លោក​ស៊ឹម ច័ន្ទគិរីរ័ត្ន​ ស្ថាបនិក​ក្រុម​ហ៊ុន​Banhji៖ មាន​ក្ដី​សុបិន​ចង់​ក្លាយ​ជា​ជាង​គំនូរ​ ចុង​ក្រោយ​ក្លាយ​ជា​ស្ថាបនិក​ក្រុមហ៊ុន​Banhji​



លោក ស៊ឹម ច័ន្ទគិរីរ័ត្ន ស្ថាននិក​របស់​ក្រុមហ៊ុន​បញ្ជី Banhji ​ជា​ក្រុមហ៊ុន​ខ្មែរ​ដែល​ផ្ដល់​នូវ​បច្ចេកវិទ្យា​គ្រប់​គ្រង​ហិរញ្ញវត្ថុ​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម បាន​ធ្វើ​ការ​ចែក​រម្លែក​ពី​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​និង​ប្រវត្តិ​នៃ​ដំណើរ​ជីវិត​និង​ការងារ​របស់​លោក​ នៅ​ក្នុង​កម្ម​វិថី​សុបិន​រដូវ​កាល​ទី​៣​ ដែល​បាន​រៀប​ចំ​ឡើង​នៅ​ឯ​មជ្ឈមណ្ឌល​សហប្រត្តិបត្តិការ​កម្ពុជា-កូរ៉េ(CKCC) កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។ លោក​ច័ន្ទ​គិរី​រ័ត្ន​ បាន​រៀប​រាប់​ថា លោក​បាន​បញ្ចប់​មធ្យម​សិក្សា​ទុតិយភូមិ ​(បាក់​ឌុប)នៅ​ក្នុង​ឆ្នាំ​១៩៩៨ ហើយ​ការ​ងារ​នៅ​ក្នុង​ក្ដី​ស្រមៃ​បន្ទាប់​ពី​លោក​បាន​ប្រឡង​ចប់​ នោះ​គឺ​លោក​ចង់​ក្លាយ​ខ្លួន​ជាជាង​គំនូរ​។​ ក្រោយ​មក​លោក​ក៏​បាន​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​បាត់​ដំបង​ហើយ​បាន​ដាក់​ពាក្យ​ចូល​ប្រឡង​នៅ​សាកលវិទ្យាល័យ​ស្ថាបត្យកម្ម​នគរូបនីយកម្ម​ និង​សំណង់​ ដោយ​នៅ​ពេល​នោះ​ដែរ​ខាង​សាកលវិទ្យាល័យ​គេ​ជ្រើស​រើស​តែ​និស្សិត​ចំនួន ​៣០​នាក់​តែ​ប៉ុណ្ណោះ​ នៅ​ក្នុង​ចំណោម​បេក្ខជន​ប្រឡង​៣ពាន់​នាក់​ ប៉ុន្តែ​ជា​សំណាង​អាក្រក់​លោក​មិន​បាន​ប្រឡង​ជាប់​ឡើយ។ ស្ថាបនិក​រូប​នេះ​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​រូប​លោក​មិន​បាន​ជាប់​ការ​ប្រឡង​លោក​ក៏​បាន​វិល​ត្រឡប់​ទៅ​កាន់​ខេត្ត​បាត់​ដំបង​វិញ​ដោយ​ចាប់​ផ្ដើម​រៀន​ភាសា​អង់គ្លេស​ ក្រោយ​មក​ក៏​បាន​ប្រឡង​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ​ នៅ​ពេល​ដែល​លោក​បាន​ទៅ​ដល់​ប្រទេស​ថៃ​លោក​ក៏​នៅ​តែ​មាន​ចិត្ត​ស្រលាញ់​ជំនាញ​ផ្នែក​សិល្បៈ​នេះ​ដដែល​ ប៉ុន្តែ​ដោយ​សារ​តែ​អាហារូបករណ៍​នៅ​ក្នុង​សាកលវិទ្យាល័យ​នោះ​មាន​តែ​ជំនាញ​ផ្នែក​គណនេយ្យ​ប៉ុណ្ណោះ ដោយ​លោក​ធ្លាប់​មាន​ចំណេះ​ដឹង​ផ្នែក​គណិតវិទ្យា​ល្អ​ប្រសើរ​និង​ធ្លាប់​ជា​សិស្ស​ពូកែ​ផង​នោះ​ លោក​ក៏​សម្រេច​ចិត្ត​ជ្រើស​រើស​ជំនាញ​គណនេយ្យ​​​សិក្សា​នៅ​ប្រទេស​ថៃ​តែ​ម្ដង។   បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ពី​ប្រទេស​ថៃ​លោក​ក៏​ចូល​បង្រៀន​នៅ​ថ្នាក់​មហាវិទ្យាល័យ​បាន​ត្រឹម​រយៈ​ពេល​មួយ​ឆ្នាំ ដោយ​លោក​យល់​ថា​ការ​ងារ​នេះ​មិន​មាន​ភាព​រីក​ចម្រើន​សម្រាប់​លោក​ លោក​ក៏​បាន​ឈប់​ហើយ​បន្ត​ដាក់​ពាក្យ​ស្វែង​រក​ការ​ងារ​ថ្មី​នៅ​ភ្នំពេញ បន្ទាប់​មក​លោក​បាន​ជាប់​ធ្វើ​ការ​នៅ​ក្នុង​អង្គការ​ BDMK​ ក្នុង​ឆ្នាំ​២០០៧។ នៅ​ក្នុង​ឆ្នាំ​២០០៩​ លោក​បាន​បន្ត​ការ​សិក្សា​នៅ​សាលា​ACCA​ ក្រោយ​មក​លោក​បាន​ផ្លាស់​ប្តូរ​ពី​ការ​ងារ​នៅ​ក្នុង​អង្គការ​ ហើយ​បាន​ចូល​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​មួយ​ក្នុង​តួនាទី​ជា​អ្នក​គ្រប់​គ្រង​ហិរញ្ញវត្ថុ​ (Finance Management)ហើយ​ត្រឹម​រយៈ​ពេល ​៣​ថ្ងៃ​ប៉ុណ្ណោះ​រូប​លោក​បាន​ឡើង​តំណែង​ជា​CEO​ បន្ទាប់​ពី​ធ្វើ​ការ​បាន​រយៈពេល​មួយ​ឆ្នាំ​ក្រុមហ៊ុន​នោះ​ក៏​បាន​បិទ​ទ្វា​ទៅ​វិញ។   ក្រោយ​ពេល​ក្រុមហ៊ុនបិទ​ទ្វា លោក​រួម​ជា​មួយ​និង​មិត្តភក្កិ​ដែល​ជា​ក្រុម​ការងារ​បាន​សម្រេច​ចិត្ត​បើក​ជា​​ក្រុម​អ្នក​ផ្ដល់​សេវាកម្ម​ប្រឹក្សាយោបល់ ក្នុង​ឆ្នាំ​២០១២ ​ដែល​មាន​ឈ្មោះ​ថា ​PCG and Partner ក្រោយ​មក​ទៀត​ក្រុមហ៊ុន​របស់​លោក​ក៏​ចេះ​តែ​មាន​ការ​រីកចម្រើន​រហូត​ក្រោយ​មក​ក៏​ចាប់​ផ្ដើម​លេច​ឡើង​​នូវ​​ក្រុមហ៊ុន ​Banhji ​តែ​ម្ដង​ទោត។ បើ​គិត​មក​ដល់​ពេល​បច្ចុប្បន្ ន​ក្រុមហ៊ុន​នេះ​មាន​បុគ្គលិក​បម្រើ​ការងារ​ចំនួន​ជាង​ ១០០នាក់​ ដោយ​នៅ​ក្នុង​ឆ្នាំ​២០១៦ ​ក្រុម​លោក​ត្រូវ​បាន​គេ​ជ្រើស​រើស​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​មួយ​ក្នុង​ចំណោម​១០​នៅ​ក្នុង​តំបន់​ ហើយ​ក្នុង​ឆ្នាំ​នេះ​ដែរ​ក្រុមហ៊ុន​នេះ​ក៏​ត្រូវ​បាន​ជ្រើស​រើស​ជា​ក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោម​កក្រុមហ៊ុន​ ៣៧​ដោយ​Alibaba​ផង​ដែរ។ រង់​ចាំ​តាម​ដាន​ជីវប្រវត្តិ​លម្អិត​របស់​លោក​ដែល​នឹង​ចុះ​ផ្សាយ​នា​ពេល​ក្រោយ៕   អត្ថបទ៖ ជួប ស្រីរ័ត្ន
X
5s