លោក​ស្រី​ លឹម​ លីម៉ា ម្ចាស់​ក្រុមហ៊ុន​ LM Lima Angkor Food ៖ ចំណុច​ចាប់​ផ្ដើម​នៃ​ក្រុមហ៊ុន​របស់​ខ្ញុំ​គឺ ​ការ​បិត​ស្រា​ស​



កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​លោក​ស្រី លឹម លីម៉ា ម្ចាស់​ក្រុមហ៊ុន LM Lima Angkor Food ទើប​តែ​ទទួល​បាន​ពាន​រង្វាន់​ Women Entrepreneur Award ដែល​ជា​ពាន​រង្វាន់​សម្រាប់​សហគ្រិន​ស្ត្រី​ឆ្នើម​ នៅ​ក្នុង​កម្មវិធី​ការ​ដាក់​តាំង​បង្ហាញ​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម​នៅ​កម្ពុជា​ ដោយ​ស្នា​ដៃ​នៃ​ការ​ធ្វើ​នំ​ Cookies ឆ្ងាញ់​ពិសារ​ ​និង​ធ្វើ​ជា​រូប​ប្រាសាទ​អង្គរ​វត្ត។

ក្នុង​ឱកាស​នោះ​ផង​ដែរ​ លោក​ស្រី​ លីម៉ា បាន​ផ្ដល់​បទសម្ភាសន៍​ជា​មួយ​ក្រុម​ការងារ Bizkhmer និង​បាន​ថ្លែង​ថា​ ចំណុច​ចាប់​ផ្ដើម​នៃ​ការ​កកើត​ក្រុមហ៊ុន​ដំបូង​បំផុត​របស់​​អ្នក​ស្រី គឺ​​​ការ​បិត​ស្រា​ស។ សហគ្រិន​ស្ត្រី​ឆ្នើម​រូប​នេះ​ បាន​រៀប​រាប់​ប្រាប់​ BizKhmer ​បន្ត​ថា ក្រុមហ៊ុន LM Lima Angkor Food បង្កើត​ឡើង​តាំង​តែ​ពី​ឆ្នាំ​២០០៨​ ដែល​នៅ​ពេល​បង្កើត​ក្រុមហ៊ុន​នោះ​​ឡើង​ ​ស្រប​ពេល​ដែល​​ស្ថានភាព​គ្រួសារ​​របស់​អ្ន​ក​ស្រី ជួប​វិបត្តិ​សេដ្ឋកិច្ច​ រក​ស៊ី​ខាត​ផ្នែក​អចលន​ទ្រព្យ​។

នា​ពេល​នោះ​ អ្នក​ស្រី ប្រាប់​ថា​ ​មិន​ដឹង​ថា​ត្រូវ​ងើប​ឈរ​​ដោយ​វិធី​​ណា​​នោះ​ទេ ប៉ុន្តែ​លោក​ស្រី​និង​ស្វាមី ​បែរ​ជា​ហ៊ាន​សម្រេច​ចិត្ត​ទៅ​បើក​ក្រុមហ៊ុន​ស្រា​ស​ ដើម្បី​ជួយ​កែប្រែ​ស្ថានការណ៍​ឡើង​វិញ​ ដែល​នៅ​ពេល​នោះ​ក្រុមហ៊ុន​មាន​បុគ្គលិក​ត្រឹម​តែ​ ៧​នាក់​ប៉ុណ្ណោះ ដោយ​ការ​ចាប់​ផ្ដើម​បង្កើត​ក្រុមហ៊ុន​ស្រា​ស​ នេះ​ឡើង​​ ដោយ​សារ​តែ​មុខ​របរ​នេះ​ គឺ​ត្រូវ​ការ​ចំណាយ​ដើម​ទុន​តិច​។  

លោក​ស្រី លីម៉ា បន្ត​ទៀត​ថា​ បន្ទាប់​ពី​ការ​ដំណើរ​ការ​ក្រុមហ៊ុន​ស្រា​ស​ នៅ​ក្នុង​កំឡុង​ឆ្នាំ​២០១០ និង​២០១១ ក្រុមហ៊ុន​ក៏​ចាប់​ផ្ដើម​ដំណើរ​ការ​ផលិត​នំ​ ដែល​តាម​រយៈ​ទីផ្សារ​នំ​នេះ​ បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​កាន់​តែ​មាន​លទ្ធភាព​ ​ងើប​ឈរ​​ និង​បន្ត​រីក​ទៅមុខ​​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ក្រុមហ៊ុនលោក​ស្រី​ ​នៅ​តែ​មិន​ចោល​នៅ​ក្នុង​ការ​ពង្រឹង​អាជីវកម្ម​ស្រា​នេះ​ដែរ​ ព្រោះ​ថា​ នេះ​​ជា​ចំណុច​នៃ​ការ​ចាប់​ផ្ដើម​ដំបូង​បង្អស់​នៃ​ការ​កកើត​ក្រុមហ៊ុន LM Lima Angkor Food។

​​ក្រុមហ៊ុនLM Lima Angkor Food ខេត្ត​សៀម​រាប​ គឺ​ជា​ក្រុមហ៊ុន​ផលិត​នំ​ Cookies ស្រា​ដំណាប់​ផ្លែឈើ​ និង​សូកូឡា ដែល​បាន​ប្រើ​ប្រាស់​វត្ថុ​ធាតុ​ដើម​នៅ​ក្នុង​ស្រុក​រហូត​ដល់​ទៅ​ ៩០%​មក​ធ្វើ​ការ​ផលិត​ ហើយ​បច្ចុប្បន្ន​នេះ​កំពុង​តែ​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ច្រើន​ ដែល​បាន​នាំ​យក​ទៅ​លក់​នៅ​តាម​បណ្ដា​ផ្សារ​ទំនើប​ជា​ច្រើន​នៅ​កម្ពុជា​ ព្រម​ទាំង​បាន​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ផង​ដែរ​៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s