ម៉ាឡេស៊ី កំពុងសិក្សាគម្រោងសង់ស្ពានខ្សែទី៣ពី Johor ទៅសិង្ហបុរី
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធា មហាម៉ាត់ បានឱ្យដឹងកាលពីម្សិលមិញថា ម៉ាឡេស៊ីមានគម្រោងសាងសង់ផ្លូវខ្សែទី៣ ត ភ្ជាប់ប្រទេសរបស់ខ្លួនទៅកាន់សិង្ហបុរី។
នៅពេលសួរអំពីផែនការសង់ផ្លូវខ្សែទី៣ លោក មហាធា ប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងកូឡាឡាំពួរថា ម៉ាឡេស៊ីមានគម្រោងផែនការហើយ ប៉ុន្តែលោកនាយរដ្ឋមន្ត្រី កាន់តំណែងបន្តពីលោក Najib Razak រូបនេះ មិនបញ្ជាក់ពីព័ត៌មានលំអិតនោះឡើយ។ ចំណែកអ្នកនាំពាក្យមកពីក្រសួងដឹកជញ្ជូនសិង្ហបុរី បានឆ្លើយតបសំណួរអ្នកកាសែតថា៖ "យើងមិនបានទទួលសំណើ ឬមានទំនាក់ទំនង ពីប្រទេសម៉ាឡេស៊ីជាផ្លូវការណាមួយឡើយ ពាក់ព័ន្ធនឹងផ្លូវខ្សែទី៣ រវាងសិង្ហបុរី និងម៉ាឡេស៊ី"។
ថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ម៉ាឡេស៊ី បានរាយការណ៍ថា អភិបាលក្រុង Johor បាននឹងកំពុងស្រាវជ្រាវពី ភាពអាចប្រព្រឹត្តទៅបាននៃការសាងសង់ស្ពាន ១ខ្សែពីតំបន់ Pengerang ស្រុក Pengerang ទៅកាន់កោះ Pulau Ubin របស់ប្រទេសសិង្ហបុរី។ ដោយឡែកមន្ត្រីក្រុង Johor លោក Osman Sapian បានឱ្យដឹងថា ស្ពានដែលស្នើនេះនឹងអាចជួយសម្រួលការកកស្ទះ នៃផ្លូវ ២ខ្សែផ្សេងទៀត ដែលតភ្ជាប់២ប្រទេស។ យ៉ាងណាកាលពីម្សិលមិញ លោកបានពិភាក្សាជាមួយភាគីពាក់ព័ន្ធ អំពីការសង់ស្ពានពីទីក្រុង Johor នេះហើយ និងយល់ថាតំបន់នេះ នៅជិតកោះ Pulau Ubin ប្រមាណ ៣ គីឡូម៉ែត្រប៉ុណ្ណោះ ប៉ុន្តែផែនការនេះ ស្ថិតនៅក្នុងដំណាក់កាលស្រាវជ្រាវនៅឡើយ ហើយលោកនឹងបង្ហាញវាទៅកាន់រដ្ឋាភិបាលសហព័ន្ធ ដើម្បីធ្វើការសិក្សា។ បច្ចុប្បន្នប្រទេសកូនខ្លាសេដ្ឋកិច្ចនៅអាស៊ីសិង្ហបុរី មានផ្លូវភ្ជាប់ទៅកាន់ Johor របស់ប្រទេសម៉ាឡេស៊ី តាមរយៈផ្លូវដ៏មមាញឹក Woodlands Causeway នៅភាគខាងជើង និងស្ពាន ១ខ្សែទៀតនៅតំបន់ Tuas ភាគខាងលិច។ កាលពីពេលថ្មីៗនេះដែរ ម៉ាឡេស៊ី ទើបតែលុបចោលគម្រោង សាងសង់ផ្លូវរថភ្លើងល្បឿនលឿន ពីទីក្រុងកូឡាឡាំពួរ ទៅសិង្ហបុរី ក្រោមហេតុផល មិនអាចរ៉ាប់រងថ្លៃសាងសង់ ប្រទេសមិនទាន់មានតម្រូវការលើគម្រោងនេះ និងត្រូវការលុយ ដើម្បីដោះបំណុល៕
ប្រភព៖ Channelnewsasia
ដោយ៖ សុម៉ាលីន