ជប៉ុនឈប់ទិញជ្រូកឈឺពីថៃ តើថៃបង្វែរកាណុងទៅណា?
រដ្ឋាភិបាលក្រុងប៉េកាំង បានឈប់ទិញជ្រូកវៀតណាម ដោយសារតែជម្លោះដែនទឹកសមុទ្រចិនខាងត្បូង ជាហេតុធ្វើឱ្យជ្រូកវៀតណាមពិបាករកទីផ្សារ ចំណែកជប៉ុនឈប់នាំចូលជ្រូក ពីប្រទេសថៃរយៈពេល ៤ ខែមកហើយ ក្រោយរកឃើញថា ជ្រូកទាំងនោះមានជំងឺ។
តើអ្វីបានជាជ្រូកថៃឈឺ? ហេតុផលគឺបែបនេះ នៅពេលជ្រូកវៀតណាមខ្សត់ទីផ្សារ ក្រោយមហាអំណាចចិនឈប់នាំចូល ឈ្មួញកណ្ដាលថៃ បានទទួលទិញក្នុងតម្លៃថោក ជាលទ្ធផលនាំឱ្យជ្រូកក្នុងកសិដ្ឋានថៃ ឆ្លងជំងឺពីជ្រូកវៀតណាម។ ហេតុនេះហើយទើប ជប៉ុនបិតការនាំចូល។
ចុះថៃនាំចេញបានអត់? ច្បាស់ជាបាន ប៉ុន្តែក្នុងរូបភាពខុសច្បាប់ គឺឈ្មួញកណ្ដាលបាននាំចេញទៅកាន់ទីផ្សាររបស់មីយ៉ាន់ម៉ា។ តាមរបាយការណ៍ ជ្រូកថៃចំនួន ៥០០ក្បាលក្នុងមួយថ្ងៃ ត្រូវឈ្មួញកណ្ដាលនាំចេញខុសច្បាប់។ គណៈកម្មការវិនិយោគមីយ៉ាន់ម៉ា បាននិយាយថា រោងសម្លាប់សត្វ មិនទិញជ្រូកពីមីយ៉ាន់ម៉ាទេ ព្រោះពួកគេទិញជ្រូកតម្លៃថោកពីប្រទេសថៃ។ មីយ៉ាន់ម៉ា លក់ក្នុងតម្លៃជាង ១៣,០០០ រៀលក្នុងមួយគីឡូក្រាម ខណៈថៃលក់តែជាង ៦,៣០០ រៀលប៉ុណ្ណោះ ដែលតម្លៃនេះគឺខុសគ្នាដាច់ស្រឡះតែម្ដង។
បញ្ហាប្រឈមមួយទៀត គឺបណ្ដារោងម៉ាស៊ីនកិនស្រូវ កិនសម្រាប់ចំណីសត្វនោះ ពួកគេក៏ចាប់ផ្ដើមចិញ្ចឹមសត្វខ្លួនឯង ដូច្នេះការផ្គត់ផ្គង់ និងតម្រូវការ មិនត្រូវគ្នានោះទេ។ ដោយឡែកកសិដ្ឋានចិញ្ចឹមសត្វនៅមីយ៉ាន់ម៉ា មានទ្រង់ទ្រាយតូច ក៏បានធ្វើឱ្យការប្រកួតប្រជែងទីផ្សារពិបាកផងដែរ ខណៈកសិដ្ឋានក្នុងប្រទេសថៃ និងវៀតណាម មានសភាពធំដុំជាងឆ្ងាយ។ តម្លៃជ្រូកប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចុះខ្លាំង ដោយតម្លៃជ្រូករស់នៅសល់ត្រឹមតែ ៦,៦១៧ រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ ការនាំសាច់ជ្រូកចូលពីប្រទេសជិតខាង បានធ្វើឱ្យប៉ះពាល់ដល់ទីផ្សារក្នុងស្រុកមីយ៉ាន់ម៉ា។ ចំណែកសារព័ត៌មាន Vietnam Economic Times បានឱ្យដឹងថា សាច់ជ្រូកវៀតណាម បានចូលក្នុងទីផ្សារមីយ៉ាន់ម៉ា នៅចុងខែឧសភា ឆ្នាំ២០១៨។ ការនាំចូលដំបូងរបស់ប្រទេសនេះ មានចំនួន ២៦តោន និងឡើង ៤០ តោនជាប្រចាំខែ៕
ដោយ៖ សុម៉ាលីន
ប្រភព៖ mmtimes