ស្វែងយល់ពីសេដ្ឋកិច្ច ហ្វីលីពីន ប្រទេសខ្លាំងលេខ ៣ នៅអាស៊ីអាគ្នេយ៍
ហ្វីលីពីន ជាប្រទេសសេដ្ឋកិច្ចធំលំដាប់ទី ៣៤ លើពិភពលោក ទី១៣ នៅអាស៊ី ទី៣ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីឥណ្ឌូណេស៊ី និងថៃ ផ្អែកលើ GDPគិតតាមតម្លៃទីផ្សារ (Nominal) ដែលនេះបើយោងតាមតួលេខ នៃអង្គភាពមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
ហ្វីលីពីន ជាប្រទេសមានទីផ្សារទើបតែងើប (Emerging Market)។ ហ្វីលីពីន ជាប់ជាប្រទេសមានលំដាប់ទី ៦ នៅអាស៊ីអាគ្នេយ៍ គិតតាមតម្លៃ GDP ក្នុងម្នាក់ បន្ទាប់ពីសិង្ហបុរី ប្រ៊ុយណេ ម៉ាឡេស៊ី ថៃ និងឥណ្ឌូណេស៊ី។ ហ្វីលីពីន ត្រូវបានចាត់ទុកជាប្រទេសឧស្សាហកម្មថ្មីមួយ ដែលមានសេដ្ឋកិច្ចផ្លាស់ប្ដូរ ពីការផ្អែកលើវិស័យកសិកម្ម ទៅសេវាកម្ម និងផលិតកម្ម។ ឆ្នាំ ២០១៧ ផលិតផលក្នុងស្រុកសរុប គិតតាមយុគភាព ត្រូវបានគេវាយតម្លៃថា មានចំនួន ៩៨៦,៩៨០ ពាន់លានដុល្លារ។
ការនាំចេញ និងនាំចូល
ផលិតផលនាំចេញសំខាន់បំផុត របស់ប្រទេសនេះ មានអេឡិចត្រូនិក ឧបករណ៍ដឹកជញ្ជូន សំលៀកបំពាក់ ទង់ដែង ប្រេង ប្រេងដូង និងផ្លែឈើ។ ដៃគូពាណិជ្ជកម្មសំខាន់បំផុតមាន ជប៉ុន (១៦,២%) អាមេរិក (១៤,៦%) ហុងកុង (១៣,៧%) ចិន (១១,១%) សិង្ហបុរី (៦,១%) ថៃ (៤,២%) អាល្លឺម៉ង់ (៤,១%) កូរ៉េខាងត្បូង នូវែលហ្សេឡង់ និងតៃវ៉ាន់។ បច្ចុប្បន្ន ខ្លាសេដ្ឋកិច្ចអាស៊ាននេះ ជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចលឿននៅអាស៊ី។
ហ្វីលីពីន នាំចូលគ្រឿងអេឡិចត្រូនិក រ៉ែ ប្រេង គ្រឿងម៉ាស៊ីន គ្រឿងដឹកជញ្ជូន ដែក លោហធាតុ វាយនភណ្ឌ គ្រាប់ធញ្ញជាតិ សារធាតុគីមី និងប្លាស្ទិក។ ដៃគូរសំខាន់ៗមាន ចិន (១៨,៦%) ជប៉ុន (១១,៨%) អាមេរិក (៩%) ថៃ (៧,៣%) កូរ៉េខាងត្បូង (៦,១%) សិង្ហបុរី (៦,១%) និងឥណ្ឌូណេស៊ី (៥,១%)។
វិស័យនាំចេញ ហ្វីលីពីន ស្រូបចំណូលបាន ៦៨,៧១២ ពាន់លានដុល្លារ កាលពីឆ្នាំ២០១៧ ខណៈការនាំចូលវិញហ្វីលីពីនចាយអស់ ៩៦,០៩៣ ពាន់លានដុល្លារ។
ឆ្នាំ២០១៧ ហ្វីលីពីនមាន GDP គិតតាមតម្លៃទីផ្សារ (nominal) ៣១៣,៥៩៥ លានដុល្លារស្មើ ៦,៧% ធ្លាក់ចុះបើធៀបឆ្នាំ២០១៦ មាន ៣០៤,៩០៦ លានដុល្លារស្មើ ៦,៩%។ ដោយឡែកឆ្នាំ២០១៨ GDP ហ្វីលីពីនត្រូវប៉ាន់ប្រមាណថាមាន ៣៧១,៨ ពាន់លានដុល្លារ កើន ៦,៧% ដដែល។
