ការវិភាគទៅលើក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) មុនសម្រេចទិញភាគហ៊ុន
បន្ទាប់ពីវគ្គបណ្តុះបណ្តាលកន្លងទៅ ទីផ្សារមូលបត្រកម្ពុជាបង្កើតនូវវគ្គបណ្តុះបណ្តាលមួយ ដែលផ្តោតទៅលើការវិនិយោគដោយមានភាពវៃឆ្លាត និងចេះវិភាគទៅលើកត្តាដែលពាក់ព័ន្ធផ្សេងៗ ជាមួយក្រុមហ៊ុនដែលបានចុះបញ្ជីជាមួយ ទីផ្សារមូលបត្រកម្ពុជា។
លោក ទ្រី តៃហ៊ី ដែលជាអ្នកបណ្តុះបណ្តាលក្នុងវគ្គនេះ បានផ្តល់ជាយុទ្ធសាស្រ្ត និងជំរុញឲ្យអ្នកចូលរួមទាំងអស់អោយបើកគណនីមួយផ្ទាល់ខ្លួន ហើយចាប់ផ្តើមរៀនវិនិយោគលើភាគហ៊ុនដែលយើងពេញចិត្ត ពីសាច់ប្រាក់ចំនួនតិចសិន ហើយត្រូវរៀនវិភាគមុននឹងសម្រេចចិត្តវិនិយោគ លើកត្តាសំខាន់ 2 យ៉ាង៖
១) ការវិភាគដោយផ្អែកលើកត្តាមូលដ្ឋាន៖ ការទិញភាគហ៊ុន ប្រៀបបានទៅនឹងការទិញចំណែកមួយនៃក្រុមហ៊ុន។ ដូចនេះ វិនិយោគិនត្រូវទិញភាគហ៊ុនរបស់ក្រុមហ៊ុនណា ដែលមានសក្តានុពលរីកចម្រើនខ្ពស់ និងមានលទ្ធភាពស្វែងរកចំណូលបានច្រើន។ វិនិយោគិនគួរចេះស្វែងយល់ពីស្ថានភាពសេដ្ឋកិច្ច ព្រមទាំងស្ថានភាពអាជីវកម្ម និងស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ ក្រុមហ៊ុន ដែលមានសក្តានុពលរីកចម្រើនខ្ពស់ និងធ្វើឱ្យភាគហ៊ុនិកទទួលបានផលចំណេណច្រើន។ ទន្ទឹមនឹងនេះដែរ វិនិយោគិនគប្បីស្វែងយល់ថា ថ្លៃភាគហ៊ុបច្ចុប្បន្នមានសភាពខ្ពស់ ឬទាប ដោយប្រៀបធៀបទៅនឹងប្រាក់ចំណេញ នឹងការបែងចែកភាគលាភរបស់ក្រុមហ៊ុន។
២) ការវិភាគដោយផ្អែកលើកត្តាបច្ចេកទេស (ដោយមើលក្រាប)៖ ក្រាបភាគហ៊ុនបានបង្ហាញព័ត៌មានយ៉ាងច្រើនដល់វិនិយោគិន អំពីបម្រែបម្រួលថ្លៃ និងនិន្នាការថ្លៃ(ទំនោរថ្លៃ)។ ការវិភាគតាមកត្តាមូលដ្ឋានអាចប្រាប៉ពីភាគហ៊ុនណាជាភាគហ៊ុនល្អ ធូរថ្លៃ ហើយការការវិភាគដោយផ្អែកលើកត្តាបច្ចេកទេសប្រាប់ពីពេល ដែលត្រូវទិញ ឬលក់។
ដើម្បីក្លាយជាវិនិយោគិនជោគជ័យមួយរូប វិនិយោគិនគប្បីរៀនសូត្រពីគោលការណ៍នៃការវិនិយោគ និង របៀបក្នុងការវិភាគឱ្យបានច្រើន ព្រមទាំងមានទំលាប់ក្នុងការសិក្សា ស្វែងយល់ពីបច្ចុប្បន្នភាពរបស់ទីផ្សារ។
សូមបញ្ជាក់ផងដែរថា មុនធ្វើការវិនិយោគលើទីផ្សារមូលបត្របាន យើងត្រូវមានគណនីជួញដូរមួយ។ ដើម្បីបើកគណនីនេះបាន យើងត្រូវទៅរក Broker ដើម្បីសុំជាលេខអត្តសញ្ញាណវិនិយោគិន (Investor ID) ពីគណៈកម្មការមូលបត្រកម្ពុជា (SECC) និងបើកគណនីជួញដូរឱ្យយើង។ បន្ទាប់ពីបានគណនីជួញដូរនេះហើយ យើងត្រូវទៅធនាគារ ដែលជាដែគូររបស់ Brokerយើង ដើម្បីធ្វើការដាក់សាច់ប្រាក់ ដើម្បីវិនិយោគបាន។
ដើម្បីស្វែងយល់ពីទីផ្សារភាគហ៊ុនឱ្យកាន់តែច្បាស់ សាធារណជនអាចចូលរួមវគ្គបណ្តុះបណ្តាលប្រចាំខែ ដែលធ្វើឡើងនៅអគារផ្សារមូលបត្រកម្ពុជា ដោយឥតគិតថ្លៃ។ វគ្គបណ្តុះបណ្តាលនីមួយៗរួមបញ្ចូលគោលការណ៍គ្រឹះក្នុងការវិនិយោគលើភាគហ៊ុន ដែលអនុញ្ញាតឱ្យអ្នក ដែលមិនទាន់មានចំណេះដឹងសោះ ក៏អាចចូលរួមបាន។ សូមស្វែងរកកាលវិភាគ និងប្រធានបទក្នុងរូបភាពខាងក្រុម៕
ដោយ៖ គីម ចាន់លាភ
ប្រភព៖ Cambodia Securities Exchange - CSX