អ្វីទៅជាសង្គ្រាមពាណិជ្ជកម្ម (Trade War)?​



ប្រសិនជាអ្នកបានតាមដានព័ត៌មានជាប្រចាំ អ្នកប្រាកដជា​ឮ​ និង​អាន​អត្ថបទ​សារព័ត៌មាន​ជា​ច្រើន​ចុះផ្សាយអំពីសង្គ្រាមពាណិជ្ជកម្ម (Trade War)។ ប៉ុន្តែសម្រាប់អ្នកដែលមិនធ្លាប់ឮ រឺអានពត៌មានដែលទាក់ទងទាំងនេះ អ្នកប្រហែលជាឆ្ងល់ថា សង្គ្រាមពាណិជ្ជកម្ម (Trade War) ជា​អ្វី?

 

សង្គ្រាមពាណិជ្ជកម្ម (Trade War)​​ គឺជាភាពមិនចុះសម្រុង​គ្នា តាមរយៈ​ការតម្លើងពន្ធ​គយ​ដាក់គ្នាទៅវិញទៅមក (tariff) ឬ​ម្យ៉ាង​ទៀត​ គឺ​​ការ​កំណត់​បរិមាណ​​ទំនិញនាំ​ចូល​ (quota restriction) ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។ ​ គោលបំណងនៅក្នុងការបង្កើតសង្គ្រាមពាណិជ្ជកម្ម (Trade War)​​ អាចមានច្រើនហេតុផលផ្សេងៗគ្នា ដោយក្នុងនោះភាគច្រើនវាកើតឡើងដោយសារតែប្រទេសមួយមានគោលបំណងកាត់បន្ថយការនាំចូល​ទំនិញ​​ពី​​ប្រទេស​ណា​មួយ​​ក្រោម​ហេតុផល​​នយោបាយ​ ឬ​ហេតុផល​​​​នៃផល​​ចំណេញ​ខាង​ផ្នែក​សេដ្ឋកិច្ច​ ហើយ​ប្រទេស​មួយ​ទៀត​បាន​តប​ត​ ​វិញ​ដោយ​មធ្យោបាយនេះ​ដែរ។ក្នុង​ទិដ្ឋភាព​សេដ្ឋកិច្ច​ គេ​អាច​ហៅ​​ភាសា​នេះ​ថា​ ជា​គោលនយោបាយការពារ​ខ្លួន​និយម (extreme protectionism)។ ខុសពីសង្គ្រាមផ្សេងៗ ដែលចុងក្រោយមានអ្នកចាញ់និងអ្នកឈ្នះ។

នៅក្នុងសង្គ្រាមពាណិជ្ជកម្ម (Trade War)​​ អ្នកសេដ្ឋវិទូជាច្រើនជឿថានឹងពុំមាននរណាម្នាក់ឈ្នះនោះទេ ពោលគឺភាគីទាំងសងខាងសុទ្ធតែជាអ្នកចាញ់ទាំងអស់។ ជាទូទៅ ការតម្លើងពន្ធ ឬការការពារនិយម ត្រូវបានបង្កើតឡើងដើម្បីការពារវិស័យអ្វីមួយនៅក្នុងស្រុក ដើម្បីតទល់នឹងការនាំចូលរបស់បរទេសទាក់ទិននឹងវិស័យនោះ។ ឧទាហរណ៍ ប្រទេស “ក” ធ្វើការតម្លើងពន្ធទៅលើការនាំចូលផ្លែស្វាយពី “ខ” ដើម្បីការពារដល់ផលិតផលផ្លែស្វាយក្នុងស្រុករបស់ខ្លួន ជួយ​ឱ្យ​ស្វាយរបស់ខ្លួនចរាចរណ៍បានល្អនៅក្នុងទីផ្សារ។ យុទ្ធសាស្ត្រការពារនិយមបែបនេះអាចជួយ​ឱ្យ​វិស័យក្នុងស្រុករីកចម្រើនបានល្អ ជាពិសេសនៅក្នុងវ័យដែលវិស័យនោះទើបតែចាប់កំណើតដំបូង។ ផ្ទុយទៅវិញ ប្រសិនជាការការពារនិយម រឺការតម្លើងពន្ធនេះត្រូវបានគេដំណើរការនៅក្នុងកម្រិតខ្ពស់ណាមួយប្រឆាំងនឹងប្រទេសមួយទៀត ជាលទ្ធផលវានឹងធ្វើ​ឱ្យ​កើតទៅជាការប្រណាំងប្រជែង​កម្រិត​ពន្ធ​គយ​ ដាក់​គ្នាទៅវិញទៅមកមិនចេះចប់មិនចេះហើយ។

សង្គ្រាម​ក្ដៅ​គគុក​រវាង​ចិន និង​​សហរដ្ឋ​អាមេរិក ក្នុងពេលបច្ចុប្បន្ននេះ សង្គ្រាមពាណិជ្ជកម្ម (Trade War)​​ដែលកំពុងតែកើតឡើង និងបង្កើតជាការព្រួយបារម្ភមួយដល់សេដ្ឋកិច្ចពិភពលោកដែរនោះ គឺសង្គ្រាមពាណិជ្ជកម្ម (Trade War)​​រវាងសហរដ្ឋអាមេរិច និងប្រទេសចិន។ សង្គ្រាមពាណិជ្ជកម្ម (Trade War)​​ រវាងចិន និងអាមេរិច​ បាន​ចាប់​ផ្ដើម​លេច​ឡើង​ដំបូង​តាំង​ពី​យុទ្ធនាការបោះឆ្នោតជ្រើសរើស ប្រធានាបតី​សហរដ្ឋអាមេរិចកាលពីឆ្នាំ២០១៧  ដែលកាលណោះលោកដូណាល់ ត្រាំបាន​អះអាង​ថា​ ខ្លួននឹងមិនអនុញ្ញាត​ឱ្យ​ប្រទេសចិនកេងប្រវ័ញ្ចយកផលប្រយោជន៍​ខាង​ផ្នែក​សេដ្ឋកិច្ច​ពីអាមេរិច​​ ទៀតនោះ ទេ ហើយថែមទាំងចោទទៀតថា ប្រទេសចិនគឺជាចោរប្រចាំប្រវត្តិសាស្ត្រពិភពលោក។

