អ្វីអ្នកត្រូវដឹងពីសេដ្ឋកិច្ចថៃ ជើងខ្លាំងលេខ២ នៅអាស៊ានបន្ទាប់ពីឥណ្ឌូណេស៊ី
ថៃជាប្រទេសឧស្សាហកម្មថ្មីមួយ ដែលមានសេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើការនាំចេញ ពោល ១ ភាគ ៣ នៃផលិតផលក្នុងស្រុក (GDP)។ បើយោងតាមអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ក្នុងឆ្នាំ ២០១៧ ថៃមាន GDP សរុប ១៥,៤៥០ ទ្រីលានបាតស្មើ ៤៥៥ ពាន់លានដុល្លារ ជាប្រទេសសេដ្ឋកិច្ចធំបំផុតទី៨នៅអាស៊ី និងលេខ២ នៅអាស៊ានបន្ទាប់ពីឥណ្ឌូណេស៊ី។ ឆ្នាំ ២០១៨ គេរំពឹងថា GDP សរុបរបស់ថៃ នឹងកើនដល់ ជាង ៥៨០ពាន់លានដុល្លារ ចំណែកប្រាក់ចំណូលសរុបក្នុងមនុស្សម្នាក់ឆ្នាំ២០១៧ មាន ៦,៧២៩ដុល្លារ។ ចំណែកអតិផរណា ថៃមានតែ ៣,០២% និងអតិរេកពាណិជ្ជកម្ម មាន ០,៧% នៃ GDP សរុបរបស់ប្រទេស ខណៈប្រាក់បាតថៃ ជាប់ចំណាត់ថ្នាក់លេខ ១០ ជារូបិយប័ណ្ណគេប្រើញឹកញាប់បំផុតលើពិភពលោក។
A. ភូមិសាស្ត្រនយោបាយ -ផ្ទៃដី ៥១៣.១២០ គីឡូម៉ែត្រការ៉េ (ផ្ទៃទឹក ២,២៣០ គីឡូម៉ែត្រការ៉េ) -អត្រាប្រជាជន ៦៨.៨៦៣.៥១៤ នាក់ (២០១៦) -អត្រាអ្នកមានការងារធ្វើ ៣៩,៤១ លាននាក់ (២០១២) -អត្រាអ្នកអត់ការងារធ្វើ ០,៩ (២០១៤)
B. ប្រវត្តិសេដ្ឋកិច្ចថៃក្រោយរដ្ឋប្រហារឆ្នាំ ២០១៤ ក្រោយយោធាថៃ ធ្វើរដ្ឋប្រហារទម្លាក់លោកស្រី យ៊ីងឡាក់ ស៊ីណាវ៉ាត់ត្រា ខែឧសភា ឆ្នាំ២០១៤ មក AFP បានចុះផ្សាយអះអាងថា ប្រទេសមួយនេះកំពុងជួប "វិបត្តិសេដ្ឋកិច្ច"។ ចុះផ្សាយថ្ងៃ១៧ មិថុនា ឆ្នាំដដែល ព័ត៌មានជាប្រធានបទអត្ថបទក្ដៅ គឺការចាកចេញរបស់ប្រជាពលរដ្ឋកម្ពុជា ១៨ម៉ឺននាក់ចេញពីប្រទេសថៃ ដោយសារការខ្លាចនៃការធ្វើអន្តោប្រវេសន៍ ជាមួយព័ត៌មានថា សេដ្ឋកិច្ចថៃបានធ្លាក់ចុះ២,១% ពីមួយត្រីមាសទៅមួយត្រីមាស ចាប់ពីខែមករា ដល់ ខែមិនា ឆ្នាំ២០១៤។ ចាប់តាំងពីបញ្ចប់បម្រាមគោចរ ដែលបានអនុម័តដោយយោធាកាលពីខែ ឧសភា ឆ្នាំ ២០១៤ ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) លោក Supant Mongkolsuthree បានថ្លែងថា លោកព្យាករថាសេដ្ឋកិច្ចថៃនឹងកើនឡើង ២,៥ % ដល់ ៣% ខណៈវិស័យទេសចរណ៍ក៏កើនដូចគ្នា នៅឆមាសទី២ ឆ្នាំ ២០១៤។ បន្ថែមលើនេះលោក Supant Mongkolsuthree ក៏បានលើកយកការពិចារណាពីអនាគត របស់ក្រុមប្រឹក្សាភិបាលវិនិយោគទុន ស្ដីពីគម្រោងររបាយការណ៍គម្រោងវិនិយោគ ដែលត្រូវបានប៉ាន់ស្មានប្រហែល ៧០០ពាន់លានបាត ជាដំណើរការអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចដែលនឹងកើតឡើងនៅខែតុលា ឆ្នាំ២០១៤។ ជាលទ្ធផល ចំណូលសេដ្ឋកិច្ចថៃ នៅឆ្នាំ២០១៥ បានធ្វើឱ្យមានការរិះគន់ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ទាំងក្នុងស្រុក និងលោកខាងលិច។
C. គោលនយោបាយ “Thailand 4.0" រសប់រដ្ឋាភិបាលយោធា រដ្ឋាភិបាលយោធាថៃបានដាក់ចេញគោលនយោបាយ សេដ្ឋកិច្ចថ្មី "Thailand 4.0" ក្នុងឆ្នាំ២០១៦។ គម្រោងនេះ ជាគម្រោងមេដើម្បីដោះលែងថៃ ពីប្រទេសប្រាក់ចំណូលមធ្យម (middle income trap) ជាប្រទេសមានចំណូលខ្ពស់ ក្នុងរយៈពេល៥ឆ្នាំ។ រដ្ឋាភិបាលថៃ បានពិពណ៌នាថា៖
-គោលនយោបាយ Thailand 1.0 សេដ្ឋកិច្ចកសិកម្ម កាលពីច្រើនទសវត្សមុន។
-គោលនយោបាយ Thailand 2.0 ជាការរីកចម្រើននៃឧស្សាហកម្មធុនស្រាល វាយនភណ្ឌ និងការកែច្នៃម្ហូបអាហារ។
-គោលនយោបាយ Thailand 3.0 បង្ហាញពីសេដ្ឋកិច្ចបច្ចុប្បន្ន មានឧស្សាហកម្មធុនធ្ងន់ប្រមាណ ៧០%នៃ GDP សរុប។
-គោលនយោបាយ Thailand 4.0 បង្ហាញពីឧស្សាហកម្មនិងការច្នៃប្រឌិតខ្ពស់។ បើតាមការបញ្ចាក់របស់លោក ប្រាយុទ្ធ ចាន់អូចា Thailand 4.0 មាន ៣ចំណុចសំខាន់ៗទៀត។
១. ធ្វើឱ្យថៃក្លាយជាប្រទេសមានចំណូលខ្ពស់ ២. ធ្វើឱ្យថៃក្លាយជាសង្គមដែលមានការចូលរួមកាន់តែច្រើន Inclusive Society ៣. ធ្វើឱ្យថៃក្លាយជាប្រទេសផ្ដោតលើការរីកចម្រើន និងការអភិវឌ្ឍន៍ ប្រកបដោយចីរភាព។ ទោះបីជាយ៉ាងណា មានការរិះគន់ថា គោលនយោបាយ Thailand 4.0 ខ្វះខាតអ្នកជំនាញ។ ក្នុងសម័យទំនើប ថៃត្រូវការ ឧស្សាហកម្មដ៏អស្ចារ្យ។ ចំពោះដំណោះស្រាយ ថៃនឹងនាំយកអ្នកជំនាញបរទេស ដើម្បីជំរុញ Thailand 4.0 ឱ្យកាន់តែមានប្រសិទ្ធភាព។ នេះបើសម្ដីរបស់លោក Somchai Jitsuchon នាយកផ្នែកស្រាវជ្រាវសម្រាប់ការអភិវឌ្ឍរួមគ្នា នៅវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ថៃ (TDRI)។
D. កំណើន GDP សរុបឆ្នាំ២០១៥ ដល់ ២០១៨ -២០១៥ មាន ២,៩% -២០១៦ មាន ៣,២% -២០១៧ មាន ៣,៩% -២០១៨ រំពឹងនឹងកើន ៤,២%
E. អ្វីជាផ្នែកសំខាន់ជាងគេនៃសេដ្ឋកិច្ចថៃ? វិស័យឧស្សាហកម្ម និងសេវា ដើរតួជាឆ្អឹងខ្នងដ៏សំខាន់របស់ប្រទេសជិតខាងកម្ពុជាមួយនេះ ដោយក្រសោបបានទីផ្សារ ៣៩,២% វិស័យពាណិជ្ជកម្ម ១៣,៤% វិស័យដឹកជញ្ជូន និងគមនាគមន៍ ៩,៨% ផ្នែកកសិកម្ម ៨,៤% វិស័យសំណង និងរ៉ែ ៤,៣% និងវិស័យផ្សេងៗទៀតដូចជា វិស័យហិរញ្ញវត្ថុ វិស័យអប់រំ និងសណ្ឋាគារ និងភោជនីយដ្ឋានរួមបញ្ចូលគ្នាមាន ២៤,៩% នៃ GDP សរុប។
