ពាណិជ្ជកម្ម e-commerce រវាង​ចិន-​អាស៊ា​ន​នឹង​កើន​ ៥០% ឆ្នាំ២០១៨​



ទំហំ​ពាណិជ្ជកម្ម​អេឡិចត្រូនិក (e-commerce) រវាង​ចិន​ និង​ប្រទេស​សមាជិក​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ នឹង​កើន​ឡើង ៥០% ក្នុង​ឆ្នាំ​២០១៨​នេះ ដោយ​សារ​មាន​ការ​សម្របសម្រួល​ពាណិជ្ជកម្ម។ នេះ​បើ​ផ្អែក​តាម​របាយការណ៍។ ផលិតផល​របស់​ចិន និង​អាស៊ាន​ មាន​ភាព​រឹងមាំ​ខ្លាំង។ ​បណ្ដា​ប្រទេស​អាស៊ាន​ មាន​​តម្រូវ​ការ​ខ្ពស់ ចំពោះ​ផលិតផល​ឧស្សាហកម្ម ដែល​មាន​តម្លៃ​ខ្ពស់​ពី​ប្រទេស​ចិន ចំណែក​​​កុំព្យូទ័រ ឧបករណ៍​​​​អេឡិចត្រូនិក​ផ្សេង​ទៀត ក៏​មាន​​ការ​នាំចេញ​​ខ្ពស់​។ ថ្មីៗ​នេះ ចិន​អភិវឌ្ឍ​ និង​វិនិយោគ​យ៉ាង​ខ្លាំងក្លា​​ណាស់​លើ e-commerce តួយ៉ាង​ចិន​បាន​ចូល​ក្នុង​ប្រទេស​ថៃ ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី។ ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​នៅ​អាស៊ាន មាន​ដូច​ជា សេវាលើ​ការបង់​ថ្លៃ ការ​ដឹកជញ្ជូន និង​កម្មវិធី​ទូរសព្ទ។ លោក Zhao Ping ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​ពាណិជ្ជកម្ម​អន្តរជាតិ​​ក្រោម​ការឧបត្ថម្ភ​របស់​បណ្ឌិត្យសភា​ចិន​ សម្រាប់​ការ​លើក​កម្ពស់​ពាណិជ្ជកម្ម​អន្តរជាតិ បាន​និយាយ​ថា វា​មាន​សក្ដានុពល​ដ៏​ធំ​ធេង​ណាស់ ចំពោះ​ក្នុង​ពាណិជ្ជកម្ម​អេឡិចត្រូនិក ឆ្លង​កាត់​ព្រំដែន​រវាង​ចិន និង​អាស៊ាន។ លោក Zhao Ping ថា ផលិត​ផល​នាំ​ចូល​សំខាន់​របស់​ចិន ពី​អាស៊ាន​មាន​ដូចជា ផលិត​ផល​កសិកម្ម​ និង​ផលិតផល​មាន​គុណភាព​ខ្ពស់ ដូចជា ផលិតផល​សុខភាព ខ្នើយ អាហារ ទឹកដោះគោ ភេសជ្ជៈ អាហារ​សម្រន់ និង​ស្រូវ។ ការ​វិនិយោគ​រវាង​ភាគី​ទាំង​ពីរ សកម្ម​មែន​ទែន​ក្នុង​​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដូចជា ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ Alibaba បាន​ហក់​ចូល​ក្នុង​ទីផ្សារ​អាស៊ាន ខណៈ​ក្រុមហ៊ុន​ធំ​លំដាប់​ទី២​របស់​ចិន JD បាន​​​សហការ​​ជាមួយ​ក្រុមហ៊ុន​ថៃ Central Group Co Ltd ដើម្បី​ផ្ដល់​សេវា e-comerce និង​ហិរញ្ញវត្ថុ​ដល់​អតិថិជន។ ទោះបីជាយ៉ាងណា បើ​តាម​របាយការណ៍​របស់ CCPIT Academy កម្រិត​ពាណិជ្ជកម្ម e-commerce ឆ្លងកាត់​ព្រំដែន រវាង​ចិន​និង​អាស៊ាន ចាំ​បាច់​ត្រូវ​អភិវឌ្ឍ​បន្ថែម។ យោង​តាម​ការស្រាវជ្រាវ សហគ្រាស​ភាគច្រើន យល់​ថា ​ពាណិជ្ជកម្ម e-commerce ឆ្លងកាត់​ព្រំដែន រវាង​ចិន​និង​អាស៊ាន នៅ​មាន​កម្រិត​មធ្យម​នៅ​ឡើយ។ ដើម្បី​ដោះស្រាយ​បញ្ហា​​នេះ CCPIT Academy ផ្ដល់​យោបល់​ថា ការ​គ្របដណ្ដប់​អ៊ីនធឺណិត ច្បាប់​ការ​ដឹកជញ្ជូន ច្បាប់ e-commerce បទបញ្ជា​ផ្សេងៗ បរិយាលកាសគោលនយោបាយ និង​ហេដ្ឋារចនាសម្ពន្ធ​រវាង​ចិន និង​អាស៊ាន គួរ​ត្រូវ​តែ​ពង្រឹង​ឱ្យ​បាន​ខ្លាំង៕   ដោយ​៖ សុម៉ាលីន ប្រភពៈ http://www.nationmultimedia.com
X
5s