រឿងរ៉ាងទាំង ៦ដែលមនុស្សអាត្មានិយមតែងតែធ្វើ
ជាការពិតណាស់ មនុស្សគ្រប់រូបត្បិតតែរកនៅក្នុងភពផែនដីតែមួយជាមួយគ្នាក៏ពិតមែន ប៉ុន្តែបើនិយាយអំពីប្រភេទនៃមនុស្សវិញនៅលើភពផែនដីនេះ មានប្រភេទមនុស្សផ្សេងៗគ្នាច្រើនប្រភេទ ច្រើនជំពូកណាស់។ ក៏ប៉ុន្តែមនុស្សគ្រប់រូបតែងតែមិនប្រាថ្នាចង់នៅក្បែរឬក្លាយជាមិត្តជាមួយមនុស្សដែលមានភាពអាត្មានិយមឡើយ ព្រោះថា មនុស្សដែលអាត្មានិយម ជាប្រភេទនៃមនុស្សដែលគិតតែពីខ្លួនឯង គិតតែពីសេចក្តីសុខផ្ទាល់ខ្លួនមិនខ្វល់ពីអ្នកដទៃទាំងអស់ ពោលគឺជាមនុស្សដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ដើម្បីឲ្យអ្នកទាំងអស់គ្នាស្គាល់ពួកគេឲ្យបានច្បាស់ និងជៀសឪ្យឆ្ងាយពីប្រភេទមនុស្សទាំងនេះ ហេតុនេះទើបអត្ថបទខាងក្រោមនេះ និយាយអំពីរឿងរ៉ាវទាំង ៦ដែលមនុស្សអាត្មានិយមតែងតែធ្វើ ៖
១) ពួកគេតែងតែមិនបង្ហាញពីអត្តចរិតពិតរបស់គេ៖ ពិតណាស់មនុស្សដែលអាត្មានិយម ជាមនុស្សដែលមានភាពបន្លំភ្នែកអ្នកនៅអត្តចរិតពិតរបស់គេ។ ជាពិសេសអ្នកប្រាកដជាពិបាកស្មានណាស់នៅពេលដែលអ្នកជួបពួកគេដំបូង ព្រោះគេមិនបង្ហាញអំពីអត្តចរិតពិតរបស់គេឡើយ គេបែរជាធ្វើខ្លួនដូចជាមនុស្សចិត្តល្អទៅវិញ។ ប៉ុន្តែប្រសិនបើគេបង្ហាញ អត្តចរិតពិតរបស់គេនៅថ្ងៃណាមួយ ថ្ងៃនោះហើយ ជាថ្ងៃ ដែលអ្នកអស់តម្លៃចំពោះគេហើយ។
២) ពួកគេមិនអនុញ្ញាតឲ្យនរណាម្នាក់និយាយថាគេជាអ្នកខុសឡើយ៖ មនុស្សអាត្មានិយមតែងតែនិយាយពីសឲ្យប្រែទៅជាខ្មៅ គេតែងតែមិនទទួលស្គាល់កំហុសខ្លួនឯងនោះទេ។ ហេតុនេះហើយ ប្រសិនបើអ្នកជួបមនុស្សប្រភេទនេះអ្នកនឹងខាតបង់ពេលវេលា ប្រសិនបើអ្នកព្យាយាមនិយាយរកការពិតជាមួយគេ ព្រោះថាគេមិនទទួលស្គាល់ការពិត គេគិតថាខ្លួនគេត្រូវជានិច្ច។
៣) ពួកគេមិនដែលឃើញអ្នកដទៃស្មើនឹងគេឡើយ៖ មនុស្សដែលអាត្មានិយមរមែងតែងតែគិតថា នៅលើភពផែនដីនេះគ្មានអ្នកណាម្នាក់ល្អជាងគេឡើយ ប្រសិនបើគេឃើញថានរណាម្នាក់ជាមនុស្សដែលមានចំណុចល្អជាងគេ គេនឹងព្យាយាមចូលឲ្យជិតអ្នកនោះនិងបំផ្លាញអ្នកនោះ បន្ទាប់មកគេចាត់ទុកខ្លួនគេជាមនុស្សដែលអស្ចារ្យជាងអ្នកណាៗអស់។
៤) ពួកគេមិនដែលធ្វើអ្វីដែលមិនបានផ្តល់ផលប្រយោជន៍ដល់គេឡើយ៖ មនុស្សប្រភេទនេះមិនដែលធ្វើរឿងអ្វីដែលចេញពីសន្តានចិត្តរបស់គេឡើយ គេនឹងធ្វើជាល្អជាមួយអ្នកនៅពេលដែលគេសម្លឹងឃើញផលប្រយោជន៍ដែលអាចផ្តល់ឲ្យគេបាន គេមិនដែលធ្វើអ្វីជាមួយអ្នកដទៃដោយមិនមានការចំណេញដល់គេឡើយ។
៥) ពួកគេមិនមានចិត្តអាណិតអាសូរដល់អ្នកដទៃ៖ ពួកគេតែងតែមានអារម្មណ៍ថា រីករាយនៅពេលពួកគេទទួលដំណឹងថាមនុស្សជុំវិញខ្លួនគេពួកបាត់បង់ការងារ ឬជួបទុកលំបាកផ្សេងៗ។
៦) ពួកគេមិនចូលចិត្តស្តាប់អ្នកដទៃ៖ ពួកគេមិនចូលចិត្តស្តាប់ហេតុផលរបស់អ្នកទេ ពួកគេព្យាយាមបញ្ឈប់ការនិយាយរបស់អ្នក បន្ទាប់មកគេនិយាយអ្វីដែលគេចង់និយាយដោយមិនខ្វល់ថាអ្វីជាភាពត្រឹមត្រូវនោះទេ៕
ដោយ៖ អ៊ុន ស្រីនាង