អ្នកស្រី ហ្គេក ទាវ នាយិកាផ្នែកសវនកម្មក្រុមហ៊ុន KPMG៖ ជ្រើសរើសអ្វីដែលខ្លួនស្រលាញ់ចាប់ផ្ដើមពីបុគ្គលិកហាត់ការគ្មានប្រាក់ខែ
អ្នកស្រី ហ្គេក ទាវ (Guek Teav) នាយិកាផ្នែកសវនកម្ម (Audit Director)ក្រុមហ៊ុន KPMG បានធ្វើការចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួននិងការតស៊ូរបស់អ្នកស្រី ពីបុគ្គលិកហាត់ការមិនមានប្រាក់ខែ រហូតបានក្លាយទៅជានាយិកាផ្នែកសវនកម្មក្រុមហ៊ុនអន្តរជាតិ KPMG។
ការចែករំលែកនេះ គឺធ្វើឡើងនៅក្នុងសិក្ខាសាលាមួយស្ដីអំពី វិថីដើម្បីសម្រេចក្ដីសុបិនជាអ្នកជំនាញផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ជាសិក្ខាសាលាលើកទី ៣ របស់កម្មវិធីវិថីសុបិន ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះនៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។
អ្នកស្រី ហ្គេក ទាវ បានរៀបរាប់ប្រាប់មហាជនថា នៅពេលដែលអ្នកស្រីប្រឡងចប់បាក់ឌុបភ្លាមអ្នកស្រីមិនដឹងថាខ្លួនឯងចង់រៀននូវជំនាញអ្វីនោះទេ តែគ្រាន់តែដឹងថា ខ្លួនចង់រៀនមុខជំនាញអ្វីដែលទាក់ទងជាមួយនឹងការគណនាលេខ ក្រោយមកអ្នកស្រីក៏ចាប់ផ្ដើមចូលរៀនផ្នែកគណនេយ្យនៅសាកលវិទ្យាល័យន័រតុនជំនាន់ទី១តែម្ដង។ អ្នកស្រី បានរៀបរាប់ដូច្នេះថា៖ «នៅពេលដែលខ្ញុំរៀននៅឆ្នាំទី២ និងទី៣ ខ្ញុំគឺជាមនុស្សម្នាក់ដែលចូលចិត្តសួរគ្រូ ខ្ញុំបានសួរលោកគ្រូថាតើធ្វើម៉េចទើបខ្ញុំអាចដូចលោកគ្រូ? តើធ្វើម៉េចទើប ខ្ញុំចេះគណនេយ្យលឿនដូចគេ? ស្របពេលនោះលោកគ្រូរបស់ខ្ញុំគឺជាអ្នកធ្វើការផ្នែកគណនេយ្យនៅក្រុមហ៊ុនផង ដូច្នេះហើយខ្ញុំបានសុំគាត់ស្ម័គ្រចិត្តជួយធ្វើការឲ្យគាត់ដោយមិនយកប្រាក់ខែទេ គឺសុំត្រឹមតែរៀនឲ្យចេះទេ ដូច្នេះលោកគ្រូក៏យល់ព្រម»។