ការលើកឡើងនេះ​ បានធ្វើឡើងដោយសារ​តែ​ជញ្ជីង ​​ពាណិជ្ជកម្មរបស់ចិន និងអាមេរិច មានភាពមិនស្មើគ្នា យ៉ាងខ្លាំងគួរ​ឱ្យ​កត់សម្គាល់ ពោលគឺផលិតផលនាំចូលពីអាមេរិក​មកចិនមានចំនួនបានតិចតួច បំផុត បើប្រៀបធៀបនឹងផលិតផលនាំចូលពីចិនទៅកាន់អាមេរិចវិញ។ ចូលដល់​ខែមករា​ ឆ្នាំ២០១៨ សហរដ្ឋអាមេរិចចាប់ផ្តើមធ្វើការតម្លើងពន្ធទៅលើផលិតផលនាំចេញពីប្រទេសចិន គឺ​ទំនិញ​ផ្ទាំង​កញ្ចក់​​សូឡា ​ក្រោយ​មក​ទៀត​ម៉ាស៊ីន​បោក​ខោអា​វ​ ហើយ​នៅ​ខែ​កក្កដា​ ​ឆ្នាំ​២០១៨​ ដដែល​ លោកត្រាំ ក៏​បាន​អនុវត្តន៍​គោលការណ៍​ពន្ធគយ​អត្រា ២៥%​ លើ​មុខ​ទំនិញ​នាំ​ចូល​ដែល​មាន​ទំហំ​ទឹក​ប្រាក់​សរុប ៣៤​ពាន់​លាន​ដុល្លារ

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​បាន​តបត​ទៅ​វិញ​ផង​ដែរ​នា​ពេល​នោះ។  ក្រោយ​មក​​ទៀត​នៅ​ខែសីហា ឆ្នាំ​ដដែល រដ្ឋបាល​​ត្រាំ  ក៏​បាន​ដាក់ពន្ធ​​គយ​បន្ថែម​លើ​មុខ​ទំនិញ​នាំ​ចូលពី​ចិន​ទំហំ​ប្រាក់ ១៦​ពាន់​លាន​ដុល្លារ ហើយ​ចិន​ក៏​បាន​តបត​វិញ​ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រហាក់ប្រហែលគ្នា​ដែរ។ កាល​ពី​ចុង​ខែកញ្ញា កន្លង​ទៅ សហរដ្ឋ​អាមេរិច​ បាន​ប្រកាស​ផែន​ការ​តម្លើង​ពន្ធ​គយ​បន្ថែម​លើ​មុខ​ទំនិញ​​នាំ​ចូល​សរុប ២០០​ពាន់​លាន​ដុល្លារ ខណៈ​ចិន​ប្រកាស​តប​ត​វិញ​លើ​មុខ​ទំនិញ​ទឹក​ប្រាក់សរុប ៦០​ពាន់​លាន​ដុល្លារ។ ​ ការ​តម្លើង​ពន្ធ​គយ​ចុង​ក្រោយ​នេះ​ ​ក្រោម​ហេតុផល​នៃ​អតុល្យភាព​ ជញ្ជីង​ពាណិជ្ជកម្ម និង​គោលនយោបាយ គាំពារ​លើ​កម្មសិទ្ធិ​បញ្ញា (Intellectual Properties) ដែល​អាមេរិក​អះអាង​​ថា​ ជញ្ជីង​ពាណិជ្ជកម្ម​មិន​ស្មើ​​គ្នា​ ក៏​បណ្ដាល​មក​ពី​ហេតុផល​នៃ​ ចោ​រ​កម្មសិទ្ធិ​បញ្ញា (Theft of Intellectual Property) ដែល​បញ្ហា​នេះ​ អាមេរិច​អះអាង ​ខ្លួន​ខាត​បង់​ទឹក​ប្រាក់​ចន្លោះពី ២២៥ពាន់​លាន​ដុល្លារ​ ទៅ ៦០០​ពាន់​លាន​ដុល្លារ​ក្នុង​មួួយ​ឆ្នាំៗ​ទាំង​ទៅ​លើ​ចិន និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន។

​មកទល់ពេលនេះ សង្គ្រាមពាណិជ្ចកម្មនេះមិនមានសភាពធូរស្បើយនោះទេ ពោលគឺភាគីទាំងសងខាងសុទ្ធតែមិនដកថយមួយជំហានណានោះឡើយ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនថែមទាំងបាន បន្ថែមទៀតថា សង្គ្រាមពាណិជ្ជកម្មនេះនឹងអាចក្លាយជាសង្គ្រាមពាណិជ្ជកម្ម ដែលធំបំផុតនៅក្នុងប្រវត្តិសាស្ត្រសម័យនេះ៕

អត្ថបទ៖ វត្តី សុត្ថា

X
5s