៥ ចំណុចសំខាន់ៗ អាស៊ានត្រូវធ្វើ ដើម្បីបន្តកំណើនសេដ្ឋកិច្ចរបស់ខ្លួន
អាស៊ាន បានក្លាយជាកម្លាំងសេដ្ឋកិច្ចដ៏សំខាន់ ឆាប់រហ័សបំផុតនៅអាស៊ី ហើយវាក៏ជាតំបន់មួយ បង្កើតកំណើនប្រជាជនលើពិភពលោក ជាមួយអត្រាពលរដ្ឋវ័យក្មេង វ័យកណ្ដាល និងមាននគរោបនីយកម្មដ៏លឿនផងដែរ។ អាស៊ាន ជាប្លក់មានទំហំសេដ្ឋកិច្ចធំលំដាប់ទី៦ លើពិភពលោក និងរំពឹងដណ្ដើមបានលេខ៤ នៅឆ្នាំ ២០៣០ បន្ទាប់ពីសភាពអឺរ៉ុប អាមេរិក និងប្រទេសចិន។
យ៉ាងណា សេដ្ឋកិច្ចអាស៊ាន មានភាពរឹងមាំ និងភាពជោគជ័យទៅបាន លុះត្រាពឹងផ្អែកលើការប្ដេជ្ញាចិត្តរបស់សមាជិក ដែលមានគោលបំណង បង្កើតមូលដ្ឋានផលិតកម្ម និងទីផ្សារក្នុងតំបន់តែមួយ ដើម្បីសម្រួលដល់លំហូរទំនិញ សេវាកម្ម ការវិនិយោគទុន និងកម្លាំងពលកម្មប្រកបដោយជំនាញ។ ខាងក្រោមនេះ ជា ៥ ចំណុចសំខាន់ៗ ដែលអាស៊ាននឹងធ្វើ ដើម្បីបន្តកំណើនសេដ្ឋកិច្ចរបស់ខ្លួន។
១. ផ្សព្វផ្សាយការច្នៃប្រឌិត និងពាណិជ្ជកម្មអេឡិកត្រូនិក ការច្នៃប្រឌិត និងប្រព័ន្ធសេដ្ឋកិច្ចែបបឌីជីថល គឺជាវិស័យដ៏សំខាន់មួយដែលសិង្ហបុរីកំពុងតែបន្តធ្វើ ក្នុងនាមជាប្រធានអាស៊ាន។ នេះមានន័យថា ការលើកកម្ពស់ការច្នៃប្រឌិត ការបង្កើតទំនាក់ទំនងឌីជីថល នឹងជួយសម្រួលដល់លំហូរ នៃពាណិជ្ជកម្មអេឡិចត្រូនិក។ ការប៉ាន់ប្រមាណមួយចំនួន បង្ហាញថា សេដ្ឋកិច្ចឌីជីថលរបស់អាស៊ាន មានសក្ដានុពលណាស់ ដែលនឹងកើនឡើងដល់ ២០០ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥ ក្នុងនោះ ៨៨ ពាន់លានដុល្លារ ជាចំណែក នៃពាណិជ្ជកម្មអេឡិកត្រូនិក។ ដើម្បីទាញផលប្រយោជន៍ពីឧកាសទាំងនេះ កិច្ចព្រមព្រៀងអាស៊ានមួយ នឹងត្រូវបានបន្តធ្វើលើពាណិជ្ជកម្មឌីជីថល ដែលជួយលើកកម្ពស់ច្បាប់ពាណិជ្ជកម្ម កាត់បន្ថយឧបសគ្គប្រតិបត្តិការអាជីវកម្ម និងបង្កើនទំនាក់ទំនងផ្នែកឌីជីថល ឱ្យកាន់តែអស្ចារ្យ។ ការធ្វើសមាហរណកម្មឌីជីថលរបស់អាស៊ាន ក៏នឹងត្រូវបង្កើតឡើងផងដែរ ដើម្បីតាមដានពីវឌ្ឍនភាព នៃសមាហរណកម្មឌីជីថលក្នុងតំបន់។
២. បង្កើនការសម្រួលពាណិជ្ជកម្មក្នុងតំបន់ សេដ្ឋកិច្ចឌីជីថលរបស់ ASEAN មានលិទ្ធភាពធំធេងណាស់ក្នុងការលូតលាស់ ប៉ុន្តែវានឹងមិនរីកចម្រើនធំធេងទេ បើគ្មានការសម្រួលផ្នែកពាណិជ្ជកម្ម និងការវិនិយោគ រវាងសមាជិក និងសមាជិករបស់ខ្លួន។ នេះហើយជាមូលហេតុដែល សិង្ហបុរី កំពុងធ្វើការជាមួយ ASEAN ដើម្បីពង្រឹងស្ថាបត្យកម្មពាណិជ្ជកម្មក្នុងតំបន់ ដូច្នេះហើយគឺថា វានឹងមានលំហូរទំនិញ សេវាកម្ម និងការវិនិយោគ។
