វីតាមីនបេ មានសារសំខាន់ ៣​យ៉ាង​សម្រាប់អ្នក​



វីតាមីន​បេ​មាន​វត្តមាន​នៅ​ក្នុង​ទម្រង់​ច្រើន​ប្រភេទ ដែល​មាន​ដូចជា​វីតាមីន​បេ១ បេ២ បេ​៣ បេ​៥ បេ៦ បេ៧ បេ​១២ និង​បេ៩​ឬ​អាស៊ីដ​ហ្វូលិក។ ប្រភេទ​នីមួយៗ​របស់​វីតាមីន​បេ​សុទ្ធតែ​ដើរតួ​នាទី​សំខាន់ៗ​របស់​វា​នៅ​ក្នុង​ការ​គាំទ្រ​ដល់​សុខភាព​របស់​យើង។ ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​៣​យ៉ាង​របស់​វីតាមីន​បេ​ដែល​អ្នក​គួរ​ដឹង៖

១) ជួយ​បង្កើត​កោសិកា​ឈាម​និង​សរសៃប្រសាទ៖ កង្វះ​វីតាមីន​បេ​អាច​រួម​ចំណែក​ដល់​ការ​ចលាចល​នៃ​សរសៃប្រសាទ​និង​ផ្លូវ​ចិត្ត ព្រោះ​ថា​វា​អាច​ធ្វើឲ្យ​ខូចខាត​ដល់​ការ​បង្កើត​គ្រាប់​ឈាម សុខភាព​របស់​សរសៃប្រសាទ ដំណើរការ​របស់​ទំនាក់ទំនង​សរសៃប្រសាទ ដែល​អាច​នាំ​ទៅ​រក​រោគសញ្ញា​មួយ​ចំនួន​ដូចជា ខ្វះ​គ្រាប់​ឈាម​ក្រហម ខ្សោយ​ល្ហិតល្ហៃ ភ្លេចភ្លាំង និង​វង្វេងវង្វាន់។

២) អាច​ជួយ​ទប់ស្កាត់​ជំងឺ​បេះដូង៖ វីតាមីន​បេ​៥​ដែល​មាន​នៅ​ក្នុង​រុក្ខជាតិ​និង​សាច់​សត្វ សណ្ដែក ត្រី​សាល់មន គ្រាប់​ផ្កា​ឈូករ័ត្ន ផ្លែ​ប័រ និង​ស៊ុត​ជាដើម អាច​ជួយ​ការពារ​សុខភាព​បេះដូង​បាន​ដោយ​រក្សា​តុល្យភាព​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម កាត់បន្ថយ​កម្រិត​កូឡេស្តេរ៉ុល​ដែល​មិន​ល្អ បន្ទាប​សម្ពាធ​ឈាម និង​ការពារ​ជំងឺ​បេះដូង។ ខណៈ​ពេល​ដែល​វីតាមីន​បេ​៦​ដូចជា​ក្នុង​បន្លែ​បៃតង ល្ហុង ប័រ ក្រូច និង​វីតាមីន​បេ​១២​ដូចជា​ក្នុង​សាច់ ស៊ុត ផលិតផល​ទឹកដោះគោ ត្រូវ​បាន​គេ​រក​ឃើញ​ថា​ដើរ​តួ​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ការពារ​ជំងឺ​បេះដូង និង​មហារីក​មួយ​ចំនួន​ដូចជា មហារីក​ពោះវៀន​ធំ​និង​សុដន់។

៣) ផ្ដល់​ថាមពល​និង​គាំទ្រ​ដល់​ការ​រំលាយ​អាហារ៖ កង្វះ​វីតាមីន​បេ​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ដល់​ក្រពេញ​ទីរ៉ូអ៊ីត​និង​ក្រពេញ​អាដ្រេណាល់ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​រោគសញ្ញា​អវិជ្ជមាន​ដូចជា អស់កម្លាំង ឡើង​ឬ​ចុះ​ទម្ងន់ និង​មាន​បញ្ហា​ដំណេក៕

ដោយ៖ ស្រីពៅ

X
5s