ទំហំ GDP ក្នុងម្នាក់នៅឆ្នាំ២០១៧ មាន ២,១៩៧៨ ដុល្លារ តិចជាងឆ្នាំ២០១៦ មាន ២,៩៥៣ ដុល្លារ ខណៈឆ្នាំ ២០១៨ ត្រូវគេព្យាករណ៍ថា នឹងឡើង ៣,៥៤២ដុល្លារអាមេរិក។
ហ្វីលីពីន គ្រោងនឹងធ្វើឱ្យប្រទេសខ្លួនក្លាយជាប្រជាជាតិមួយ មានសេដ្ឋកិច្ចធំលំដាប់ថ្នាក់ទី ៥ នៅអាស៊ី និងទី ១៦ លើពិភពលោក ត្រឹមឆ្នាំ ២០៥០។
ការព្យាករណ៍របស់ក្រុមហ៊ុនឯកជនលើសេដ្ឋកិច្ចហ្វីលីពីន
ក្រុមហ៊ុនផ្ដល់សេវាកម្មរបស់អង់គ្លេស PricewaterhouseCoopers បានប៉ាន់ប្រមាណថា ហ្វីលីពីន នឹងឈរលេខរៀងទី ១២ ទៅ ១៤ ជាប្រទេសសេដ្ឋកិច្ចមានបំផុតនៅឆ្នាំ ២០៦០។ ចំណែកក្រុមហ៊ុនផ្ដល់សេវាកម្មហិរញ្ញវត្ថុអង់គ្លេសមួយទៀត HSBC Holdings PLC បានព្យាករណ៍ថា នៅឆ្នាំ ២០៥០ ហ្វីលីពីន នឹងយកឈ្នះសេដ្ឋកិច្ចឥណ្ឌូណេស៊ី ដោយសារកំណើន GDP ខ្ពស់ ៦,៥% បន្ទាប់ពីចិន។
ហ្វីលីពីនមានឧស្សាហកម្មសំខាន់ៗអ្វីខ្លះ?
ហ្វីលីពីន ដើរតួយ៉ាងសំខាន់ ជាអ្នកផលិតកប៉ាល់ និងគ្រឿងបន្លាស់ មានដូចជា កប៉ាល់ Subic, Cebu, General Santos City និង Batangas និងជាអ្នកផលិតធំបំផុតនៅឆ្នាំ២០១០។
ហ្វីលីពីន ជាប្រទេសផលិតរថយន្ត។ ក្រុមហ៊ុនធំៗមានដូចជា Toyota, Mitsubishi , Kia Susuki, Nissan Isuzu, Chery Automobile និង Honda។ ហ្វ្រាំង ABS របស់ Mercedes-Benz, BMW និង Volvo ក៏ផលិតក្នុងប្រទេសហ្វីលីពីនដែរ។ ឆ្នាំ២០១១ ហ្វីលីពីនលក់រថយន្តបាន ១៦៥,០៥៦ គ្រឿង និង ១៨០,០០០ គ្រឿងនៅឆ្នាំ២០១២។
ផលិតផលទីអវកាស ក្នុងប្រទេសហ្វីលីពីន គឺសម្រាប់នាំចេញ រួមទាំងផលិតគ្រឿងបន្លាស់ យន្តហោះ ផលិតដោយ Boeing និង Airbus។ ឆ្នាំ២០១១ ការនាំចេញសរុបនៃផលិតផលអវកាសក្នុងប្រទេសហ្វីលីពីនមានដល់ ៣ពាន់លានដុល្លារ។
រោងចក្រផលិតគ្រឿងអេឡិចត្រូនិក Texas Instruments ដែលប្រតិបត្តិការនៅហ្វីលីពីន ២០ឆ្នាំមកហើយនោះ ជាអ្នកផលិតបន្ទះ DSP Chip ធំបំផុតលើពិភពលោក។ Texas ផលិត Chip ប្រើក្នុង Nokia Ericsson, Hard Disk។ រោងចក្រផលិតម៉ាស៊ីនព្រីន Lexmark។
គួរបញ្ជាក់ថា វិស័យកសិកម្ម រ៉ែ និងទេសចរណ៍ ក៏ដើរតួយ៉ាងសំខាន់ផងដែរក្នុងប្រទេសនេះ៕
ដោយ៖ សុម៉ាលីន
ប្រភព៖ rappler, countryeconomy.com, wikipedia