លោក ស៊ិន ដារ៉ាវុទ្ធ៖ ដោយការស្រលាញ់ផ្នែកចំណីអាហារធ្វើឲ្យខ្ញុំផ្លាស់ប្ដូរអាជីពពីសាស្ត្រាចារ្យបង្រៀននៅមហាវិទ្យាល័យមកចាប់អាជីពជាអ្នកលក់នំប៉ាវ
ស្ដាប់ទៅវាហាក់ដូចជារឿងចម្លែកមួយដែលសាស្ត្រាចារ្យបង្រៀននៅថ្នាក់មហាវិទ្យាល័យម្នាក់បែរជាផ្លាស់ប្ដូរអាជីពការងាររបស់ខ្លួនមកធ្វើជាអ្នកលក់នំប៉ាវទៅវិញ។ លោក ស៊ិន ដារ៉ាវុទ្ធ នៅក្នុងកម្មវិធី បទបង្ហាញអាជីវកម្ម ដែលរៀបចំដោយក្រុមហ៊ុន ANUSSAបានរៀបរាប់ថា លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអប់រំនៅវិទ្យាស្ថានភាសាបរទេស IFL នៅឆ្នាំ២០១៥ និងធ្លាប់ជាសាស្ត្រាចារ្យបង្រៀននៅថ្នាក់មហាវិទ្យាល័យមួយចំនួន ប៉ុន្តែដោយសារតែចំណង់ចំណូលចិត្តផ្នែកចំណីអាហារបានធ្វើឲ្យលោកផ្លាស់ប្ដូរពីសាស្ត្រាចារ្យ បង្រៀននៅមហាវិទ្យាល័យមកចាប់អាជីពជាអ្នកលក់នំប៉ាវវិញ។
នៅក្នុងបទសម្ភាសន៍មួយជាមួយក្រុមការងារ Bizkhmer លោក ស៊ិន ដារ៉ាវុទ្ធ ម្ចាស់អាជីវកម្មនំប៉ាវធ្យូង បានរៀបរាប់ថា ការបោះបង់អាជីពជាសាស្ត្រាចារ្យបង្រៀននៅថ្នាក់មហាវិទ្យាល័យហើយមកចាប់អាជីពជាអ្នកលក់នំប៉ាវក៏ដោយសារតែការលក់នំប៉ាវនេះ ជាមុខរបររបស់គ្រួសារ គួបផ្សំជាមួយចំណង់ចំណូលចិត្តផ្នែកចំណីអាហារផងនោះធ្វើឲ្យលោកនឹកឃើញចង់យកផលិតផលដែលមានលក្ខណៈប្រពៃណីគ្រួសារនេះ មកបញ្ចូលជាមួយអ្វីដែលថ្មីដែលជាតម្រូវការសង្គមច្នៃនៃឲ្យចេញមកជាផលិតផលមួយដែលថ្មី គឺនំប៉ាវដែលមានលក្ខណៈខុសពីនំប៉ាវធម្មតា។
ម្ចាស់អាជីវកម្មវ័យក្មេងរូបនេះបានបន្តថា លក្ខណៈពិសេសខុសពីគេរបស់នំប៉ាវលោកគឺ រូបរាងដែលមានពណ៌ចម្រុះស្អាត លោកលើកឡើងថាការឆ្នៃប្រឌិតជាពណ៌ចម្រុះផ្សេងៗនេះគឺដោយសារតែលោកគិតថាអតិថិជនមុនពេលដែលគាត់ជ្រើសរើសញាំផលិតផលអ្វីមួយគឺគាត់ញាំនិងភ្នែកមុនដូច្នេះទាល់តែផលិតផលនោះមើលទៅស្អាតទើបអាចទាក់ទាញគាត់បាន។ លោកបន្ថែមថា ចំពោះពណ៌នំប៉ាវរបស់លោកគឺមិនមានការប្រើប្រាស់នូវសារធាតុពណ៌ផ្សេងៗដែលនាំឲ្យខូចសុខភាពអ្នកញាំទេ ពោលគឺលោកធ្វើការឆ្នៃប្រឌិតពណ៌ទាំងនោះចេញពីបន្លែនិងផ្លែឈើសុទ្ធសាធដែលលោករៀនតាមរយៈយូធូប។
លោកដារ៉ាវុទ្ធ បានលើកឡើងថាក្នុងការធ្វើអាជីវកម្មមួយនេះរូបលោកបានជួបប្រទះនូវបញ្ហាចោទជាច្រើន ដោយសារពីមុនលោកមានធ្លាប់ជាគ្រូបង្រៀន ធ្លាប់តែបង្រៀននិងគ្រប់គ្រងសិស្សនៅក្នុងថ្នាក់ ប៉ុន្តែនៅពេលដែលលោកផ្លាស់ប្ដូរមកធ្វើអាជីវកម្មវិញគឺវាខុសគ្នាស្រឡះ ហើយអ្វីៗហាក់ដូចជាថ្មីសុទ្ធសាធសម្រាប់លោកព្រោះដោយសារតែលោកមិនធ្លាប់ដែលមានបទពិសោធន៍ខាងធ្វើអាជីវកម្មនេះទេពីមុនមក ។ មួយវិញទៀតគឺការគ្រប់គ្រងបុគ្គលិក លោកលើកឡើងថាខ្ញុំធ្លាប់តែគ្រប់គ្រងសិស្សនៅក្នុងថ្នាក់គ្នា៤០ទៅ៥០នាក់វាជារឿងធម្មតា ប៉ុន្តែនៅពេលដែលគ្រប់គ្រងបុគ្គលិកវិញគឺនៅពេលដែលបុគ្គលិកមានបញ្ហាជាមួយភ្ញៀវវាគឺជាទំនួលខុសត្រូវរបស់ម្ចាស់អាជីវកម្ម។ ដូច្នេះហើយទើបលោកស្វែងរកជំនួយពីមិត្តភក្ដិដែលមានជំនាញក្នុងផ្នែកផ្សេងៗដើម្បីជួយ។
គួរបញ្ជាក់ផងដែរថាមកទល់និងពេលបច្ចុប្បន្ននេះអាជីវកម្មរបស់លោកដារ៉ាវុទ្ធ បានដំណើរការរយៈពេល១ឆ្នាំនិង៤ខែហើយ ដែលលោកបានចាប់ផ្ដើមដំបូងគឺនៅក្នុង ខែឧសភា ឆ្នាំ២០១៧ ហើយបច្ចុប្បន្ននេះគឺមានបុគ្គលិកប្រមាណជា ៥នាក់។ លោកបន្ថែមថា ចំពោះចក្ខុវិស័យនៃអាជីវកម្មរបស់លោកគឺ លោកមានគោលបំណងពង្រីកសាខាដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជន និងមួយទៀតបង្កើតផ្នែក សេវាកម្មចល័តដាក់នៅតាមសាលា និងសាកលវិទ្យាល័យផ្សេងៗ ក្នុងនោះផងដែរលោកក៏មានបំណងចង់បន្ថែមភេសជ្ជៈផ្សេងៗទៀត៕
អត្ថបទ៖ ជួប ស្រីរ័ត្ន