F. ឧស្សាហកម្មសំខាន់បំផុតរបស់ថៃ ១ រថយន្ត និងគ្រឿងបន្លាស់ (១០%) ២ សេវាកម្មហិរញ្ញវត្ថុ (៩%) ៣ គ្រឿងអគ្គិសនី (៨%) ៤ ទេសចរណ៍ (៦%) ៥ ស៊ីម៉ងត៍ ៦ ឧស្សាហកម្មផលិតយានយន្តធុនធ្ងន់ ស្រាល ៧ គ្រឿងអេឡិចត្រូនិក និងកុំព្យូទ័រ ៨ គ្រឿងសង្ហារិម បោសសម្អាត វាយនភណ្ឌ និងសំលៀកបំពាក់ កសិកម្មកែច្នៃ ភេសជ្ជៈ និងថ្នាំជក់
G. ប្រទេសដៃគូនាំចេញសំខាន់បំផុតរបស់ថៃ (ឆ្នាំ ២០១៦) ១ អាមេរិកមាន ១១,៤% ២ ចិនមាន ១១% ៣ សភាពអឺរ៉ុបមាន ១០,៣% ៤ ជប៉ុនមាន ៩,៦% ៥ ហុងកុងមាន ៥,៣% ៦ ប្រទេសផ្សេងៗមាន ៥២,៤% ទំហំទឹកប្រាក់នៃការនាំចេញមាន ២៣៦,៦៩ពាន់លានដុល្លារ ឆ្នាំ២០១៧ ហើយអ្វីដែលនាំចេញគ្រឿងម៉ាស៊ីន (២៣%) គ្រឿងអេឡិចត្រូនិក (១៩%) ចំណីអាហារនិងឈើ (១៤%) សារធាតុគីមីនិងប្លាស្ទិក (១៤%) រថយន្តនិងគ្រឿងបន្លាស់រថយន្ត (១២%) ថ្មនិងកញ្ចក់ (៧%) វាយនភ័ណ្ឌនិងគ្រឿងសង្ហារិម (៤ %)។
H. ប្រទេសដៃគូនាំចូលដ៏សំខាន់បំផុតរបស់ថៃ (២០១៦) ១ ចិនមាន ២១,៦% ២ ជប៉ុនមាន ១៥,៨% ៣ សភាពអឺរ៉ុបមាន ៩,៣% ៤ អាមេរិកមាន ៦,២% ៥ ម៉ាឡេស៊ីមាន ៥,៦% ៦ ប្រទេសផ្សេងៗមាន ៤១,៥% ទំហំទឹកប្រាក់នៃការនាំចូល ២២២,៧៦ ពាន់លានដុល្លារ ឆ្នាំ២០១៧។ របស់នាំចូលមានដូចជា ទំនិញល្អមានគុណភាព វត្ថុធាតុដើម ទំនិញប្រើប្រាស់ និងប្រេងឥន្ធនៈ។ I. កញ្ចប់ថវិកាជាតិ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច ឆ្នាំ ២០១៧-២០១៨ ថៃបានផ្ដល់កញ្ចប់ថវិកា ២,៧៣៣,០០០ លានបាត។ កាលពីខែឧសភាគណៈរដ្ឋមន្ត្រីថៃបានអនុម័តថវិកាឆ្នាំ២០១៨-២០១៩ ចំនួន ៣ ពាន់លានបាតកើនឡើង ៣,៤%។
J. គម្រោងអនាគត ថៃចេញគម្រោងយុទ្ធសាស្ត្រ ២០ឆ្នាំ (២០១៧-២០៣៦) កាលពីឆ្នាំ ២០១៦ ដើម្បីអភិវឌ្ឍន៍មុខមាត់ប្រទេស។ គម្រោងនោះ បង្កើតឡើងដើម្បីកែទម្រង់ ឧស្សាហកម្មដែលមានស្រាប់ លើកកម្ពស់វិស័យទេសចរណ៍ កាត់បន្ថយការិយាធិបតេយ្យ (Bureaucracy) រៀបចំរចនាសម្ព័ន្ធសារថ្មី ពង្រឹងប្រសិទ្ធភាពលើវិស័យសាធារណៈ ការអប់រំ និងជំនាញជាដើម៕
ដោយៈ សុម៉ាលីន
ប្រភពៈ Worldatlas.com,dnqtravel, adb.org, worldbank.org ,wikipedia