ប្រយោជន៍ ៤យ៉ាងដែលបង្ហាញថា អ្នកគួរបញ្ចូលផ្លែប័រក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក
ផ្លែប័រស្ថិតនៅក្នុងចំណោមកំពូលផ្លែឈើដែលសម្បូរទៅដោយជីវជាតិបំប៉នច្រើនបំផុត។ ដោយយោងទៅតាមគេហទំព័រ www.medicalnewstoday.com ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ ៤យ៉ាងរបស់ផ្លែប័រ៖
១) សម្បូរដោយជីវជាតិបំប៉នដ៏សម្បូរបែប៖ យោងទៅតាម USDA National Nutrient Database ១ភាគ៥នៃផ្លែប័រ ឬស្មើនឹង៤០ក្រាម មានកាឡូរីចំនួន៦៤ អាស៊ីដខ្លាញ់ចំនួនជិត៦ក្រាម កាបូអ៊ីដ្រាតចំនួន៣.៤ក្រាម ស្ករចំនួនតិចជាង១ក្រាម និងជាតិសរសៃចំនួនជិត៣ក្រាម។ លើសពីនេះផ្លែប័រគឺជាប្រភពដ៏ល្អសម្រាប់ទទួលបានវីតាមីនសេ អឺ កា និងបេ៦ ម៉ាញេស្យូម និងប៉ូតាស្យូម ព្រមទាំងមាន lutein បេតាការ៉ូទីន និងអាស៊ីដខ្លាញ់អូមេហ្កា៣ផងដែរ។ បើទោះជាផ្លែប័រមានបរិមាណអាស៊ីដខ្លាញ់ខ្ពស់ក៏ដោយ ប៉ុន្តែវាគឺជាអាស៊ីដខ្លាញ់ល្អដែលជួយឲ្យអ្នកឆ្អែតបានយូរ និងជួយរក្សាកម្រិតជាតិស្ករនៅក្នុងឈាមឲ្យមានលំនឹង។ ទទួលទានអាស៊ីដខ្លាញ់ល្អក៏ជួយគាំទ្រសុខភាពស្បែក បង្កើតការស្រូបយកវីតាមីន សារធាតុខនិជនិងជីវជាតិបំប៉នដទៃទៀត។
២) មានប្រយោជន៍សម្រាប់សុខភាពបេះដូង៖ ប័រក្នុង១អោនស៍ឬស្មើនឹង២៨ក្រាមមានផ្ទុក២៥មីលីក្រាមនៃសមាសធាតុគីមីម្យ៉ាងឈ្មោះថា beta-setosterol។ ទទួលទាន beta-setosterol ជាប្រចាំត្រូវបានគេរកឃើញថាអាចរក្សាកម្រិតកូឡេស្តេរ៉ុលឲ្យមានសុខភាពល្អ។
៣) ល្អសម្រាប់ភ្នែក៖ ផ្លែប័រមានជាតិluteinនិងzeaxanthin ដែលជាសមាសធាតុគីមី២ប្រភេទដែលត្រូវបានប្រមូលផ្ដុំគ្នាយ៉ាងពិសេសនៅក្នុងជាលិកាភ្នែក ហើយដែលវាបានផ្ដល់ការការពារដល់ភ្នែកអ្នកពីកាត់បន្ថយកាំរស្មីស្វាយអ៊ុលត្រា។
៤) ធ្វើឲ្យទារកមានសុខភាពល្អ៖ អាស៊ីដហ្វូលិកដែលមានវត្តមាននៅក្នុងផ្លែប័រពិតជាមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់ស្ត្រីមានផ្ទៃពោះ។ ទទួលទានវាឲ្យបានគ្រប់គ្រាន់នឹងជួយកាត់បន្ថយហានិភ័យពីការរលូតកូននិងទារកមិនពេញលក្ខណៈ៕
ដោយ៖ ស្រីពៅ