ផលិតកម្មប្រេងរបស់បណ្ដាប្រទេស ASEAN នឹងធ្លាក់ចុះ ៣០%នៅឆ្នាំ២០៤០
ការផ្គត់ផ្គង់ប្រេងឥន្ធនៈ បានដើរតួយ៉ាងសំខាន់នៅក្នុងប្រជាជាតិអាស៊ីអាគ្នេយ៍ ជាពិសេសក្នុងប្រទេសផលិតប្រេងដូចជា ប្រ៊ុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ ចំណែកសេដ្ឋកិច្ចក្នុងតំបន់វិញ បានរីកប៉ោងខ្លាំង ហើយប្រទេសភាគច្រើន បានវិវឌ្ឍខ្លួនពីរដ្ឋចំណូលទាប ទៅរដ្ឋមានចំណូលខ្ពស់។ ប៉ុន្តែបើតាមការព្យាករណ៍ ផលិតកម្មប្រេង ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នឹងធ្លាក់ចុះ ៣០% នៅឆ្នាំ ២០៤០ ក្រោមហេតុផលជាច្រើន រាប់បញ្ចូលទាំងការអភិរក្សកន្លែងខួង និងកន្លែងខួងប្រេងថ្មី មិនទាន់រកឃើញ។
ផលិតកម្មប្រេងធ្លាក់ចុះ ច្បាស់ណាស់តម្រូវការប្រេងក្នុងតំបន់នឹងកើនឡើងដែរ។ បើតាមការឱ្យដឹងពីទីភ្នាក់ងារថាមពលអន្តរជាតិ IEA និងភ្នាក់ងារទស្សនវិស័យថាមពលអាស៊ីអាគ្នេយ៍ តម្រូវការប្រេងត្រូវបានគេរំពឹងថា នឹងកើនឡើងពី ៤,៧លានបារ៉ែល នាពេលបច្ចុប្បន្នទៅ ៦,៦ លានបារ៉ែល ក្នុងមួយថ្ងៃនៅឆ្នាំ ២០៤០។ ចំណែកការនាំចូលប្រេង ក៏រំពឹងនឹងកើនឡើងទ្វេដង។ អ្វីជាមូលហេតុនាំឱ្យតម្រូវការប្រេងកើនឡើង? ដោយសារតែកំណើនយ៉ាងគំហុក នៃឧស្សាហកម្មដឹកជញ្ជូន ជាពិសេសឧស្សាហកម្មរថយន្ត ក្នុងតំបន់។ កាលពីឆ្នាំទៅមិញ អត្រារថយន្តថ្មីនៅសិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ វៀតណាម និងហ្វីលីពីន បាន ៣,៤លានគ្រឿងកើន ៥%។ កំណើននៃការប្រើរថយន្តផ្ទាល់ខ្លួនក៏មានច្រើន ចំណែកម៉ូតូនៅតែជាមធ្យោបាយដឹកជញ្ជូន ដ៏ពេញនិយមនៅអាស៊ីអាគ្នេយ៍ ខណៈតំបន់នេះ បានក្លាយជានិមិត្តរូបនៃរូបភាពចរាចរណ៍ គ្របដណ្ដប់ដោយម៉ូតូ៕
ដោយ៖ សុម៉ាលីន
ប្រភព៖ theaseanpost