សិក្សាស្វែង​យល់ពី សេដ្ឋកិច្ច​​ប្រទេសឡាវ​​



សេដ្ឋកិច្ច​របស់​ប្រទេស​ឡាវ កំពុង​តែ​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស ដោយសារ​តែ​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល និង​ការ​លើក​ទឹកចិត្ត​ដល់​សហគ្រាស​ឯកជន ចាប់​តាំង​ពី​ឆ្នាំ១៩៨៦ ​មក។ បច្ចុប្បន្ន​​ឡាវ ជាប់​ចំណាត់​ថ្នាក់​ក្នុង​ចំណោម​ប្រទេស ដែល​មាន​សេដ្ឋកិច្ច​កំពុង​រីកចម្រើន​លឿន នៅ​លើ​ពិភពលោក​ ដោយ​មាន​កំណើន GDP ជា​មធ្យម ៨% ខណៈ​គេ​ព្យាករណ៍​ថា ប្រទេស​នេះ​នឹង​ទ្រទ្រង់​បាន​យ៉ាង​ហោច​ណាស់ ៧% ក្នុង​ឆ្នាំ​ ២០១៩។ អ្វី​ជា​គោល​ដៅ​​សំខាន់​របស់​រដ្ឋាភិបាល​ឡាវ?

ឡាវ​ មាន​មហិច្ឆតា កាត់​បន្ថយ​ភាព​ក្រីក្រ បណ្ដុះ​ការ​អប់រំ​ដល់​កុមារ និង​គំនិត​ផ្ដួចផ្ដើម ដើម្បី​​ក្លាយ​ជា​ប្រទេស "Land-linked (ភ្ជាប់​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត)”។ ជាក់ស្ដែង​ ឡាវ​ កំពុង​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​តម្លៃ​ជិត ៦ពាន់​លាន​ដុល្លារ ពី​ទីក្រុង Kunming ប្រទេស​ចិន មក​​វៀតណាម និង​ឡាវ។ ​ ឡាវ ​ក៏​បាន​ក្លាយ​ជា​​ប្រទេស​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី ដល់​ប្រទេស​ជិតខាង​ដូចជា ចិន វៀតណាម និង​ថៃ ហើយ​ឡាវក៏​ជា​ប្រទេស​មួយ​​ ដែល​ពឹង​ផ្អែក​ខ្លាំងបំផុត​លើ​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​​បរទេស ដើម្បី​គាំទ្រ​សេដ្ឋកិច្ច​ខ្លួន។ ​ បើ​ទោះ​បី​ជា​​មាន​សេដ្ឋកិច្ច​​ខ្លាំងក្លានាពេលបច្ចុប្បន្ន​ សាធារណៈ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​តែ​ជា​ប្រទេស​មួយ​​ក្រីក្រ​បំផុត​​​នៅ​អាស៊ីអាគ្នេយ៍។

ផលិតនាំចេញ និងនាំចូល​របស់​ឡាវ  ផ្អែម​តាម​ប្រភព ​ឈើ(កែច្នៃ​រួច​)​ អគ្គិសនី កាហ្វេ ទង់ដែង សំណប៉ាហាំង មាស និង​ដំឡូង ​ជា​ផលិតផល​សំខាន់ៗ របស់​ឡាវ។ ប្រទេស​ជា​ដៃ​គូ​នាំ​ចេញ​​ធំ​ជាង​គេ​បំផុត​មាន ថៃ (៤០,១%) ចិន (២៨,៥%) និង​វៀតណាម (១៣,៧%) ខណៈ​ទំហំ​ទឹកប្រាក់​នៃការ​នាំ​ចេញ​សរុប​ប្រចាំ​ឆ្នាំ​២០១៧ ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា ​មាន ២,៨៨១ ពាន់​លាន​ដុល្លារ។ ដោយឡែក​ដៃគូ​នាំ​ចូល​សំខាន់​បំផុត​របស់​ឡាវ​វិញ​មាន ថៃ ចិន វៀតណាម​ដដែល ដែល​ក្ដាប់​បាន​ទីផ្សារ ៦៤,៦%, ១៦,៥% និង ៩,៤%។ ​ឡាវ​ បាន​នាំចូលជំនួស​មក​វិញនូវ ម៉ាស៊ីន រថយន្ត ប្រេង​ឥន្ធនៈ និង​ទំនិញ​ប្រើប្រាស់ ​ដែល​សរុប​ជា​​ទឹកប្រាក់​នាំ​ចូល​សរុប​ ៥,៨៥២ ពាន់​លាន​​ដុល្លារ​។

វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​​ប៉ះពាល់​ប្រទេស​ឡាវ ឡាវ​​ក៏​​ទទួល​រង​ការ​ប៉ះពាល់​ដោយ​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​ឆ្នាំ​ ១៩៩៧-១៩៩៨ ជាង​ប្រទេស​អាស៊ី​ដទៃ​ទៀត ព្រោះ​ឡាវ​ជា​ប្រទេស​ក្រីក្រ។ រូបិយប័ណ្ណ បាន​ធ្លាក់​ចុះ​ច្រើន​ជាង ៥០% រួម​ជាមួយ​ប្រាក់​បាត​​ប្រទេស​ថៃ ហើយ​លុយ​ឡាវ​ក៏​បន្ត​ធ្លាក់​ទៀត។ ប៉ុន្តែ​​មិន​ធ្វើ​ឱ្យ​ឡាវ គ្រាំគ្រា​ខ្លាំង​ទេ ខណៈ​ប្រទេស​នេះ មិន​មាន​ការ​នាំចូល​​ទំនិញ​​ពី​ប្រទេស​ផ្សេង​ច្រើន​ឡើយ​នា​ពេល​នោះ។ គ្រា​នោះ សេដ្ឋកិច្ច​នៃ​បណ្ដា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ បាន​ចាប់​ផ្ដើម​ងើប​ឡើង​វិញ ខណៈ​សេដ្ឋកិច្ច​​ឡាវ​ បាន​ធ្លាក់​ចុះ។ រដ្ឋាភិបាល​ឡាវ បាន​ទទួល​រង​ផលប៉ះ​ពាល់ ​នៃ​​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច និង​អតិផរណា​យ៉ាង​ខ្លាំង​នៅ​ឆ្នាំ ១៩៩៩ និង​ឆ្នាំ ២០០០។ ​ ក្នុង​ឆ្នាំ​១៩៩៩ អតិផរណារបស់ឡាវ មាន​រហូត​ដល់​ទៅ ១៥០% ក្នុង​មួយ​១ឆ្នាំ។ យ៉ាងណា​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​នេះ ក៏មិន​ធ្វើ​ឱ្យ​ឡាវ​លំបាក​ខ្លាំង​នោះដែរ ប៉ុន្តែ​បាន​ធ្វើ​ឱ្យ​បះពាល់ខ្លាំង​​ដល់​វណ្ណៈ​កណ្ដាល។ មន្ត្រី​រាជការ គ្រូបង្រៀន និង​គិលានុបដ្ឋាយិកា បាន​មើល​ឃើញ​ថា ប្រាក់​ខែ​របស់​ពួកគេ ស្ទើរ​តែ​ទិញ​អ្វី​មិន​បាន​ទាល់​តែ​សោះ ហើយ​មនុស្ស​ជា​ច្រើន បាន​បោះបង់​ការងារ។ ក្រោយ​មក​ អតិផរណា ត្រូវ​បាន​កាត់​បន្ថយ​មក​ត្រឹម ៣៥% ហើយ​រដ្ឋាភិបាល ក៏​បាន​កាត់​បន្ថយ​ការ​នាំ​ចូល​ផលិតផល​កសិកម្ម​​ពី​ប្រទេស​ថៃ ចំណែក​ចិន​ បាន​ផ្ដល់​កម្ចី​គ្មាន​ការប្រាក់។ ​