៣. ធ្វើសមាហរណកម្ម នៃការវិនិយោគ និងសេវាកម្មឱ្យស៊ីជម្រៅ សេវាកម្ម បានក្លាយជាផ្នែកមួយដ៏សំខាន់រួមចំណែកក្នុងសេដ្ឋកិច្ចអាស៊ាន។ ក្នុងឆ្នាំ ២០១៧ ផ្នែកសេវាកម្ម ក្ដាប់បានចំណែកទីផ្សារ ៧៤% ខណៈឆ្នាំ ២០១៦ មានតែ ៣៧% ប៉ុណ្ណោះ។ ការនាំចេញផ្នែកសេវាកម្មក្នុងតំបន់ បានកើនពី ១១៣,៤ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០០៥ ទៅ ៣០៥,៩ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៥ ដោយកំណើនជាមធ្យមមាន ១១,៦% ចំណែកការនាំចូលវិញ ក៏កើនពី ១៤០,៨ ពាន់លានដុល្លារ ទៅ ៣១១,៦ ពាន់លានដុល្លារ កើនជាមធ្យម ៩,២ %។ ក្នុងន័យនេះ កិច្ចខំប្រឹងប្រែងជាច្រើន នឹងត្រូវបានគេបង្កើតឡើង ដើម្បីធ្វើសមាហរណកម្មឱ្យកាន់តែស៊ីជម្រៅ ដែលនេះនឹងមានការផ្លាស់ប្ដូរ ទៅរកការប្ដេជ្ញាលើកទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីអំពី "សេវាកម្ម (AFAS)"។
៤. បណ្ដុះបរិយាកាសអំណោយផលនីតិវិធីផ្សេងៗ (Conductive regulatory environment) ក្នុងនាមជាប្រធានអាស៊ាន ប្រទេសសិង្ហបុរី នឹងបង្កើតបរិយាកាសច្បាប់ដ៏មានប្រសិទ្ធភាពមួយ ដើម្បីគាំទ្រកំណើននៃការប្រកួតប្រជែង និងភាពច្នៃប្រឌិតរបស់សមាជិកអាស៊ាននីមួយៗ។ នេះក៏រួមបញ្ចូលទាំងគំនិតផ្ដួចផ្ដើម ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការកសាងសមត្ថភាព នៅក្នុងតំបន់ដូចជា ការបង្កើតឱ្យមានប្រសិទ្ធភាពថាមពល ឧស្ម័នធម្មជាតិ និងថាមពលកកើតឡើងវិញ ដែលជាផ្នែកមួយ នៃគោលដៅរបស់អាស៊ានស្ដីអំពី "សន្តិសុខថាមពល លទ្ធភាពទទួលបាន និងនិរន្តរភាព"។
៥. ពង្រឹងទំនាក់ទំនងដៃគូក្រៅតំបន់អាស៊ាន វាមានសារសំខាន់ណាស់ ក្នុងការធ្វើឱ្យតំណភ្ជាប់សេដ្ឋកិច្ចអាស៊ានកាន់តែធំ និងស៊ីជម្រៅ ជាមួយដៃគូក្រៅតំបន់។ វានឹងជួយជំរុញឱ្យសេដ្ឋកិច្ចក្នុងតំបន់លូតលាស់លឿន ជាមួយការទាញអត្ថប្រយោជន៍ផ្សេងៗ។ កិច្ចខំប្រឹងប្រែងនេះ ក៏រួមបញ្ចូលទាំងការសហប្រតិបត្តិការ ជាមួយរដ្ឋាភិបាលក្នុងតំបន់អាស៊ី អឺរ៉ុប អាមេរិក កាណាដា អូស្ត្រាលី នូវែលហ្សេឡង់ និងរុស្ស៊ីផងដែរ៕
ដោយ៖ សុម៉ាលីន