ប្រទេស​ ៥​​​ក្នុង​អាស៊ាន​មាន​កំណើន​សេដ្ឋកិច្ច​ខ្លាំង​ជាង​គេ​​ ២០១៨​ កម្ពុជា​លេខរៀងទី២​



​បើ​តាម​ការ​អង្កេត​ និង​ស្រាវជ្រាវ​ជុំវិញ​ការ​ព្យាករណ៍​របស់​ស្ថាប័ន​ពិភពលោក​ធំ​ៗ​ ត្រូវ​បាន​មើល​ឃើញ​ថា​ ប្រទេស​​ ៥ ​ក្នុង​តំបន់​អាស៊ាន​ ​មាន​កំណើន​សេដ្ឋកិច្ច​ខ្លាំង​ជាង​គេ​ ពោល​គឺ​ចាប់​ពី​ ៦%​ឡើង ក្នុង​នោះ​កម្ពុជា​ឈរ​លើ​លេខ​រៀង​ទីពីរ។ ជាក់​ស្ដែង​ បើ​តាម​ការ​ចេញផ្សាយ​ និង​ការ​សិក្សា​​របស់​​ FocusEconomics លើ​ប្រធាន​បទ​ ASEAN 2018 Economic Outlook ត្រូវ​បាន​មើល​ឃើញ​ថា​ ប្រទេស​ ៥​ដែល​​​​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ជាង​ ​បើ​តាម​ការ​ព្យាករណ៍​ គឺ​ មីយ៉ាន់ម៉ា ៧% ​កម្ពុជា ៦,៩% ​ឡាវ ៦,៨% ​វៀតណាម ៦,៧% និង​ហ្វីលីពីន ៦,៦%។ ​ប្រទេស​ពីរ​ផ្សេង​ទៀត គឺ​ ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​ មាន​កំណើន ៥,៣% និង ៥,២% ​ឈរ​នៅ​រៀង​គ្នា។ ​បើ​និយាយពី​​ថៃ​វិញ ហាក់​ប្រសើរ​ឡើង​គួរ​សមដែរ​​ ពោល​គឺ​អាច​ទទួល​បាន​កំណើន ៤,៣% និង​ចុង​ក្រោយ​គឺ​សិង្ហបុរី​ អាច​ទទួល​បាន​កំណើន ៣,២%។ ​បើ​គិត​ពី​តំបន់​អាស៊ាន​ទាំង​មូល យើង​អាច​មើល​ឃើញ​ថា​ ទទួល​បាន​កំណើន​មធ្យម​ប្រមាណ ៥,១%នៅ​ឆ្នាំ​២០១៨ នេះ។ បើ​យើង​គិត​ទៅ​លើ​មូលដ្ឋាន​សេដ្ឋកិច្ច​អាស៊ាន​ ​មាន​ភាព​រឹងមាំ​ខ្លាំង​ ប៉ុន្តែ​មាន​ក្ដីបារម្ភ​ជុំវិញ​សង្គ្រាម​ពាណិជ្ជកម្ម​​ដែល​អាច​បង្ក​បញ្ហា​ដល់​ដំបន់។ ​ឥណ្ឌូណេស៊ី​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​នៅ​អាស៊ាន​ មាន​កំណើន​ឡើង​នៅ​ត្រីមាស​ទី​២ ខណៈ​ថៃ​សេដ្ឋកិច្ច​ធំ​លំដាប់​ទី២ ​មាន​កំណើន​ឡើង​នូវ​តម្រូវ​ការ​ក្នុង​ស្រុក​ខ្លាំង។ អំពី​កម្ពុជា ធនាគារ​ជាតិ​នៃ​កម្ពុជា​ បាន​ព្យាករណ៍​ ​ដូច​គ្នា​​នឹង​ការ​ចេញ​ផ្សាយ​របស់​ FocusEconomics ដែរ​ ពោល​គឺ​កម្ពុជា​អាច​នឹង​ទទួល​បាន​កំណើន​ ៦,៩% ស្មើ​នឹង​ការ​ព្យាករណ៍​របស់​ ធនាគារ​ពិភពលោក ខណៈ​ IMF ព្យាករណ៍​ថា​ កម្ពុជា​អាច​ទទួល​បាន​ ៦,៨% ហើយ​ ADB វាយ​តម្លៃ​ខ្ពស់​ជាង​គេ​ ថា​ អាច​កើន​ដល់ ៧,១%។ ចំណុច​លេច​ធ្លោ​របស់​កម្ពុជា​ គឺ​ សេដ្ឋកិច្ច​ក្នុង​តំបន់​មាន​ភាព​ប្រសើរ​ឡើង ​ដែល​នាំ​ឱ្យ​ការ​វិនិយោគ ការ​នាំចេញ​ និង​ទេសចរណ៍​មាន​កំណើន​ឡើង​​ដែរ។ វាយនភណ្ឌ​ដែល​ជា​វិស័យ​ស្នូល​នៃ​ការ​នាំចេញ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​ ដោយ​សារ​តែ​យើង​មាន​កំណើន​នាំ​ចេញ​ទៅ​ជប៉ុន និងកាណាដា ខណៈ​វិស័យ​ផលិតកម្ម​យើង​មាន​ អេឡិចត្រូនិក និង​គ្រឿង​បំឡាស់​រថយន្ត។ អ្នក​ជំនាញ​សេដ្ឋកិច្ច​ IMF ប្រចាំ​នៅ​កម្ពុជា​ អ្នក​ស្រី YONG Sarah Zhou ​លើក​ឡើង​ថា​ កម្ពុជា​ទទួល​បាន​កំណើន​​គួរ​ឱ្យ​ចាប់​អារម្មណ៍ ​ដោយ​សារ​តែ​បរិយាកាស​នៃ​ម៉ាក្រូ​សេដ្ឋកិច្ច​មាន​ស្ថិរភាព​ល្អ​ ​និង​ផលិតភាព​មាន​​ភាព​ប្រសើរ​ឡើង។ គូស​បញ្ជាក់​ថា​ កម្ពុជា​​​សម្រេច​បានចំណូល​ដុល​ជាតិ​ (GNI) ក្នុង​ពលរដ្ឋ​ម្នាក់​នៅ​ឆ្នាំ​២០១៥​ ​​​គឺ​​ ១.០៧០​ដុល្លារ​ដែល​លើស​ពី​កម្រិត​គោល​​កំណត់​ដោយ​ធនាគារ​ពិភពលោក។ ​អ្វី​ដែល​ជា​កត្តា​គួរ​ឱ្យ​កត់​សម្គាល់ដែល​នាំ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ចំណូល​មធ្យមកម្រិត​ទាបនៅ​ឆ្នាំ​២០១៥​ គឺ​ដោយ​សារ​តែ​​កំណើន​សេដ្ឋកិច្ច​រឹង​មាំ​ដែល​គិត​ជា​មធ្យម​ ៧,%​ក្នុង​មួយ​ឆ្នាំ​ក្នុង​រយៈ​ពេល​​ ២០​ឆ្នាំ​ចុង​ក្រោយ​ ​និង​ការកាត់​បន្ថយ​ភាព​ក្រី​ក្រ​​ ដែល​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​លេខ​ ៤​ ក្នុង​ពិភពលោក​បើ​ធៀប​ជា​មួយ​ប្រទេស​ចំនួន ៦៩​ដែល​មាន​ទិន្នន័យ​អាច​ប្រៀប​ធៀប​គ្នា​បាន​ពី​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០០៨​​៕ ដោយ៖ វិភូ
X
5s