ប្រវត្តិ​សេដ្ឋកិច្ច ២០១០ ភ្នាក់ងារសារព័ត៌មាន AFP បាន​រាយការណ៍​ថា រដ្ឋាភិបាល​ឡាវ បាន​ដាក់​គោលដៅ​នៃ​កំណើន GDPរបស់ខ្លួន ឱ្យបាន​យ៉ាងហោចណាស់ ៨% និង​គេច​ចេញ​ពី​ប្រទេស​ស្ថិត​នៅ​ក្រោម​ការអភិវឌ្ឍន៍ (Underdevelopment Country) នៅ​ឆ្នាំ ​២០២០។ យ៉ាងនេះក្ដី ម្ចាស់​ជំនួយ​ និង​អង្គការ មិនមែន​រដ្ឋាភិបាល បាន​ព្រមាន​រដ្ឋាភិបាល​ឡាវ អំពី​កំណើន​យុទ្ធសាស្ត្រ​​ ដែល​ជា​​លក្ខណៈ​វិនិយោគ​បរទេស​​ធំ​ៗ ​ក្នុង​វិស័យ​ធនធានធម្មជាតិ ដែល​អាច​មាន​ផល​ប៉ះពាល់​អវិជ្ជមាន ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម។ ឥទ្ធិពល​សេដ្ឋកិច្ច​​ចិន កំពុង​កើន​ឡើង​យ៉ាង​ឆាប់រហ័ស ​​ក្នុង​ប្រទេស​ឡាវ​។ ​ក្នុង​ឆ្នាំ​២០១១ ឡាវ បាន​បើក​ Stock Market ដោយ​សង្ឃឹម​ថា នឹង​ទាក់ទាញ​ការ​វិនិយោគ​ដំបូង (Capital) មក​កាន់​សហគ្រាស និង​ជួយ​ឱ្យ​សេដ្ឋកិច្ច​របស់​ខ្លួន ​មាន​សន្ទុះ​ឡើង​។ ក្នុង​ឆ្នាំ​២០១៣ ឡាវ​បាន​ក្លាយ​ជា​សមាជិក​ថ្មី​ របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ កាលណោះ International Monetary Fund និង​វិទ្យស្ថាន​ហិរញ្ញវត្ថុ​អន្តរជាតិ  បាន​ព្យាករណ៍​ថា GDP ប្រទេស​នេះ​នឹង​កើន ៨% ដោយ​ផ្អែក​លើ​ធនធាន ថាមពល​អគ្គិសនី  រ៉ែស្ពាន់ រ៉ែមាស ទេសចរណ៍ ជាដើម។​​

វិស័យដែល​​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​សំខាន់​របស់​ឡាវ ​វិស័យ​សំខាន់​ជាងគេ​របស់​ឡាវ គឺ​ផ្នែក​ "សេវាកម្ម" ដោយ​ក្ដាប់​បាន​ទីផ្សារ​រហូត​ដល់​ទៅ ៣៩% នៃ​ទំហំ GDP សរុប ១៧,៩ពាន់​លាន​ដុល្លារ តាម​ពី​ក្រោយ​ដោយ ​វិស័យឧស្សាហកម្ម​​ ៣៣,២% និង​វិស័យ​កសិកម្ម ២០,៩%។ ចំណែក​វិស័យ​ទេសចរណ៍ បាន​ដើរ​តួ​យ៉ាង​​សំខាន់ និង​រីកចម្រើន​​លឿន​​​ក្នុង​ប្រទេស​មួយ​នេះ និង​ជា​ប្រទេស​ទាក់ទាញ​ទេសចរណ៍​ដ៏​ពេញ​និយម​លើ​ពិភពលោក។ ឡាវ​មាន GDP (គិត​តាម​តម្លៃ-nominal) ប្រចាំ​ឆ្នាំ​២០១៧ គឺ ១៦,៨៥ ពាន់​លាន​ដុល្លារ និង​GDP ក្នុង​ម្នាក់ ១៧៣០​ដុល្លារ ខណៈ​ឆ្នាំ ​២០១៨ ​នេះ ត្រូវ​បាន​​អ្នក​ជំនាញមកពី Trading Economics ព្យាករណ៍​ថា នឹង​ទទួល​បាន​ GDP ១៧,៩ពាន់​លាន​ដុល្លារ និង ​GDP ក្នុង​ម្នាក់ ១៨៤១ ​ដុល្លារ ហើយ​​ឆ្នាំ​២០២០ មាន ២០,៥ ពាន់​លាន​ដុល្លារ និង ​GDP ក្នុង​ម្នាក់ ២០៥៩ ​ដុល្លារ៕

អត្ថបទ៖ សុម៉ាលីន
ប្រភព៖ factsanddetails, tradingeconomics, 

X
5s