទឹកដែលអ្នកទទួលទានជួយឲ្យយើងមានកម្លាំង ព្រះអាទិត្យដែលផ្ដល់ពន្លឺថ្ងៃឲ្យអ្នកជាដើម។ ប្រហែលជាអ្នកគ្មានអ្វីច្រើនក្នុងជីវិតនោះតែ ប៉ុន្តែអ្នកត្រូវចេះដឹងគុណ អ្វីដែលអ្នកមាន។ ត្រូវចេះដឹងគុណចំពោះមនុស្សដែលបានជួយអ្នក។

៩) មិនរស់នៅក្នុងបច្ចុប្បន្ន

មនុស្សគ្រប់រូបមានបញ្ហាជាមួយនឹងការរស់នៅក្នុងបច្ចុប្បន្ន។ យើងរស់នៅក្នុងអតីតកាល ហើយចង់ឲ្យអតីកាលត្រលប់មករកអ្នកវិញ ឬក៏ខ្វាយខ្វាល់ច្រើនពេកទៅនឹងអនាគតដែលមិនទាន់មកដល់។ ថ្ងៃណាមួយ អ្នកនឹងគ្មានបច្ចុប្បន្នកាលទៀតឡើយ។ អ្នកគ្មានដំណើរកំសាន្ត គ្មានភ្នំត្រូវឡើង គ្មានកូនដែលមកថើបអ្នករាល់យប់ និងគ្មានមនុស្សជាទីស្រលាញ់របស់អ្នក។ ថ្ងៃណាមួយអ្នកនឹងសោកស្ដាយពីព្រោះតែអ្នកមិនរស់នៅក្នុងបច្ចុប្បន្ន។ មិនថាអ្នកអាយុប៉ុន្មាននោះទេ អ្នកអាចជ្រើសរើសការរស់នៅក្នុងពេលបច្ចុប្បន្ន។ ព្រះសម្មាសម្ពទ្ធ ទ្រង់ត្រាស់ថា៖ «អាថ៌កំបាំងនៃសេចក្ដីសុខផ្លូវកាយនិងផ្លូវចិត្តគឺកុំទុក្ខសោកជាមួយអតីតកាល កុំព្រួយបារម្ភពីអនាគត ប៉ុន្តែរស់នៅក្នុងបច្ចុប្បន្នដោយបញ្ញា»៕

ដោយ៖ លង់ វណ្ណៈ

X
5s