ថ្លៃ​ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​​ភ្នំពេញ​ហក់​ឡើង​​ដល់​ចំណុច​ខ្ពស់​បំផុតកាលពី​ថ្ងៃ​ទី១១ កញ្ញា​



យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ផ្សារមូលបត្រ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា បាន​ឱ្យ​ដឹង​ថា​ ​ថ្លៃ​ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​បាន​ហក់ឡើង​ដល់​ចំណុច​ខ្ពស់​បំផុត​ប្រចាំ​ថ្ងៃ​ដែល​ហៅ​តាម​ភាសាបច្ចេកទេស​ថា​ Upper Price Limit គឺ​ ៦.២៦០​រៀល​ក្នុង​មួយ​ភាគហ៊ុន។ នេះ​ជា​ថ្លៃ​ខ្ពស់​បំផុត​គិត​ចាប់​តាំង​ពី​ពេល​ដែល​ក្រុមហ៊ុន​នេះ​បាន​ចុះ​បញ្ជី​ជួញដូរ​នៅ​ផ្សាមូលបត្រ​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៥ មក។ ​យោង​តាម​សេចក្ដី​​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឱ្យ​ដឹង​ថា​ ​បើ​ធៀប​នឹង​ថ្ងៃ​ទី​១០ កញ្ញា​ ថ្លៃ​ភាគហ៊ុន​នេះ​បាន​កើន​ឡើង​ ៩,៨២% ​ខណៈ​ថ្ងៃ​ទី​១០ កញ្ញា​ តម្លៃ​ត្រឹម​តែ ៥.៧០០​ហ៊ុន​ប៉ុណ្ណោះ។ គិត​ត្រឹម​ថ្ងៃ​សុក្រ ទី​១៤​នេះ ថ្លៃ​ភាគហ៊ុន​នៅ​ត្រឹម​ ៦.០០០រៀលក្នុង​មួយ​ភាគហ៊ុន។ គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា​ មក​ បរិមាណ​បញ្ជា​ទិញ​សរុប​មាន​ដល់​ទៅ​ ៦០.៩៨៨​ហ៊ុន​ ខណៈ​បរិមាណ​បញ្ជា​លក់​វិញ​មាន​ត្រឹម​តែ​ ១.៨៨៧ហ៊ុន។ ការ​កើន​ឡើង​នៃ​ថ្លៃ​ និង​បរិមាណ​នៃ​តម្រូវ​ការ​របស់​ភាគហ៊ុន​​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ អាច​បណ្ដាល​មក​ពី​អនុបាត​ថ្លៃ​ធៀប​នឹង​ប្រាក់​ចំណេញ​របស់​​​ភាគហ៊ុន​នេះ​ស្ថិត​នៅ​កម្រិត​គួរ​ឱ្យ​ទាក់ទាញ​ គឺ ៥.៤៩​ ឬ​អាច​បណ្ដាល​មក​ពី​ការ​យល់​ឃើញ​វិជ្ជមាន​របស់​វិនិយោគិន​ ទៅ​លើ​កំណើន​ទៅ​ថ្ងៃ​អនាគត​របស់​ក្រុមហ៊ុន​នេះ៕
X
5s