វៀតណាម អនុញ្ញាតឱ្យពាណិជ្ជករប្រើប្រាស់លុយ យ័ន តាមព្រំដែនជាប់ជាមួយចិន
ធនាគារកណ្ដាលវៀតណាម បានប្រកាសថា ខ្លួននឹងអនុញ្ញាតឱ្យពាណិជ្ជករប្រើប្រាស់លុយ យ័ន របស់ចិនជាផ្លូវការ សម្រាប់ប្រតិបត្តិការអាជីវកម្ម ឬដោះដូរទំនិញ នៅតាមបណ្ដោយព្រំដែនខាងជើង ជាប់ប្រទេសចិន ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១២ ខែតុលា ខាងមុខនេះ ក្នុងគោលបំណងដើម្បីជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយនៅលើសារព័ត៌មាន Xinhua។
តាមប្រភពដដែលបានដឹងថា ប្រជាជន ពាណិជ្ជករ ឬអង្គភាពអាជីវកម្ម អាចប្រើប្រាស់លុយ ដុង ក៏បាន លុយ យ័ន ក៏បានក្នុងការទូទាត់ទំនិញ ឬសេវាកម្ម មិនថាតាមរយៈប្រព័ន្ធធនាគារ និងតាមរយៈសាច់ប្រាក់នៅក្នុងតំបន់ជាប់ព្រំដែនជាមួយចិន។
វៀតណាមមានខេត្តសរុបចំនួន ៧ជាប់ព្រំដែនជាមួយសាធារណរដ្ឋប្រជាមានិត ចិន គឺ Lang Son, Quang Ninh, Ha Giang, Lai Chau, Lao Cai, Cao Bang និង Dien Bien។
បើតាមទិន្នន័យសេដ្ឋកិច្ចបានឱ្យដឹងថា វៀតណាមនាំទំនិញទៅចិន ក្នុងទំហំទឹកប្រាក់ ២៣,៤ពាន់លានដុល្លារ៨ ខែដើមឆ្នាំ២០១៨ នេះ កើនឡើងជាង ២៥%។ គិតមកដល់ពេលនេះ ចិន នៅតែជាប្រទេសនាំចូលទំនិញ វៀតណាមច្រើនជាងគេបំផុត ក្នុងចំណោមដៃគូពាណិជ្ជកម្មទាំងអស់ ពោលគឺមានទំហំទឹកប្រាក់សរុប ៤១,៤ពាន់លានដុល្លារ៕
ដោយៈ វិភូ