នាយិកាផ្នែកសវនកម្មក្រុមហ៊ុន KPMG រូបនេះ បានបន្តទៀតថា នៅពេលដែលធ្វើការជាបុគ្គលិកហាត់ការដោយមិនមានប្រាក់ចំណូល អ្នកស្រីរៀនពីលោកគ្រូរបស់គាត់បានយ៉ាងច្រើន ហើយពិសេសនោះ គឺរៀនពីការតស៊ូ និងអនុវត្តន៍ជាក់ស្ដែងតែម្ដង។ អ្នកស្រីបញ្ជាក់ដូច្នេះថា ៖«បើអ្វីដែលខ្ញុំចង់ដឹងគឺខ្ញុំត្រូវតែចុះទៅមើលជាក់ស្ដែងថាគេធ្វើយ៉ាងម៉េច? ដូច្នេះយើងធ្វើអ្វីមួយគឺត្រូវតែមានចិត្តតស៊ូកុំខ្លាចហត់ ហើយយើងត្រូវមានកូនចិត្តមួយចំពោះខ្លួនឯងថាបើយើងចង់ដឹងយើងត្រូវតែទៅរៀន ហើយខ្ញុំតែងតែរំលឹកខ្លួនឯងថាខ្ញុំអាចធ្វើបានបើទោះជាពេលខ្លះធ្វើខុសហើយគ្រូស្ដីឲ្យក៏ដោយក៏ខ្ញុំនៅតែប្រឹងប្រែងដែរ»។
អ្នកស្រី ហ្គេក ទាវ បានបន្តទៀតថា ហេតុតែមានចិត្តចង់ធ្វើការពេញម៉ោង នៅពេលអ្នកស្រីទើបតែសិក្សានៅឆ្នាំទី ៤ ឆមាសទី២ អ្នកស្រីក៏បានសុំគ្រូប្ដូរម៉ោងរៀនពីវេនព្រឹកទៅវេនល្ងាច ហើយក៏បានស្វែងរកឈ្មោះក្រុមហ៊ុន KPMG តាមរយៈប្រព័ន្ធអ៊ីនធឺណិត ហើយប្រទះឃើញនៅលើគេហទំព័រ yellow page។ ក្រោយមកអ្នកស្រី ក៏បានទូរស័ព្ទទៅសួរក្រុមហ៊ុនដោយផ្ទាល់ថា មានត្រូវការជ្រើសបុគ្គលិកឬអត់។ ជាចៃដន្យ ក្រុមហ៊ុនអន្តរជាតិនេះ ក៏មានមុខតំណែងដែលត្រូវបំពេញ ហើយអ្នកស្រីក៏បានដាក់ពាក្យ និងសម្ភាសន៍ជាប់ ហើយក៏ចាប់ផ្ដើមធ្វើការជាផ្លូវការនិងពេញម៉ោងនៅខែកុម្ភៈ ឆ្នាំ២០០១ រហូតដល់បច្ចុប្បន្ន។
នាយិកាផ្នែកសវកម្មរូបនេះ បានបន្តទៀតថា ពេលដែលធ្វើការនៅទីនោះបាន២ឆ្នាំ ក្រុមហ៊ុនក៏បានបញ្ជូនអ្នកស្រីទៅប្រទេសម៉ាឡេស៊ី។ អ្នកជំនាញសវនកម្មរូបនេះបានលើកឡើងពីការតស៊ូរបស់ខ្លួនថា បើទោះបីជាធ្វើការនៅស្រុកគេពិបាកបន្តិច ក៏ពិតមែន តែអ្នកស្រីបានប្តេចជ្ញាចិត្តថា បំណាច់នឹងមកដល់ស្រុកគេហើយ យ៉ាងណាត្រូវធ្វើឲ្យបាន ហើយក៏ធ្វើការងារនោះ ដោយជោគជ័យ។
អ្នកស្រីបន្តថា នៅពេលត្រឡប់មកពីប្រទេសម៉ាឡេស៊ីវិញ ក្រុមហ៊ុនបានអនុញ្ញាតឲ្យអ្នករៀនជំនាញសវកម្ម ACCA ក្រោយមកក៏បានបន្តការសិក្សានៅប្រទេសវៀតណាម។ ឆ្លងកាត់ការសិក្សាទាំងអស់នេះហើយ ដែលធ្វើឲ្យអ្នកស្រី បានមកដល់សព្វថ្ងៃនេះដែលបច្ចុប្បន្នអ្នកស្រី គឺជានាយិកាផ្នែកសវនកម្មក្រុមហ៊ុន KPMG៕
អ្នកស្រី ហ្គេក ទាវ៖ «ធ្វើអ្វីក៏ដោយត្រូវតែមានការតស៊ូ កុំងាយស្រួលនៅក្នុងការបោះបង់»៕
អត្ថបទ៖ ជួប ស្រីរ័ត្ន